ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​បុរស​ម្នាក់​ត្រូវ​​គេ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​កាស៊ីណូ

ព័ត៌មាន​បន្ថែម​ជុំវិញ​ករណី​បុរស​ម្នាក់​ត្រូវ​​គេ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​នៅ​កាស៊ីណូ



ស្វាយរៀង​ ៖​ ​នៅ​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ទី​១៥​ ខែ​មីនា ឆ្នាំ​២០១៦​នេះ​ ក្រុម​សាច់ញាតិ​របស់​ជនរងគ្រោះ​ ដែល​​ត្រូវ​ក្រុម​រ៉ូ​លីង​​​វាយ​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លាប់​​បាន​​​បញ្ជាក់​ថា ​ជនរងគ្រោះ​​មាន​ឈ្មោះ​ង្វៀង​យ៉ាំង​យឿ​ង ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ហ៊ឹង​យី​ដុង​ ឃុំ​បេន​ហ៊ី​ប ​ស្រុក​ឡុង​អាន ខេត្ត​ឡុង​អាន ប្រទេស​វៀតណាម​ ហើយ​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃ​ដដែល​នោះ ​ក្រុម​គ្រួសារ​បាន​មក​គាស់​សព​ជនរងគ្រោះ​យក​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។

សូម​រំលឹក​​​​ថា ​កាលពី​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​១៣​ ខែ​មីនា ឆ្នាំ​​២០១៦ ​សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា​ នៅ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​នៅ​បន្ទប់​លេខ​៣០៣ ​ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល ​សង្កាត់​បាវិត មាន​មនុស្ស​ស្លាប់។ ក្រោយពី​ទទួល​ព័ត៌មាន​នេះ ​សមត្ថកិច្ច​​ ដែល​ដឹក​នាំ​ដោយ​​​​​​​​​​​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ និង​លោក​វរសេនីយ៍ឯក ​កុយ សុភាព ស្នងការ​រង​នគរបាល​ខេត្ត​ស្វាយរៀង​ បាន​ចុះ​ដល់​កន្លែង​កើតហេតុ​​ពិនិត្យ​សាក​សព​ឃើញ​មាន​ស្នាម​ស្នាម​លើ​ដងខ្លួន ។ ក្រោយ​ពី​ពិនិត្យ​សាក​សព ​និង​ឆែកឆេរ​បន្ទប់​រួច​​មក ​លោក​ព្រះរាជអាជ្ញា​បញ្ជា​ឲ្យ​សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ ជនជាតិ​វៀតណាម​៤​នាក់​: ​១.​ឈ្មោះ​ វិ​ន យុំាង​បិ​ន​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ ​រស់នៅ​ភូមិ​ជីវា ឃុំ​ឡុង​វ៉ា​ ស្រុក​យ៉ូ​ទី​ម ​ខេត្ត​ប៊ិន​ត្រែ​ ប្រទេស​វៀតណាម ២.ឈ្មោះ​​ត្រឹង ធី​ញី ​ ភេទ​ស្រី​ អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​២ ឃុំ​សូ​យ​ង៉ូ ស្រុក​តឹង​ចូ​វ ​ខេត្ត​តៃនិញ ​ប្រទេស​វៀតណាម ៣. ឈ្មោះ​ង្វៀង​ ធី​ទៀង​ង៉ា ភេទ​ស្រី​ អាយុ​៣៣​ឆ្នាំ​ រស់នៅ​ភូមិ​ខូ​កូ​៣ ខណ្ឌ​១ ខេត្ត​តៃនិញ​ ប្រទេស​វៀតណាម ៤. ឈ្មោះ​ង្វៀង ធី​ហ៊ីវ​ ភេទ​ស្រី អាយុ២០​ឆ្នាំ​ រស់នៅ​ភូមិ រឹង​យ៉ូ​វ ឃុំ​ទៀង​ធឺ​ង ស្រុក​បេន​កូវ ខេត្ត​តៃនិញ។

សាកសព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​ ភេទ​ប្រុស ជា​ជនជាតិ​ វៀតណាម ​ត្រូវ​បាន​សមត្ថកិច្ច​​​យក​មក​ទុក​នៅ​វត្ត​ពោធិ​ថ្មី​ ហៅ​វត្ត​បាវិត​ ដើម្បី​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។ ប៉ុន្តែ​ដោយ​រក​សាច់ញាតិ​មិន​ឃើញ ​សមត្ថកិច្ច​បាន​យក​សព​បញ្ចុះ​នៅ​វត្ត​ទួល​តាឡុ​ក​ស្ថិតនៅ​ភូមិ​បាវិត​កណ្ដាល ​សង្កាត់​បាវិត ​ក្រុង​បាវិត​កាលពី​វេលា​ម៉ោង​២​​រសៀល​ ថ្ងៃ​ទី​១៤​ ខែ​មីនា ឆ្នាំ​២០១៦​ ហើយ​បន្ត​ស្រាវជ្រាវ​រក​សាច់ញាតិ​ និង​ក្រុម​គ្រួសារ​រហូត​ដល់​ថ្ងៃ​ទី​១៥​ ខែ​មីនា ​វេលា​ម៉ោង​២​​រសៀល​ទើប​រក​ឃើញ​សាច់ញាតិ​ឲ្យ​មក​ពិនិត្យ​បាន​ដឹង​ថា​ពិតជា​ប្តី​របស់​ខ្លួន​ប្រាកដ​មែន។

