មូលហេតុដ៏ អាថ៌កំបាំងនៃការស្ងាប

មនុស្សយើងម្នាក់ៗ ចេះស្ងាបតាំងពីមិនទាន់ កើតចេញពីផ្ទៃម្តាយ រហូតទៅដល់វ័យ ជីដូនជីតាទួតគេ។ មិនតែប៉ុណ្ណោះ សត្វក៏ចេះស្ងាបដែរ។ ក៏ប៉ុន្តែ
ហេតុអ្វីបានជាអ្នក ទាំងអស់នោះចាប់បាច់ស្ងាប? គ្មានអ្នកណាដឹងច្បាស់ អំពីមួលហេតុរបស់វាឡើយ។

ទោះជាយ៉ាងណាក្តី ក៏នៅមានទ្រឹស្តីជាច្រើន ដែលនិយាយអំពីមូលហេតុ បានជាមនុស្សត្រូវស្ងាប។ មូលហេតុទីមួយនោះគឺ នៅពេលដែលយើង មានភាពនឿយហត់ និង មានអារម្មណ៏ធុញថប់ ពីព្រោះនៅពេលដែល យើងមានអារម្មណ៏បែបនេះ យើងមិនអាចដកដង្ហើម បានវែងដូចជាពេលធម្មតានោះទេ។

យោងទៅតាមទ្រឹស្តី មួយនេះបានឲ្យដឹងថា ខ្លួនប្រាណរបស់យើងស្រូប យកអុកស៊ីសែនបានតិច ពីព្រោះការដកដង្ហើមរបស់ យើងមានការថយចុះ។ ដូច្នេះ ការស្ងាបអាចជួយឲ្យយើង ស្រូបយកអុកស៊ីសែន ចូលទៅក្នុងឈាម និង បញ្ជូនឧស្ម័នការបូនិច ចេញពីក្នុងឈាម។

មួយវិញទៀត ការស្ងាបអាចជួយឲ្យយើង គ្រប់គ្រងកំរិតអុកស៊ីសែន និង ឧស្ម័នការបូនិចនៅក្នុង សារពាង្គកាយរបស់យើង។

ការអះអាងមួយនេះស្តាប់ ទៅពិតជាល្អខ្លាំងណាស់ ដោយឡែក ការសិក្សាដទៃទៀត បានបង្ហាញថា ការស្រូបយកឧស្ម័ន អុកស៊ីសែនច្រើន
មិនអាចកាត់បន្ថយ ការស្ងាបបាននោះទេ។ ដូចគ្នានេះដែរ ការទទួលយកនូវ ឧស្ម័នកាបូនិចច្រើន ក៏មិនមែនធ្វើឲ្យ យើងស្ងាបច្រើនដែរ។
អ្នកផ្សេងទៀតជឿជាក់ថា ការស្ងាបអាចជួយឲ្យសួតរបស់ យើងមានដំនើរការបានល្អ ព្រមទំាងមានសុខភាពល្អ។

ទោះជាយ៉ាងណាក្តី ក៏នៅមានទ្រឺស្តីមួយទៀត ដែលនិយាយអំពីរឿងនេះ ដោយពូកគេបានលើកឡើងថា ស្ងាបគឺហាក់បីដូចជា ជំងឺឆ្លងមួយប្រភេទដែរ។ ប្រសិនបើអ្នកស្ងាបនៅក្នុងថ្នាក់ អ្នកដទៃដែលនៅ ក្នុងថ្នាក់នោះក៏ចាប់ ផ្តើមស្ងាបតាមអ្នកដែរ។ ជាពិសេសទៀតនោះ សូម្បីតែអ្នកគិតអំពីរឿងស្ងាប ក៏អាចធ្វើឲ្យអ្នកស្ងាបបានដែរ៕

មូលហេតុដ៏ អាថ៌កំបាំងនៃការស្ងាប