ក្រសួងបរិស្ថាន​ស្នើ​បញ្ចូល​តម្លៃ​ទស្សនា​ភ្នំ​គូ​លេន​ចូលក្នុង​សំបុត្រ​ទស្សនា​អង្គរ

ក្រុមបុគ្គលិកក្រុមហ៊ុនកំពុងត្រួតពិនិត្យសំបុត្រនៅលើភ្នំគូលេសៀមរាប៖ រដ្ឋាភិបាល​បានបញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន នគរ​គោកធ្លក លើ​ការគ្រប់គ្រង​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម ភ្នំ​គូ​លេន កាលពី​ឆ្នាំទៅ។ រដ្ឋាភិបាល​បានប្រគល់​ឲ្យ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ជាតិ​អប្សរា ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​មួយ​នេះ។ ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​ចូលទៅ​ទស្សនា​ភ្នំ​គូ​លេន​កាន់តែច្រើន​នោះ ក្រសួងបរិស្ថាន​បានសម្រេច​លុប​ការលក់​សំបុត្រ​ទស្សនា ដោយ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចូលទៅ​កម្សាន្ត​ដោយ​សេរី។ ការមិន​យក​ថ្លៃ​សំបុត្រ​អាច​ត្រឹម​ពលរដ្ឋ​ខ្មែរ តែ​សម្រាប់​ទេសចរ​បរទេស ក្រសួងបរិស្ថាន​ស្នើ​បញ្ចូល​តម្លៃ​ជាមួយ​សំបុត្រ​ចូល​ទស្សនា​អង្គរ។

លោក សៅ សុភាព អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ទទួលស្គាល់ថា គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម ឫ​ភ្នំ​គូ​លេន ពិត​ជាមាន​ភាពយឺតយ៉ាវ​បន្តិច​មែន។ រដ្ឋាភិបាល​សម្រេច​ដក​សិទ្ធិ​គ្រប់គ្រង​ពី​ក្រុមហ៊ុន​នគរ​គោកធ្លក លែង​ឲ្យ​វិនិយោគ​ការលក់​សំបុត្រ​នៅ​ភ្នំ​គូ​លេន តាំងពី​ពាក់កណ្តាល​ឆ្នាំ២០១៥មក។

អ្នក​នាំំ​ពាក្យ​ក្រសួងបរិស្ថាន​បាន​ពន្យល់​ពី​ការយឺតយ៉ាវ​នេះ​ថា ដោយសារ​ក្រសួង​ពាក់ព័ន្ធ កំពុង​ពិនិត្យ​លើ​លទ្ធភាពផ្សេងៗ ដើម្បី​សង​ថ្លៃ​វិនិយោគ​ទៅដល់​ក្រុមហ៊ុន។ ក្នុងនោះ​មាន​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ផលប៉ះពាល់​របស់​ប្រជាជន​ជាដើម។ លោក សៅ សុភាព បន្ថែមថា ការសម្រេច​បញ្ឈប់​រប​ស់​រដ្ឋាភិបាល គឺធ្វើឡើង​មុន​កាលកំណត់ ហើយ​ក្រសួង​សេដ្ឋកិច្ច​កំពុង​វាយតម្លៃ​លើ​ទំហំ​សំណងផ្សេងៗទៅ​ភាគី​ក្រុមហ៊ុន​នគរ​គោកធ្លក។

កងទ័ព​ជាច្រើន​គ្រួសារ បាន​ចូលទៅ​តាំងទី​នៅលើ​ភ្នំ​គូ​លេន មុននឹង​ក្រុមហ៊ុន​នគរ​គោកធ្លក របស់លោក សៀង ណាំ តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ចូលទៅ​វិនិយោគ​នៅ​តំបន់​នោះ។ តាម​ការអះអាង​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ក្រុមហ៊ុន​នេះ​ទំនងជា​ចូលទៅ​វិនិយោគ​អំឡុង​ឆ្នាំ៩០ជាង។ បច្ចុប្បន្ននេះ ភាគី​ពាក់ព័ន្ធ​មាន​សាលា​ខេត្តសៀមរាប ដែលជា​អនុគណៈកម្មការ កំពុង​ស្រង់​ស្ថិតិ​ចំនួន​ប្រជាជន​ទាំងចាស់ ថ្មី គ្រួសារ​កងទ័ព រួម​និង​ប្រជាជន​ដែល​ចំណាកស្រុក​ពី​ខេត្តផ្សេងៗ និង​តាំងទី​ខុសច្បាប់ ដើម្បី​រកស៊ី​នៅលើ​ភ្នំ​នេះ​ផង។

