តាម​ម្ដាយ​ទៅ​ផ្លាស់​គោ​ ដូច​ទៅ​ស្លាប់​ដោយសារ​ចុះ​លេង​ទឹកស្រះ

តាម​ម្ដាយ​ទៅ​ផ្លាស់​គោ​ ដូច​ទៅ​ស្លាប់​ដោយសារ​ចុះ​លេង​ទឹកស្រះ



បាត់ដំបង​ ៖​ ក្មេង​ស្រី​ម្នាក់​ ដែល​ទើប​តែ​មាន​អាយុ​៨​ឆ្នាំ​ បាន​ស្លាប់​យ៉ាង​វេទនា​នៅ​ក្នុង​ទឹក​ ខណៈ​ដែល​ក្មេង​ស្រី​រូប​នេះ​បាន​ដើរ​ទៅតាម​ម្ដាយ​ ពេល​ទៅ​ផ្លាស់​គោ​នៅ​ខាង​ក្រោយ​ផ្ទះ​ ហើយ​បាន​ឆ្លៀត​ចុះ​ទៅ​លេង​ទឹកស្រះ​ម្នាក់ឯង ក៏​ត្រូវ​បាន​លង់ទឹក​ស្លាប់​តែ​ម្ដង។

ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​១៥​ ខែ​មីនា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​២​រសៀល​ត្រង់​ចំណុច​បង្កាំផ្អែម ក្នុង​ភូមិ​ទួល​ខ្វាវ ឃុំ​បារាំង​ធ្លាក់​ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​ ដោយសារតែ​មានការ​ឆោឡោ​ពី​សំណាក់​ម្តាយ​របស់​ក្មេង​ស្រី​រងគ្រោះ ​នៅ​ពេល​ដែល​ប្រទះឃើញ​កូន​លង់​ទឹកស្រះ​ខាងក្រោយ​ផ្ទះ។

តាម​ការ​អះអាង​ពី​ស្ត្រី​ជា​ម្តាយ​ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា កូនស្រី​របស់​គាត់​មាន​ឈ្មោះ​យុន គឹម​ឡាង ​អាយុ​៨​ឆ្នាំ ​ហើយ​នៅ​មុន​ពេល​កើតហេតុ រូប​គាត់​បាន​ដើរ​ទៅ​ខាង​ក្រោយ​ផ្ទះ​ដើម្បី​ផ្លាស់​ចំណង​គោ ដោយ​មិនបាន​ចាប់អារម្មណ៍​ថា​កូនស្រី​របស់​ខ្លួន​ដើរ​តាម​ពីក្រោយ​នោះ​ទេ។ លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​ស្រាប់តែ​ឃើញ​ស្បែកជើង​របស់​កូនស្រី​គាត់​ស្ថិតនៅ​នឹង​មាត់​ស្រះ​ទឹក​ខាង​ក្រោយ​ផ្ទះ​ ទើប​សង្ស័យ​គាត់​ ក៏បាន​ស្រែក​ហៅ​រក​កូន​តែ​មិន​ឮ​ចម្លើយ អ្វី​ទាំងអស់ គាត់​ក៏បាន​ស្រែក​ឲ្យ​អ្នកភូមិ​ជួយ​ ព្រោះ​ដឹង​ច្បាស់​ថា​កូនស្រី​ប្រាកដជា​ចុះ​ទៅលេង​ក្នុង​ទឹកស្រះ​ហើយ​លង់ទឹក​ជាមិនខាន។

ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ពិត​ដូច​ការ​ស្មាន​មែន​ព្រោះ​ពេល​ដែល​អ្នកភូមិ​មក​ជួយ​រាវរក ក៏បាន​ប្រទះឃើញ​កូនស្រី​នៅ​ក្នុង​ស្រះ​នោះ​ស្លាប់​បាត់​ទៅ​ហើយ បើ​ទោះ​បី​ជា​ពួកគេ​ខំប្រឹង​ជួយ​រលាក់​ទឹក​យ៉ាងណាក៏ដោយ ក៏​នាង​មិន​រស់​ឡើងវិញ​ដែរ។ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​ក៏បាន​ចុះ​មក​ត្រួតពិនិត្យ​គឺ​បាន​បញ្ជាក់​ថា ក្មេង​ស្រី​ពិតជា​បាន​លង់​ទឹកស្រះ​ស្លាប់​មែន ហើយក៏​បាន​ប្រគល់​សព​ក្មេង​ស្រី​ទៅ​ឲ្យ​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

តាម​ម្ដាយ​ទៅ​ផ្លាស់​គោ​ ដូច​ទៅ​ស្លាប់​ដោយសារ​ចុះ​លេង​ទឹកស្រះ