គន្លឹះ​ទាំង ៨ ដើម្បី​បើក​អាជីវកម្ម​រក​ស៊ី​ឲ្យ​ជោគជ័យ​ ពី​អ្នក​ជំនាញ​ប្រឹក្សា​យោបល់​អាជីវកម្ម Jordan Belfor

លោក Jordan Belfort គឺ​ជា​អតីត​ឈ្មួញ​កណ្តាល​ភាគ​ហ៊ុន ជា​អ្នក​និពន្ធ អ្នក​លើក​ទឹក​ចិត្ត បុគ្គល​ជំនាញ​និយាយ​សាធារណៈ និង ជា​ អ្នក​ជំនាញ​ខាង​ប្រឹក្សា​យោបល់​លើ​វិស័យ​អាជីវកម្ម​ផង​ដែរ។ ខាង​ក្រោម​នេះ​ជា​គន្លឹះ​ខ្លះ​ក្នុង​ការ​បើក​អាជីវកម្ម​មួយ​ឲ្យ​ជោគជ័យ៖

 

១) ចាប់​ផ្តើម​អនុវត្តន៍​ធ្វើ ៖ នៅ​ពេល​អ្នក​មាន​ដើម​ទុន មាន​គំនិត​ និង រៀប​ចំ​យុទ្ធសាស្ត្រ​វិធាន​ការ​រួច​ហើយ​នោះ​ អ្នក​គួរ​ចាប់​ផ្តើម​អនុវត្តន៍​ ព្រោះ​ដរាប​ណា​អ្នក​មិន​ធ្វើ អ្នក​មិន​អនុវត្តន៍​ រាល់​អ្វី​ដែល​អ្នក​គិត​រាល់​អ្វី​ដែល​អ្នក​មាន នឹង​មិន​លេច​ចេញ​ជា​រូប​រាង​បាន​ឡើយ។

 

២) រៀន​ពី​របៀប​នៃ​ការ​លក់ ៖ លោក Jordan Belfort ពន្យល់​ថា ភាព​ជា​សហគ្រិន​មិន​ត្រឹម​តែ​ជា​អ្នក​ដែល​មាន​គំនិត​បង្កើត​ថ្មី ក្នុង​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ពួក​គេ​ត្រូវ​ចេះ​ពី​របៀប​នៃ​ការ​លក់​ផង​ដែរ ព្រោះ​ការ​លក់​ជា​ការ​បញ្ចូល​អារម្មណ៍​របស់​សហគ្រិន​ទៅ​ឲ្យ​អ្នក​ទិញ ធ្វើ​ឲ្យ​ពួក​គេ​មាន​អារម្មណ៍​ចង់​បាន​របស់​អ្នក​ត្រូវ​ការ​សេវាកម្ម​អ្នក​ ដែល​នេះ​ជា​អ្វី​ដែល​ម្ចាស់​អាជីវកម្ម​គ្រប់​រូប​គួរ​ស្វែង​យល់។

 

៣) ដាក់​គោល​ដៅ​ឲ្យ​ខ្ពស់ ៖ ការ​ដាក់​គោល​ដៅ​ឲ្យ​ខ្ពស់​ត្រូវ​បាន​លោក Jordan Belfort ពន្យល់​ថា​ អ្នក​ត្រូវ​ចេះ​ដាក់​គោលដៅ​ឲ្យ​ខ្ពស់​តាម​ដែល​ខ្លួន​អាច​គ្រប់គ្រង​បាន​ មិន​មែន​ខ្ពស់​រហូត​ដល់​អ្នក​គ្រប់គ្រង​មិន​បាន​នោះ​ឡើយ ហើយ​អ្នក​ក៏​មិន​ត្រូវ​ដាក់​គោលដៅ​ទាប​ខ្លាំង​ពេក​នោះ​ដែរ។

 

៤) ត្រូវ​មាន​ទស្សនៈ​វិស័យ ៖ នៅ​ពេល​ដែល​អ្នក​មាន​ទស្សនៈ​វិស័យ អ្នក​អាច​បង្កើត​គោលដៅ​មួយ​ឲ្យ​ខ្លួន​ឯង​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​ត្រូវ​តាម​តម្រូវ​ការ​ ជាង​បុគ្គល​ដែល​គ្មាន​ទស្សនៈ​វិស័យ ដែល​ធ្វើ​ឲ្យ​គោលដៅ​របស់​ពួក​គេ​មិន​ចំ​ទិស​ដៅ​ចង់​បាន​ក្នុង​ទីផ្សារ។

