បទល្មើស​បូម​ខ្សាច់​នៅ​ស្ទឹង​ក្រឡាញ់ ស្រុក​ព្រះនេត្រព្រះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​

​ករណី​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុក​ស្ដ​ម​ឈ្មោះ ឡុង គារ ធ្វើ​សកម្មភាព​បូម​ខ្សាច់​នៅ​ស្ទឹង​ក្រឡាញ់ ចំណុច​ភូមិ​អន្លង់​វិល ឃុំ​ទឹកជោរ ស្រុក​ព្រះនេត្រព្រះ កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​វិល យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​៤៨​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​សកម្មភាព​បូម​ខ្សាច់​របស់​ឈ្មោះ ឡុង គារ បាននាំគ្នា​ផ្ដិតមេដៃ​ស្នើ​ឲ្យ​អាជ្ញាធរ​ឃុំ​បញ្ឈប់​អាជីវកម្ម​បូម​ខ្សាច់​ក្នុង​ស្ទឹង​ក្រឡាញ់ ឲ្យ​បាន​ឆាប់​។ តំណាង​អ្នកភូមិ​អន្លង់​វិល ក៏បាន​អំពាវនាវ​ឲ្យ​លោក សួន បវរ អភិបាលខេត្ត​បន្ទាយមានជ័យ ជួយ​អន្តរាគមន៍​ដល់​ពួកគាត់​ផងដែរ ព្រោះ​កន្លងមក​ពួកគាត់​ប្ដឹងទៅ​អាជ្ញាធរ​មូលដ្ឋាន​ជាច្រើនលើក តែ​ពុំមាន​ដំណោះស្រាយ​អ្វី​ទាំងអស់​។

តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​អន្លង់​វិល ឃុំ​ទឹកជោរ បាន​ឲ្យ​ដឹងថា អាជីវកម្ម​បូម​ខ្សាច់​ឯកជន​របស់​ឈ្មោះ ឡុង គារ បានធ្វើ​ឲ្យ​បាក់​ច្រាំង​ស្ទឹង​ក្រឡាញ់ ចំណុច​ភូមិ​អន្លង់​វិល នឹងធ្វើ​ឲ្យ​ល្អក់​ទឹក​មិនអាច​យកទៅ​ប្រើប្រាស់​បាន​អស់​រយៈពេល​៣​ខែ​មកហើយ​ពុំមាន​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ចេញមុខ​មកជួយ​ដោះស្រាយ​នោះទេ​។ ប្រជាពលរដ្ឋ​សង្ស័យថា អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ជា​អ្នក​ឃុបឃិត​ឲ្យ​ឈ្មោះ ឡុង គារ ធ្វើ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​ទើប​ពុំមាន​ការទប់ស្កាត់​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​។ ជាងនេះទៅទៀត​ឈ្មោះ ឡុង គារ តែងតែ​បង្ហាញ​នូវ​ភាព​ក្រអឺតក្រទម​ដោយ​អាង​ខ្លួន​មាន​លុយ ហើយ​ត្រូវរ៉ូវ​ជាមួយ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ការធ្វើសកម្មភាព​បូ​ម​ខ្សាច់​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​វិល អំពាវនាវ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ​ដល់​ពួកគាត់​ជាបន្ទាន់​។

​ទាក់ទង​បញ្ហា​ខាងលើ​នេះដែរ នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ក្នុងភូមិ​អន្លង់​វិល បាន​ឲ្យ​អ្នកសារព័ត៌មាន​ដឹងថា ឈ្មោះ ឡុង គារ នៅតែ​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់​យ៉ាង​គឃ្លើន​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​រឿងនេះ បាន​លើកឡើងថា អាជីវកម្ម​របស់​ឈ្មោះ ឡុង គារ មានការ​បើកដៃ​ពី​អាជ្ញាធរ​ឃុំ និង​អាជ្ញាធរ​ស្រុក ទើប​អាច​ដំណើរការ​ទៅបាន ហើយ​សកម្មភាព​បូម​ខ្សាច់​ខុសច្បាប់​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ដូចជា បាក់​ដី​ច្រាំង​ស្ទឹង និង​ធ្វើ​ឲ្យ​ល្អក់​ទឹក​ប្រើ​លែងកើត​ជាដើម​។ ប្រជាពលរដ្ឋ​ដែល​សុំ​អន្តរាគមន៍​ពី​អាជ្ញាធរ​ឃុំ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​មេឃុំ និង​លោក លី សុវណ្ណារិទ្ធ អភិបាលស្រុក​ព្រះនេត្រព្រះ មិន​ជួយ​ដោះស្រាយ​ឲ្យ​បាន​ឆាប់​ទេ ពួកគាត់​នឹង​ឡើងទៅ​ប្ដឹង​ដល់​សាលាខេត្ត ហើយ​ដកហូត​ឧបករណ៍​បូម​ខ្សាច់​របស់​ឈ្មោះ ឡុង គារ ចេញពី​ស្ទឹង​តែម្តង​៕

df2d9ffc-354c-478c-8e10-41b79d46a651លោក លី សុវណ្ណារិទ្ធ អភិបាលស្រុកព្រះនេត្រព្រះ03a421bd-8c88-476c-a353-9065acd1d463