ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ

​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ក៏ដូចជា​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ និង​លោក អ៊ុត សំអន អភិបាលខេត្ត​កំពង់ធំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់​នោះទេ​។ ដោយសារតែ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ មិន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​កាប់​ឈើ​និង​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​បែបនេះហើយ ទើប​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ កំពុង​កើតឡើង​យ៉ាង​រាលដាល​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន និង​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ កុំ​ឲ្យ​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ រាលដាល​កាន់តែខ្លាំង​ថែមទៀត​។

​ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់ បាន​ឲ្យ​ដឹងថា មួយ​រយៈពេល​កន្លងទៅ​នេះ​មាន​ជនល្មើស​ចូលទៅ​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​ព្រៃ​ឡង់​សម្រាប់​ដាំ​ស្រូវ និង​ដំណាំ​ផ្សេងៗ​កាន់តែ​ច្រើនឡើងៗ ហើយ​មន្ត្រី​អាជ្ញាធរ​និង​មន្ត្រី​ជំនាញ​មិន​ចាត់វិធានការ​ទប់​ស្កាត​ឡើយ​។ តំណាង​សហគមន៍​ព្រៃ​ឡង់​ស្រុក​សណ្ដាន់ បាន​ឲ្យ​ដឹងថា ផ្ទៃដី​ទំហំ​ជាង​២០​ហិកតា​នៅ​តំបន់​ច្រក​តោ ក្នុង​ឃុំ​មាន​រិ​ទ្ធ ត្រូវបាន​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេងៗ​នាំគ្នា​កាប់​ទន្ទ្រាន​បំផ្លាញ​ព្រៃឈើ​យក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ពលរដ្ឋ​មកពី​តំបន់​ផ្សេង​នាំគ្នា​កាប់ឆ្ការ​ព្រៃ​១០​កន្លែង​ផ្សេងគ្នា​យ៉ាង​អនាធិបតេយ្យ ហើយ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។

ទាក់ទង​បញ្ហា​ខាងលើនេះ​លោក អ៊ុន បុត្ត អភិបាលស្រុក​សណ្ដាន់ បាន​ទទួលស្គាល់ថា​សក​ម្ម​ភាព​កាប់​ទន្ទ្រាន​ដីព្រៃ​ធ្វើជា​កម្មសិទ្ធិ គឺ​មិនមែន​អ្នកភូមិ​នៅ​ស្រុក​សណ្ដាន់​ជា​អ្នកធ្វើ​នោះទេ ប៉ុន្តែ​គឺ​ប្រជាពលរដ្ឋ​មកពី​តំបន់​ផ្សេង​ចូលមក​កាប់​រុន​រាន​។ ប្រតិកម្ម​នឹង​សំដី​របស់លោក អ៊ុន បុត្ត បែបនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្ដាន់ បាន​រិះគន់ថា ក្នុងនាម​ជា​អភិបាលស្រុក លោក អ៊ុន បុត្ត គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ កុំ​ឲ្យ​រាលដាល​តទៅទៀត​។ ដោយហេតុថា សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នោះ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ដែល​អាស្រ័យ​ផល​និង​អនុផល​ព្រៃឈើ​ចិញ្ចឹមជីវិត​។ ទន្ទឹមនឹងនេះ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ គួរ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃ​ឡង់​ប្រកបដោយ​ប្រសិទ្ធភាព​ឲ្យ​ស្របទៅតាម​ការប្ដេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន​៕

4 3 1