បើតាម​ការលើកឡើងរ​ប​ស់លោក សៅ សុភាព ប្រជាជន​ចាស់ រដ្ឋាភិបាល​នឹង​រៀបចំ​ឲ្យ​ពួកគេ​មាន​សិទ្ធិ​នៅ​ទីនោះ​ដដែល។ ដោយឡែក​សម្រាប់​គ្រួសារ​កងទ័ព និង​ប្រជាជន​ថ្មី រដ្ឋាភិបាល​នឹង​រៀបចំ​ផ្ទេរ​ពីលើ​ភ្នំ ឲ្យ​ទៅ​រស់នៅ​តំបន់​ថ្មី អាច​នៅ​ជើងភ្នំ​គូ​លេន​នោះ​តែម្តង។ ចំណុច​នេះ លោក សៅ សុភាព មិនទាន់​អាច​បញ្ជាក់បាន​នៅឡើយ​ចំពោះ​ទីតាំង និង​សំណងផ្សេងៗ ។

ចំណែក​ហេដ្ឋារចនាសម្ព័ន្ធ​វិញ ក្រសួងបរិស្ថាន​មាន​គម្រោង​រៀបចំ​ផ្លូវ​ថ្មី​មួយ​ខ្សែ​ទៀត ដើម្បី​សម្រួល​ចរាចរណ៍​សព្វថ្ងៃ។ បច្ចុប្បន្ន​ផ្លូវ​ឡើង​ចុះ​លើ​ភ្នំ​គូ​លេន គឺមាន​តែមួយ​ខ្សែ​ប៉ុណ្ណោះ ដោយ​បែងចែក​ពេលវេលា​មួយ​ច្បាស់លាស់។ នៅពេល​ព្រឹក គឺ​អនុញ្ញាត​ឲ្យ​ចរាចរណ៍​ឡើង​ត្រឹម​ម៉ោង១២ថ្ងៃត្រង់ ហើយ​ភ្ញៀវទេសចរ​អាច​ចុះ​វិញ​ចាប់ពី​ម៉ោង១២ទៅ ដោយ​ពុំមាន​ការឡើង​ទៀត​នោះទេ។ យ៉ាងណា រដ្ឋាភិបាល​មាន​គម្រោង​រៀបចំ​ផ្លូវ​ឡើង​និង​ចុះ​ផ្សេងគ្នា ដើម្បី​បញ្ជៀ​ស​ចរាចរណ៍។ «ផ្លូវ​ឡើង​នៅ​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី​គឺ​នៅ​ដដែល តែ​យើង​មាន​គោលការណ៍​ធ្វើ​ផ្លូវ​ចុះ​មួយ​ខ្សែ ដែលមាន​ភូមិសាស្ត្រ​នៅ​ស្រុក​ស្វាយ​លើ។ យើង​រំពឹងថា ប្រជាជន​នៅ​តំបន់​នោះ នឹងមាន​ការអភិវឌ្ឍ និង​ងាយស្រួល​ធ្វើដំណើរ​នៅ​តំបន់ផ្សេងៗទៀត»។ នេះ​ជាការ​លើកឡើង​របស់លោក សៅ សុភាព។

សព្វថ្ងៃ ក្រុមហ៊ុន​នគរ​គោកធ្លក​នៅតែមាន​សិទ្ធិ​គ្រប់គ្រង​លើ​រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន។ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន-នរោត្តម មាន​ផ្ទៃដី​ប្រមាណ ៣៧៥០០ ហិកតា ដែល​បច្ចុប្បន្ន ក្រុមហ៊ុន នគរ​គោកធ្លក របស់លោក សៀង ណាំ និង​ទាហាន​ភូមិភាគ៤ កំពុង​គ្រប់គ្រង​យក​ថ្លៃ​សំបុត្រ​ទស្សនា។ ភ្ញៀវទេសចរ​ជាច្រើន​បាន​សម្តែង​ការមិន​ពេញចិត្ត​ចំពោះ​ការគ្រប់គ្រង ព្រោះថា ក្រុមហ៊ុន​របស់លោក សៀង ណាំ មិនបាន​រៀបចំ​ផ្លូវ​ឲ្យ​បាន​ប្រសើរ​នោះទេ គឺ​ផ្លូវ​តូច ដែល​អាច​បង្ក​គ្រោះថ្នាក់​ខ្ពស់​ដល់​អ្នកដំណើ​រ ជាពិសេស​ក្នុង​រដូវភ្លៀង។

