ប្រជាពលរដ្ឋ​២៥​នាក់​ ស្នើសុំ​ក្រសួងយុត្តិធម៌​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ដ្យា​អិន​អូ​សិន បោក​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក​

ប្រជាពលរដ្ឋ​២៥​នាក់​ ស្នើសុំ​ក្រសួងយុត្តិធម៌​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ដ្យា​អិន​អូ​សិន បោក​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក​



កំពង់ឆ្នាំង ​៖ ប្រជាពលរដ្ឋ​ចំនួន​២៥​នាក់​មកពី​ស្រុក​ទឹកផុស ​និង​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ស្នើសុំ​អំពាវនាវ​ឲ្យ​រដ្ឋា​ភិ​បា​ល​មេត្តា និង​ក្រសួងយុត្តិធម៌​ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ ដែល​ជា​ក្រុម​គ្រួសារ​រង​គ្រោះ​ ដោយសារ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បម្រើការ​នៅ​ក្រៅ​ប្រទេស បោកប្រាស់​ពួកគាត់​មិនបាន​ផ្តល់​ប្រាក់ខែ​តាម​កិច្ចសន្យា។ សំណូមពរ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មី​នា ឆ្នាំ​២០១៦ នៅ​ការិយាល័យ​សមាគមន៍​ពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង បន្ទាប់ពី​ប​ណ្ដឹង​របស់​ពួកគាត់​បាន​ដាក់​ទៅ​តុលាការ​កំពូល ប៉ុន្តែ​ពុំ​ទាន់​ឃើញ​មាន​ចំណាត់ការ​ទៅលើ​ក្រុមហ៊ុន​នេះ​នៅឡើយ។
​ ​
ប្រជាពលករ​ ឈ្មោះ សេន គឹម​រិ​ន នៅ​ឃុំ​ប្រ​ស្និ​ប ស្រុក​រលាប្អៀរ បាន​ឲ្យ​ដឹង​ថា​ ពួកគាត់​នាំគ្នា​មក​ស​មាគមន៍​ការពារ​សិទ្ធិមនុស្ស​នា​ពេល​នេះ គឺ​ដើម្បី​សើរើ​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ប្រជាពលករ ដែល​បាន​ប្ដឹង​ក្រុមហ៊ុន ដ្យា​អិន​អូ​សិន​អិន​ធើ​ណេ​សិ​នណល​ខូ​អិ​ល​ធី​ឌី ទាមទារ​ប្រាក់ខែ​ ដែល​ពួកគាត់​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក រយៈ​ពេល​ជាង​៣​ឆ្នាំ ដែល​ក្រុមហ៊ុន​បោកប្រាស់​មិន​បើកប្រាក់​ខែ​ឲ្យ​។

ប្រជាពលករ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ពេល​ធ្វើការ​ពួកគេ ​ត្រូវ​បាន​មេការ​នៅ​ទីនោះ​វាយ​ធ្វើបាប បង្ខំឲ្យ​ធ្វើ​ការ​លើស​ម៉ោង ហូប​មិន​គ្រប់ ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​នៅតែ​កណ្ដាល​សមុទ្រ​តែប៉ុណ្ណោះ ទោះ​ជា​ចង់​រត់​ទៅ​ណា​ក៏​ទៅ​មិន​រួច។​
​ ​
ចំណែកឯ​ពលករ​ម្នាក់ទៀត ឈ្មោះ សៀង ចិន្តា បាន​និយាយ​ថា​ រូបគេ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក គឺជា​អ្នកនេសាទ​នៅ​តាម​ទូក​ធំៗ​ក្នុង​សមុទ្រ ដោយ​ក្រុមហ៊ុន​នេះ​បាន​សន្យា​ថា​ នឹង​ផ្តល់​ប្រាក់ខែ​ពី​១៥​០​ដុល្លារ ដោយ​បើក​ផ្ទាល់​ឲ្យ​ទៅ​ពលករ​ចំនួន​២០​ដុល្លារ និង​បើក​ឲ្យ​​ក្រុម​គ្រួសារ​១៣០​ដុល្លារ ប៉ុន្តែ​ទាំ​ង​នេះ​គ្រាន់តែ​ជា​ការ​បោកប្រាស់​តែប៉ុណ្ណោះ រយៈពេល​៣​ឆ្នាំ​ដែល​ធ្វើការ​ជា​អ្នកនេសាទ​នោះ​គឺ​ពុំបាន​អី​មួយ​រៀល​នោះ​ទេ ថែមទាំង​វាយ​ធ្វើបាប​ថែមទៀត។ ដោយសារតែ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​នេះ​ហើយ ទើប​ពួកគេ​ជា​ពលករ​ជាច្រើន​នាក់​បាន​នាំ​គ្នា​លួច​រត់​មក​ស្រុក​វិញ​។

