ក្មេងស្រី​ម្នាក់ ​ទៅ​ចូលរួម​បុណ្យសព​ ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់

ក្មេងស្រី​ម្នាក់ ​ទៅ​ចូលរួម​បុណ្យសព​ ត្រូវ​ខ្សែ​ភ្លើង​ឆក់​ស្លាប់



បន្ទាយមានជ័យ ៖ ក្មេងស្រី​ម្នាក់​ និង​​ជីតា​​ បាន​ទៅ​ចូលរួម​បុណ្យសព​១០០ថ្ងៃរបស់​អ្នក​ជិត​ខាង ​រួច​​ក៏​បាន​ដើរ​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​ក៏​ឆក់​ស្លាប់​ភ្លាម​​នៅ​វេលា​ម៉ោង​៤​ល្ងាច​ថ្ងៃទី​១៥ ​ខែ​មីនា​ ឆ្នាំ​២​០១៦​ នៅ​ក្នុង​រោងបុណ្យ​របស់​ ឈ្មោះ ផុង វណ្ណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ​នៅ​ភូមិ​ថ្នល់​បត់ ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្តបន្ទាយមានជ័យ​។

​លោក​វរសេនីយ៍​ត្រី​ រស់​ សំបូរ​ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បាន​ឲ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​នោះ​នៅ​ជិត​ផ្ទះ​ក្មេង​រងគ្រោះ​ គេ​បាន​រៀបចំ​ពិធី​បុណ្យសព​១០០​ថ្ងៃ​ជូន​លោកឪពុក​ និង​ញាតិកា​ទាំង​ប្រាំពីរ​សន្តាន និង​បាន​ជួល​ជាង​មក​រៀបចំ​តុបតែង​ភ្លើង​ជណ្ដើរ​កែវ​មុខ​ព្រះ​។

​លោក​រ ស់ ​សំបូរ​ បាន​បញ្ជាក់​ទៀត​ថា​ ពេលនោះ​មាន​ក្មេងស្រី ​ឈ្មោះ សុខ ផា​រ៉ា អាយុ​៦​ឆ្នាំ​ម្នាក់ ​និង​ជីតា​រស់នៅ​ភូមិ​ឃុំ​កន្លែង​កើត​ហេតុ​បាន​នាំ​គ្នា​ទៅ​ចូលរួម​បុណ្យសព​១០០​ថ្ងៃ​នោះ​ ក្រោយពេល​ទៅ​ដល់កន្លែង​បុណ្យសព​ ក្មេងស្រី​នោះ​​បាន​រត់​លេង​ទៅ​ក្រោម​រាន​ជណ្ដើរ​កែវ​មិនបាន​មើល​ក៏​ត្រូវ​ខ្សែ​ភ្លើង​ស្រាត​ឆ្លង​ចរន្ត​អគ្គិសនី​ដែល​ត​បំភ្លឺ​ក្នុង​រោងបុណ្យ​នោះ​ឆក់​ស្លាប់​ភ្លាមៗ​តែម្តង​។​

លោក​ រស់ ​សំបូរ​ បាន​បញ្ជាក់​ទៀត​ថា ​ក្រោយពី​កើតហេតុ​រួច​សមត្ថកិច្ច ​បាន​ចុះ​មក​ធ្វើ​កំណត់ហេតុ​ហើយ​បាន​ធ្វើ​ការ​ប្រគល់​សព​ក្មេងស្រី​ទៅ​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅផ្ទះ​សព​តែម្តង​៕​