 

៥) ត្រូវ​មាន​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង ៖ លោក Jordan Belfort បាន​ពន្យល់​ថា​ភាព​ស្មោះ​ត្រង់​ចំពោះ​ខ្លួន​ឯង​គឺ​ត្រូវ​ដឹង​ចំណុច​ បី សំខាន់​លើ​ខ្លួន​ឯង ទី១ តើ​អ្នក​ជា​នរណា​នៅ​ទី​ណា? ទី២ តើ​ទីកន្លែង​ណា​ដែល​ជា​គោល​ដៅ​ដែល​អ្នក​ត្រូវ​ទៅ? និង ចុង​ក្រោយ តើ​អ្នក​អាច​ទៅ​ដល់​ទី​នោះ​ដោយ​វិធី​ណា?

 

៦) ត្រូវ​តែ​បង្កើត​ចំណូល​ឲ្យ​ខ្លួន​ឯង​ក្នុង​រយៈ​ពេល​ខ្លី ៖ លោក Jordan Belfort បក​ស្រាយ​ថា​ប្រសិន​បើ​អ្នក​ចង់​ទទួល​បាន​ផ្លែ​ផ្កា​មក​វិញ​ឆាប់​រហ័ស អ្នក​ត្រូវ​រៀប​ចំ​ខ្លួន​ជា​មុន គឺ​ដើម​ទុន យុទ្ធសាស្ត្រ នឹង​ភាព​ជឿជាក់ បន្ទាប់​មក​គឺ​ចាប់​ផ្តើម​អនុវត្តន៍​ វាយ​លុក​ទីផ្សារ​ នោះ​អ្នក​នឹង​ទទួល​បាន​ផល​មក​វិញ​ឆាប់​រហ័ស។

 

៧) ត្រូវ​បង្កើត​ភាព​ជោគជ័យ​ផ្នែក​ខាង​ក្នុង​អាជីវកម្ម​ខ្លួន​ឯង​ ៖ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​អាជីវកម្ម​ខ្លួន​ជោគជ័យ​លើ​ទីផ្សារ អ្នក​ត្រូវ​ចេះ​បង្កើត​ភាព​ជោគជ័យ​ផ្នែក​ផ្ទៃ​ក្នុង​អាជីវកម្ម​របស់​អ្នក​ជា​មុន​សិន នេះ​ទើប​ជា​ភាព​ជោគជ័យ​ពិត​ របស់​សហគ្រិន​ដែល​ចេះ​ ធ្វើ​ឲ្យ​មនុស្ស​ក្នុង​ក្រុមហ៊ុន​មាន​ទិសដៅ​តែ​មួយ។

 

៨) បង្កើត​វាសនា​ឲ្យ​ខ្លួន​ឯង ៖ នេះ​គឺ​ជា​ចំណុច​មួយ​ខុស​គ្នា​រវាង​បុគ្គល​ជោគជ័យ និង បុគ្គល​បរាជ័យ សម្រាប់​បុគ្គល​បរាជ័យ​ តែង​គិត​ថា​នេះ​ជា​វាសនា​ដែល​បាន​កំណត់​មក​ឲ្យ​ខ្លួន ចំណែក​បុគ្គល​ជោគជ័យ​វិញ​គិត​ថា​ នេះ​ជា​លទ្ធផល​ដែល​បាន​មក​ពី​ការ​ខិត​ខំ​ប្រឹងប្រែង​ ឆ្លង​គ្រប់​ឧបសគ្គ​របស់​ខ្លួន ទើប​សម្រេច​នូវ​ភាព​ជោគជ័យ​ឲ្យ​ខ្លួន​ឯង​ ដូច​ទស្សនៈ​វិទូ​ក្រិក​បុរាណ អារីស្តូត ​បាន​ពោល​ថា ៩៥% នៃ​អ្វីៗ​ដែល​អ្នក​មាន​គឺ​កើត​ចេញ​ពី​សកម្មភាព និង ទង្វើ​របស់​អ្នក។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: youtube.com, en.wikipedia.org, Forbes.com