តើ​មហាសេដ្ឋី​លេខ ៨៨ ពិភពលោក​Shiv Nadar មាន​ប្រវត្តិ និង បទ​ពិសោធន៍​​ធ្វើ​អាជីវកម្ម​ដូចម្ដេច​ខ្លះ?

លោក Shiv Nadar គឺ​ជា​មហាសេដ្ឋី​សហគ្រិន​ដ៏​ល្បី​ល្បាញ​មួយ​រូប​ប្រចាំ​នៅ​ក្នុង​ប្រទេស ឥណ្ឌា លោក​គឺ​ជា​ ស្ថាបនិក និង ជា​ប្រធាន​ក្រុមហ៊ុន HCL ដែល​ជា​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សេវាកម្ម​ជា​ច្រើន​ក្នុង​ឧស្សាហកម្ម​វិស័យ​បច្ចេកវិទ្យា បង្កើត​ឡើង​តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៧០។ បន្ថែម​ពី​លើ​នេះ​លោក​គឺ​ជា​ប្រធាន​មូលនិធិ​សប្បុរស​ធម៌ Shiv Nadar Foundation ទៀត​ផង។ នៅ​ដើម​ឆ្នាំ ២០១៦ នេះ​លោក​ត្រូវ​បាន​គេហទំព័រ​ Forbes ចុះ​ផ្សាយ​ថា​លោក​ជា​មហាសេដ្ឋី​មាន​ជាង​គេ​លើ​ពិភពលោក​ក្នុង​ចំណាត់​ថ្នាក់​លេខ ៨៨ ពិភពលោក​ជា​មួយ​នឹង​ទ្រព្យសម្បត្តិ ១១,៤ ពាន់​លាន​ដុល្លារ។ តើ​មហាសេដ្ឋី​លេខ ៨៨ ពិភពលោក​រូប​នេះ​ មាន​ប្រវត្តិ និង បទ​ពិសោធន៍​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ដូចម្ដេច​ខ្លះ?

 

លោក Shiv Nadar កើត​នៅ​ថ្ងៃ​ទី ១៤ កក្កដា ឆ្នាំ ១៩៤៥ ក្នុង​ភូមិ​មួយ​មាន​ឈ្មោះ​ថា Moolaipozhi ក្នុង​ប្រទេស ឥណ្ឌា។ លោក​បាន​ចូល​រៀន​នៅ​សាលា​ក្នុង​តំបន់​មួយ​មាន​ឈ្មោះ​ថា Town Higher Secondary School ក្រោយ​ពី​បញ្ចប់​ការ​ប្រលង​សមត្ថភាព​លោក​ទទួល​បាន​ពិន្ទុ​ក្នុង​កម្រិត​ស្តង់ដារ​មួយ​ខ្ពស់​ទើប​ធ្វើ​ឲ្យ​លោក​មាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​សាលា​ដដែល​នេះ​រហូត​ដល់​ឆ្នាំ ១៩៥៧។ ក្រោយ​ពី​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ​លោក​ទទួល​បាន​ អាហារូបករណ៍​ រហូត​ដល់​ទៅ ២ កន្លែង​គឺ​នៅ​ មហាវិទ្យាល័យ The American College សាលា​ដ៏​ចំណាស់​មួយ​នៅ​ឥណ្ឌា និង អាហារូបករណ៍​មួយ​ទៀត​ពី​មហាវិទ្យាល័យ PSG College of Technology ដែល​ជា​សាលា​ស្ថិត​នៅ​ក្នុង​រដ្ឋ​ដ៏​ធំ​របស់​ឥណ្ឌា​ដោយ​លោក​បាន​ជ្រើស​រើស​យក​សាលា​មួយ​នេះ ហើយ​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ។

 

លោក Shiv Nadar បាន​ចាប់​ផ្តើម​ការងារ​ដំបូង​របស់​គាត់​ឲ្យ​ក្រុមហ៊ុនWalchand Group Cooper Engineering ក្នុង​ឆ្នាំ ១៩៦៧ ប៉ុន្តែ​លោក​ធ្វើ​ការ​បាន​តែ​មួយ​រយៈ​ប៉ុណ្ណោះ​លោក​បាន​បោះបង់​ចោល​ទៅ​វិញ​ ដោយ​លោក​បាន​ចាប់​ផ្តើម​ធ្វើ​ការ​បណ្តាក់​ទុន​រក​ស៊ី​ខ្លួន​ឯង ជាមួយ​ដៃ​គូ​ជា​ច្រើន​រូប​ ដែល​ជា​អតីត​មិត្តភ័ក្ដិ​កាល​ពី​នៅ​រៀន​មហាវិទ្យាល័យ និង អតីត​មិត្ត​រួម​ការងារ​កន្លែង​ចាស់។ សហគ្រាស​ដែល​លោក Shiv Nadar និង​មិត្ត​ភ័ក្តិ​បង្កើត​ដំបូង​មាន​ឈ្មោះ​ថា Microcomp ដែល​ផ្តោត​ទៅ​លើ​ការ​លក់​ម៉ាស៊ីន​គិត​លេខ Teledigital ក្នុង​ទីផ្សារ​នៅ​ប្រទេស ឥណ្ឌា និង​ក្រោយ​មក​ទៀត​លោក​បាន​បង្កើត​ក្រុមហ៊ុន​មួយ​ទៀត​មាន​ឈ្មោះ​ថា HCL នៅ​ក្នុង​ឆ្នាំ ១៩៧៦ ជា​មួយ​ប្រាក់​ទុន​ជាង ២៧៧៤ ដុល្លារ​ប៉ុណ្ណោះ​។

 

នៅ​ឆ្នាំ ១៩៨០ ក្រុមហ៊ុន HCL បាន​បណ្តាក់​ទុន​កាន់​តែ​ធំ​ ក្នុង​ទីផ្សារ​អន្តរជាតិ ដោយ​ក្រុមហ៊ុន​បាន​លក់​នូវ​គ្រឿង​កុំព្យូទ័រ​ដែល​ខ្លួន​បង្កើត​ទៅ​ឲ្យ​ប្រទេស សិង្ហបុរី ដោយ​ក្រុមហ៊ុន​អាច​រក​ចំណូល​បាន ១៤៨៤០ ដុល្លារ​ក្នុង​រយៈ​ពេល ១ ឆ្នាំ​ដំបូង។ បច្ចុប្បន្ន​ក្រុមហ៊ុន​នេះ​នៅ​តែ​ជា​ក្រុមហ៊ុន​ដ៏​ធំ​ដដែល​ ក្នុង​ការ​វិនិយោគ​នូវ​គ្រឿង​បន្លាស់​ទៅ​ឲ្យ​ប្រទេស សិង្ហបុរី។

 

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: en.wikipedia.org, forbes.com,biography.com