អាជីវករ​ និង​ប្រធាន​ផ្សារ​ច្បារអំពៅ​គ្រោង​រៀបចំ​ផ្សារ​ឲ្យ​ទំនើប​ទាន់សម័យ

អាជីវករ​ និង​ប្រធាន​ផ្សារ​ច្បារអំពៅ​គ្រោង​រៀបចំ​ផ្សារ​ឲ្យ​ទំនើប​ទាន់សម័យ



ភ្នំពេញ​ ៖ ​នៅ​ពេល​ថ្មីៗ​នេះ ​អាជីវករ​ផ្សារ​ច្បារអំពៅ​ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​បាន​គ្រោង​នឹង​ធ្វើការ​អភិវឌ្ឍ​ផ្សារ​ឲ្យ​ទំនើប​ទាន់សម័យ។

លោក​គង់ ធែ​ល ប្រធាន​គណៈកម្មាធិការ​ផ្សារ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា នៅ​រយៈពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ គណៈកម្មការ​ផ្សារ​គ្រោង​នឹង​ជួប​ជាមួយ​អាជីវករ ​ព្រម​ទាំង​មាន​ការ​ឯកភាព​ពី​លោក​អភិបាលខណ្ឌ​ច្បារអំពៅ​ដើម្បី​ពិភាក្សា​គ្នា​រៀបចំ​ផ្សារ​ឲ្យ​ទៅជា​ផ្សារ​ទំនើប​ទាន់សម័យ ​ស្រប​ទៅ​នឹង​ប្រទេសជាតិ​យើង​កំពុង​មាន​ការ​រីកចម្រើន ​និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

លោក​គង់ ធែ​ល​ បាន​បញ្ជាក់​ពី​ប្រវត្តិ​នៃ​ការ​កកើត​ផ្សារ​នេះ​ថា យោង​តាម​ការ​រៀបរាប់​ពី​លោកតា​ឈ្មោះ​ស្រី​កេង​មាន​ឆ្នាំ​កំណើត​១៩២៥​នោះ​ ​​បាន​និយាយ​ថា ​ពី​សង្គមចាស់​លោកតា​ជា​ជំទប់​ឃុំ​ទី​១​ ឃុំ​ច្បារអំពៅ ​ស្រុក​កៀនស្វាយ​ ខេត្ត​កណ្ដាល។ ទីតាំង​ផ្សារ​ច្បារអំពៅ ​ពី​ដើម​ឡើយ​មក​ជា​ដី​ត្រពាំង​ធំ​មួយ​ប៉ុណ្ណោះ ហើយ​នៅ​ជុំវិញ​ត្រពាំង​នេះ​ជា​ព្រែក​ ដែល​ទឹកទន្លេ​ហូរ​ចូល​រាល់​រដូវវស្សា។ ដោយឡែក​ប្រជាពលរដ្ឋ ​ដែល​រស់នៅ​តំបន់​នេះ​ជា​អ្នក​ប្រកប​របរ​ធ្វើ​ចម្ការ​អំពៅ។

លោកតា​បាន​បន្ត​ថា ពី​ដើម​មក​ឃុំ​ច្បារអំពៅ​មាន​ភូមិ​ចំនួន​៥ គឺ​ភូមិ​ព្រែក ព្រះ​ពន្លា កោះនរា តាងៅ​ព្រែកប្រា និង​ភូមិ​ព្រែកថ្មី។ ដោយ​ឃុំ​ច្បារអំពៅ​មាន​ផ្ទៃដី​ធំ​ទូលាយ​ ហើយ​ប្រជាពលរដ្ឋ​មានការ​លំបាក​ក្នុង​ការ​លក់​ផល​កសិកម្ម ទើប​លោក​ចៅហ្វាយ​ខេត្ត​កណ្ដាល​គឺ​លោក ប៉ាល់ ជួន បាន​បញ្ជា​ឲ្យ​លោក ឃឹម ខាំ​សន​ ចៅហ្វាយ​ស្រុក​កៀនស្វាយ​ និង​លោក​ផេង អ៊ី​ផន ជា​មេ​ប៉ុស្តិ៍​ច្បារអំពៅ​រៀបចំ​អភិវឌ្ឍន៍ ដោយ​ចាក់​ដី​បំពេញ​លើ​ដី​ត្រពាំង​ធំ​មួយ​នេះ​ឲ្យ​ពេញ។ ក្រោយ​ចាក់​ដី​ពេញ​រួចមក​មិនយូរប៉ុន្មាន​ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ចេះតែ​មក​តាំងទី​ជម្រក​លើ​ដី​ចាក់​ថ្មី​យ៉ាង​អនាធិបតេយ្យ ហើយ​ប្រជាពលរដ្ឋ​ដែល​មក​ចាប់ដី​ស្នាក់​ភាគច្រើន​មកពី​តាម​បណ្ដា​ខេត្ត​នានា ​និង​មក​ប្រកប​របរ​រត់​រ៉ឺម៉ក ​និង​ជល់​មាន់​។​ល​។​

លោកតា​ស្រី កេង បាន​បន្ត​ទៀត​ថា​ លុះ​នៅ​អំឡុង​ឆ្នាំ​១៩៥៨​និង​៥៩ អាជ្ញាធរ​មូលដ្ឋាន​បាន​បណ្ដេញ​អ្នក​រស់នៅ​លើ​ដី​ចាក់​លុប​បឹង​ឲ្យ​ចេញ​ ព្រមទាំង​រៀបចំ​ឲ្យ​ទៅជា​កន្លែង​លក់​ដូរ​បណ្ដើរៗ​មក​។​
បន្ទាប់ពី​ឃើញ​សកម្មភាព​នៃ​ការ​លក់ដូរ​របស់​ប្រជាពលរដ្ឋ​ចេះតែ​រីកចម្រើន​ជា​លំដាប់​មក​នោះ អាជ្ញាធរ​ក៏បាន​ធ្វើ​ការ​អភិវឌ្ឍ​ផ្សារ​ឡើង ដោយ​លេចចេញ​ជា​រូបរាង​ផ្សារ​ដ៏​ថ្មី​សន្លាង​ឡើង ​និង​រៀបចំ​សម្ពោធ​ក្រោម​អធិបតីភាព​សម្ដេច​ឪ​នៅ​ក្នុង​ឆ្នាំ​១៩៦៣​ ដោយ​ដាក់ឈ្មោះ​ផ្សារ​ច្បារអំពៅ​ចាប់ពី​ពេលនោះ​មក។ លុះ​មកដល់​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥​ផ្សារ​ច្បារអំពៅ​ត្រូវ​បាន​ទាហាន​លន់ នល់ ​យក​ធ្វើជា​កន្លែង​ស្តុក​គ្រាប់រំសេវ​ ហើយ​អាជីវករ​ត្រូវ​បាន​បណ្ដេញ​ចេញ​ដោយ​​ទាហាន។ នៅ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​ប៉ុល ពត​ យក​ផ្សារ​នេះ​ដាក់​គ្រឿងចក្រ។ ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨០​ជា​បន្ទាយ​កងទ័ព​វៀតណាម។ ចុង​ឆ្នាំ​១៩៨០​កងទ័ព​វៀតណាម​បាន​ប្រគល់​ឲ្យ​សាលាក្រុង​ភ្នំពេញ​បង្កើត​ជា​ផ្សារ​លក់ដូរ​ដល់​សព្វ​ថ្ងៃ​នេះ៕