សកម្មជន​គណបក្សជំទាស់​ដែល​ជាប់ឃុំ​ដោយសារ​រឿង​នយោបាយ ត្រូវ​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ​អំពាវនាវ​ឲ្យ​ដោះលែង​

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា បាន​វាយតម្លៃថា សំណុំរឿង​ឃុំខ្លួន​សកម្មជន​និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ជាច្រើន​នាក់​នាពេល​កន្លងមក គឺជា​រឿង​នយោបាយ​សុទ្ធសាធ ព្រោះ​អ្នក​ទាំងនោះ​ពុំបាន​ប្រព្រឹត្ត​អ្វី​ខុស​ដូចដែល​តុលាការ​ចោទប្រកាន់​ទាំង​បំពាន​នោះទេ​។ មន្ត្រី​អង្គការសិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ទៀតថា នៅពេលដែល​រដ្ឋាភិបាល​នៃ​គណបក្សកាន់អំណាច យក​ប្រព័ន្ធតុលាការ​មក​គំរាមកំហែង​ដើម្បី​បំបាក់​គូប្រជែង​របស់ខ្លួន គឺអាច​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ទូទៅ​ក៏ដូចជា​សហគមន៍​អន្តរជាតិ​អស់ជំនឿ​លើ​ប្រព័ន្ធតុលាការ​នៅក្នុង​ប្រទេស​កម្ពុជា​។

ក្នុងខណៈដែល​សាលាឧទ្ធរណ៍​កំណត់ពេល​បើកសវនាការ​សំណុំរឿង​សកម្មជន​គណបក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​(Human Rights Watch) កាលពី​ថ្ងៃទី​១៥ ខែមីនា បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដោះលែង​សកម្មជន​គណបក្សជំទាស់​ដែល​កំពុង​ជាប់ឃុំ ពាក់ព័ន្ធ​ទៅនឹង​អំពើហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក បានបង្ហាញ​នូវ​ការយល់ឃើញថា ករណី​ឃុំខ្លួន​សកម្មជន​គណបក្ស​ជំទាស់ គឺជា​រឿង​នយោបាយ​សុទ្ធសាធ​ព្រោះ​ការចោទប្រកាន់​សកម្មជន​គណបក្សជំទាស់​ពុំមាន​ភស្តុតាង​គ្រប់គ្រាន់​ឡើយ​។

​លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បាន​ថ្លែងថា ការឃុំ​ឃាំង​សកម្មជន​គណបក្សប្រឆាំង​ទាំងនេះ គឺ​ដោយសារ​តុលាការ​ស្ថិតក្រោម​ឥទ្ធិពល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​តុលាការ​កម្ពុជា​កាត់ក្ដី​ដោយ​យុត្តិធម៌​ដោយ​ផ្អែកលើ​ភស្តុតាង​ពិតប្រាកដ​។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​បានស្នើ​តាមរយៈ​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​ថា អាជ្ញាធរ​កម្ពុជា​គួរ​ទម្លាក់​បទ​ចោទ​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូប ស្ដីពី​ការចូលរួម​ធ្វើ​កុបកម្ម​ហិង្សា​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤ ព្រោះ​ការចោទប្រកាន់​នោះ​គ្មាន​ភស្តុតាង​គ្រប់គ្រាន់​។ ការលើកឡើង​របស់​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ គឺ​កើតមាន​មុន​សាលាឧទ្ធរណ៍​បើកសវនាការ​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦​។

​គួររំលឹកថា​កាលពី​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៥ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​១១​នាក់ ក្នុងនោះ​មាន​លោក មា​ជ សុវណ្ណារ៉ា ផងដែរ​ឲ្យ​ជាប់ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ដោយ​ចោទ​ពីបទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុបកម្ម​ហិ​ង្ស​នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ​។ ក៏ប៉ុន្តែ​នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥ ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស បាន​រកឃើញ​ពី​ភាពមិនប្រក្រតី​ជាច្រើន​ក្នុង​ដំណើរការ​កាត់ក្ដី​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ លោក ប្រេដ អាដាម នាយក​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ បានស្នើ​ទៅដល់​អង្គការសហប្រជាជាតិ​និង​បណ្ដា​ប្រទេស​នានា​ឲ្យ​បញ្ជូន​អ្នកសង្កេតការ​មក​តាម​ដាន​ការជំនុំជម្រះ​របស់​សាលាឧទ្ធរណ៍​នៅ​ថ្ងៃទី​១៧ ខែមីនា ឆ្នាំ​២០១៦ ដើម្បី​អាច​វាយតម្លៃ​តាម​ស្ថានភាព​ជាក់ស្តែង​៕

16លោក ប្រេដ អាដាម  0a