ប្រសាសន៍​សំខាន់ៗ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ​

ប្រសាសន៍​សំខាន់ៗ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ក្នុង​ឱកាស​អញ្ជើញ​សម្ពោធ​ស្ថានីយ​អ្នកដំណើរ​ថ្មី នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នា​ព្រឹក​នេះ​



ភ្នំពេញ ៖ ក្នុង​ឱកាស អញ្ជើញ​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​ស្ថានីយ​អ្នកដំណើរ​ថ្មី នៃ​អាកាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី១៦ ខែមីនា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​មាន ប្រសាសន៍​សំខាន់ៗ មួយ​ចំនួន សម្ដេច​តេ​ជោ ហ៊ុន សែន មានប្រសាសន៍ថា យើង​អបអរសាទរ​ ចំពោះ​ការអភិវឌ្ឍន៍​ពង្រីក​ព្រលាន​យន្តហោះ ដែល​ផ្តល់​នូវ​សក្ដានុពល​ដល់​ការ​រីកចម្រើន​សេដ្ឋកិច្ចជាតិ។

សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ប្រវត្តិ​ជូរចត់​ពី​អតីត​កាស ខណៈ​ដែល​កម្ពុជា​ទើប​ងើប​ចេញពី​របប​ខ្មែរ​ក្រហម ថែមទាំង​អន្តរជាតិ​ដាក់ទណ្ឌកម្ម​ទៀត។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា កម្ពុជា​កំពុង​មាន​កំណើន​ទេសចរ​ជា​បន្តបន្ទាប់ ដែល​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ពង្រីក​ជើង​ហោះហើរ។

សម្តេច​តេ​ជោ ហ៊ុន សែន គាំទ្រ​ឱ្យ​មាន​ការ​បំពាក់​ប្រព័ន្ធ WiFi ដោយ​ឥតគិតថ្លៃ​នៅ​ស្ថានីយ​អ្នក​ដំណើរ​ នៃ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្អាប់​ប្រព័ន្ធ WiFi នៅ​រដ្ឋសភា​ជា​ប្រព័ន្ធ WiFi អន់​ជាងគេ ហើយ​ពេល​ខ្លះ​មិន​ដើរ​ថែមទៀត។ សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឱ្យ​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ផ្សព្វផ្សាយ​បន្ត​សក្ដានុពល​ទេសចរណ៍​នៅ​កម្ពុជា។

សម្តេច​តេ​ជោ ហ៊ុន សែន​បញ្ជាក់​ថា នៅ​ឆ្នាំ​១៩៩៧​កម្ពុជា​ទទួល​បាន​ភ្ញៀវទេសចរ​ជាង​២​សែន​នាក់ តែ​ឆ្នាំ​២០១៥​កើន​ដល់​ជាង​៤​លាន​នាក់។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ​ក្រុមហ៊ុន​មួយ​ចំនួន​តែងតែ​នៅ​អភិវឌ្ឍន៍​ជាមួយ​កម្ពុជា ទោះ​បី​ស្ថានភាព​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ក៏ដោយ។ សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​បើក​ចំហ​ជើងមេឃ ជើងគោក និង​ជើង​ទឹក ដើម្បី​កម្ពុជា​មាន​គ្រប់​លទ្ធភាព​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស ។
សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជាក់​ថា កម្ពុជា​មាន​២ គឺ​កម្ពុជា​ពិត និង​កម្ពុជា​លើ​ទំព័រ​សារព័ត៌មាន​បរទេស ដែល​តែង​និយាយ​អាក្រក់​ពី​ប្រទេស​កម្ពុជា។ សម្តេច​តេ​ជោ​បញ្ជាក់​ថា ទំព័រ​សារព័ត៌មាន​បរទេស​ខ្លះ​បាន​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​អាក្រក់ និង​ជា​ឋាននរក​លោកីយ៍ ៕