នៅ​វេលា​ម៉ោង​៤​​រសៀល​ទើប​ក្រុម​គ្រួសារ​មក​ជួប​ជុំ​ ហើយ​គាស់​សព​នៅ​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល។ រីឯ​ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​​ សង្កាត់​បាវិត​ ក្រុង​បាវិត​នោះ​ ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​វាយ​ជំរិត​ទារ​ប្រាក់​ពី​ជនរងគ្រោះ​ មូលហេតុ​ជនរងគ្រោះ​ជំពាក់​លុយ​ក្រុម​រ៉ូ​លីង​ ក្នុង​កាស៊ីណូ​ពិភព​ថ្មី​យក​ទៅ​លេងល្បែង​ចាញ់​អស់​ទៀត​ គ្មាន​ប្រាក់​សង ​ក៏​ត្រូវ​ក្រុម​រ៉ូ​លីង​ចាប់​បង្ខាំ​ក្នុង​បន្ទប់​លេខ​៣០៣​កាស៊ីណូ​ពិភព​ថ្មី​ដើម្បី ជំរិត​ឲ្យ​ក្រុម​គ្រួសារ​ជនរងគ្រោះ​យក​ប្រាក់​មក​លស់​ ក៏ប៉ុន្តែ​ជនរងគ្រោះ​មិន​ព្រម​ ទើប​ក្រុម​ជន​សង្ស័យ​វាយ​ធ្វើ​ទារុណកម្ម​រហូត​បណ្ដាល​ឲ្យ​​​ស្លាប់​បាត់​បង់ជីវិត​តែ​ម្ដង។

ប្រភព​ពី​សមត្ថកិច្ច​បន្ត​ទៀត​ថា​ ក្រោយ​មក​មាន​ពលរដ្ឋ​ល្អ​​​ បម្រើការ​ក្នុង​កាស៊ីណូ​ពិភព​ថ្មី​ឃើញ​ក៏បាន​ប្ដឹង​មក​សមត្ថកិច្ច ​នគរបាល​ក្រុង​បាវិត​ ហើយ​លោក​អធិការ​នគរបាល​ក្រុង​បាវិត​​ ក៏បាន​រាយការណ៍​មក​លោក​ស្នងការដ្ឋាន​ នគរបាល​​ខេត្ត ​និង​រាយការណ៍​ជូន​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ស្វាយរៀង​ បាន​ចុះ​ដឹកនាំ​កម្លាំង​ស្នាក់​ការ​នគរបាល​ខេត្ត​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​កុយ​ សុភាព​ ស្នងការ​រង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ ចុះ​ដល់​កន្លែង​កើតហេតុ​ចាប់​បាន​ជន​ជនសង្ស័យ​៤​នាក់​ជា​ជនជាតិ​វៀតណាម​យក​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា ​ជនរងគ្រោះ​លេងល្បែង​ចាញ់​អស់ហើយ​បាន​ខ្ចី​ប្រាក់​ក្រុម​រ៉ូ​លីង​យក​ទៅ​លេងល្បែង​បន្ត​ចាញ់​អស់​ទៀត ​ហើយ​គ្មាន​ប្រាក់​សង​ក្រុម​រ៉ូ​លីង​វិញ​ ទើប​ក្រុម​រ៉ូ​លីង​វាយ​ធ្វើ​ទារុណកម្ម ​ដោយ​យក​ដំបង​ដែក​វាយ​បាក់ឆ្អឹង​ជំនីរ​២​ទ្រាស​ទាំងសងខាង​ និង​បាន​យក​ដំបង​ដែក​បុក​ដងខ្លួន​ និង​ឆក់​នឹង​ដំបង​ឆក់​ ឬ​ឆក់​នឹង​ខ្សែភ្លើង​លើ​ដងខ្លួន​ជាច្រើន​កន្លែង​រហូត​ដល់​ជនរងគ្រោះ​ទ្រាំ​មិនបាន ​ក៏​បណ្ដាល​ឲ្យ​ស្លាប់​តែ​ម្ដង។ ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជន​សង្ស័យ​ទាំង​បួន​នាក់​ខាង​លើ​គឺ​ស្នាក់​នៅ​ក្នុង​បន្ទប់​ដែល​ធ្វើ​ទារុណកម្ម ​ជនរងគ្រោះ​ដល់​ស្លាប់​ ក៏​ប៉ុន្តែ​​​ជន​ដៃដល់​ ដែល​ជា​អ្នក​ជួល​បន្ទប់​៣០៣​ បង្ខាំង​ធ្វើ​ទារុណកម្ម​ជនរងគ្រោះ​បាន​រត់​គេច​ខ្លួន​បាត់​ហើយ។ ទោះ​បី​ជា​យ៉ាងណា ​សមត្ថកិច្ច​បាន​បញ្ជូន​ជន​សង្ស័យ​ទាំង​៤​នាក់​នេះ​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្វាយរៀង​ដើម្បី​សាកសួរ​បន្ត​មិន​ដឹង​ថា​ជាប់​ពាក់ព័ន្ធ​អំពើ​ឃាតកម្ម​នេះ ឬ​យ៉ាង​ណា​នោះ​ទេ៕