ចំពោះ​តម្លៃ​សំបុត្រ​វិញ ពលរដ្ឋ​ខ្មែរ​ម្នាក់២ពាន់​រៀល និង​ភ្ញៀវ​បរទេស​តម្លៃ២០ដុល្លារ។ ចំណែក​ឡាន​មួយគ្រឿង​តម្លៃ១ម៉ឺន​រៀល ថ្លៃ​ចំណត៣ពាន់​រៀល និង​ម៉ូតូ២ពាន់​រៀល ថ្លៃ​ចំណត១៥០០រៀល។ សម្រាប់​ថ្ងៃ​ធម្មតា មាន​ភ្ញៀវទេសចរ​ប្រមាណ២០០នាក់ ដែល​ឡើងទៅ​កម្សាន្ត​ក្នុង​រមណីយដ្ឋាន​នេះ ដោយ​មិនបាន​រាប់​ចំពោះ​ថ្ងៃ​បុណ្យទាន ដែលមាន​មនុស្ស​កុះករ​នោះទេ។

រដ្ឋាភិបាល​នឹង​បញ្ចប់​ការលក់​សំបុត្រ​ទស្សនា​រមណីយដ្ឋាន​ភ្នំ​គូ​លេន ប៉ុន្តែ​គ្រោង​នឹង​ដំឡើងថ្លៃ​ក្នុង​សំបុត្រ​ទស្សនា​អង្គរ។ ទោះ​ចង់​ឫ​មិន​ចង់ ភ្ញៀវទេសចរ​ត្រូវគេ​កំណត់​ឲ្យ​ទៅ​កម្សាន្ត​ភ្នំ​គូ​លេន​រួចជាស្រេច។ យ៉ាងណា​គេ​មិនទាន់​ដឹង​តម្លៃពិត​ប្រាកដ​នៅឡើយ​ទេ។ កាលពី​ថ្ងៃទី១ ខែមីនា​កន្លងទៅ បញ្ហា​នេះ លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ក៏​ធ្លាប់បាន​បង្ហើប​ពី​ការដំឡើងថ្លៃ​សំបុត្រ​ចូល​អង្គ​រដែរ តែ​មិន​បញ្ជាក់ថា​រួមបញ្ចូល​តម្លៃ​ជាមួយ​ភ្នំ​គូ​លេន​នោះទេ។ លោក​រដ្ឋមន្ត្រី​គ្រាន់តែ​បញ្ជាក់ថា តម្លៃ​សំបុត្រ២០ដុល្លារ មិន​សក្តិសម​ចំពោះ​តម្លៃ​បេតិកភណ្ឌ​អង្គរ​ឡើយ។

រមណីយដ្ឋាន​ភ្នំ​គូ​លេន គឺជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ​ដ៏​សំខាន់។ ភ្នំ​នេះ​ជា​ប្រភពទឹក​ដ៏​សំខាន់​សម្រាប់​ខេត្តសៀមរាប។ ភ្នំ​គូ​លេន មាន​លិង្គ​មួយ​ពាន់ ព្រះអង្គ​ធំ ទឹកជ្រោះ ពើង​ត្បាល់ ស្រះ​ដំរី  រោង​ប្រចៀវ ប្រាសាទ​អ្នកតា។ល។ បើតាម​អ្នកជំនាញ មាន​ប្រាសាទ​មិន​ក្រោម៦០ទេ ដែលមាន​នៅលើ​ភ្នំ​គូ​លេន​នេះ។ រដ្ឋាភិបាល​បានសម្រេច​ឲ្យ​ក្រសួងបរិស្ថាន​គ្រប់គ្រង​ព្រៃឈើ​នៅ​រមណីយដ្ឋាន​ភ្នំ​គូ​លេន ចំណែក​អាជ្ញាធរ​ជាតិ​អប្សរា មាន​តួនាទី​មើល​ការខុសត្រូវ និង​អភិរក្ស​ប្រាសាទបុរាណ​ក្នុង​តំបន់​មួយ​នេះ៕


សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​ប្តី​ប្រពន្ធ​មួយគូ​វ័យ​ជាង ៥០ ឆ្នាំ ឆ្លង​មេរោគ​អេដស៍​ទាំង​មិន​អស់ចិត្ត​