នៅពេល​មក​ស្រុក​ខ្មែរ​ខ្លួន​ជា​ប្រជាពលករ​រងគ្រោះ នៅក្នុង​ខេត្តកំពង់ឆ្នាំង បាន​មក​ដាក់ពាក្យ​ប្ដឹង​តាម​រយៈ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​អាដហុក​ខេត្តកំពង់ឆ្នាំង តាំងពី​ឆ្នាំ​ចុងឆ្នាំ​២០១១ និង​ដើមឆ្នាំ​២០១​២​មក ដើម្បី​សុំ​ឲ្យ​តុលា​ការ​ជួយ​អន្តរាគមន៍ ឲ្យ​ក្រុមហ៊ុន​ដ្យា​អិន​អូ​សិន​អិន​ធើ​ណេ​សិ​នណល ខូ​អិ​ល​ធី​ឌី សង​ប្រាក់ខែ​ ដែល​ពួកគេ​ខិតខំ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​នោះ ប៉ុន្តែ​តាំងពី​ពេលនោះ រហូត​មក​ដ​ល់​ថ្ងៃនេះ គឺ​ពុំ​ទាន់​ឃើញ​ចំណាត់ការ​ណាមួយ​ជួយ​ដល់​ពួកគាត់ ​ដែល​ជា​ក្រុម​គ្រួសារ​ពលករ​រងគ្រោះ​នោះ​ទេ។​

​លោក សំ ចាន់​គា ប្រធាន​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ករណីនេះ អាដហុក​ និង​មេធាវី​របស់​អាដហុក​នឹង​ធ្វើ​លិខិត​ជំរុញ​ទៅ​តុលាការ​សាលាឧទ្ធរណ៍ ជួយ​អន្តរាគមន៍​ទៅ​ចៅក្រម​ ដែល​កាន់​សំណុំរឿង​ដើម្បី​ពន្លឿន​នីតិវិធី ហើយនឹង​ស្នើសុំ​ទៅ​តុលាការ​បើកផ្លូវ​អនុវត្ត​ដោយ​បង្ខំ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ​ និង​យក​លុយ​ធានា​របស់​ក្រុមហ៊ុន​នេះ យក​មក​លក់​បែងចែក​ដល់​ប្រជា​ពលករ​ដែល​រងគ្រោះ ព្រោះ​នៅ​ពេល​នេះ​ប្រជា​ពលករ​ទាំងនេះ​គាត់​កំពុងតែ​ជួប​ការ​លំបាក ហើយ​ខ្លះ​កំពុងតែ​ឈឺ មាន​ជីវភាព​ក្រីក្រ​ទៀត​ផង​៕

ប្រជាពលរដ្ឋ​២៥​នាក់​ ស្នើសុំ​ក្រសួងយុត្តិធម៌​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ដ្យា​អិន​អូ​សិន បោក​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក​

ប្រជាពលរដ្ឋ​២៥​នាក់​ ស្នើសុំ​ក្រសួងយុត្តិធម៌​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​ដ្យា​អិន​អូ​សិន បោក​ពលករ​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​អាហ្វ្រិក​