គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៥​មីនា ​កើតឡើង​៥​លើក

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី​១៥​មីនា ​កើតឡើង​៥​លើក



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន​៥​លើក ក្នុង​នោះ​យប់​២​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១​នាក់ (ប្រុស) រង​របួស​ធ្ងន់​៧​នាក់ (ប្រុស) និង​របួសស្រាល​១​នាក់ (ប្រុស)។
នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បណ្ដាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៨​គ្រឿង​រួមមាន ម៉ូតូ​ចំនួន​៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន​១​គ្រឿង។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​កើតមាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន២​លើក , មិន​គោរព​សិទ្ធិ២​លើក , និង​បត់​គ្រោះថ្នាក់១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ចរាចរណ៍​៥​នាក់ (​យប់​៣​នាក់​)។ គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ​រួមមាន ផ្លូវជាតិ​ចំនួន​១​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន​៤​លើក។ ដោយឡែក​យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ​៣​លើក និង​រថយន្ត​ធុន​តូច​២​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បន្ត​ទៀត​ឲ្យ​ដឹង​ថា ខេត្ត​-​រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន​រួមមាន ខេត្ត​កំពង់ចាម ១​លើក ស្លាប់​១​នាក់ របួស​១​នាក់ ខេត្ត​ក្រចេះ​២​លើក របួស​៣​នាក់ ខេត្ត​តាកែវ​១​លើក របួស​២​នាក់ និង​ខេត្ត​កោះកុង​១​លើក របួស​២​នាក់។

ប្រភព​ព័ត៌មាន​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៨៩៤៦​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៤.៨០៦​គ្រឿង ពិន័យ​សរុប​៤១៤០​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​១.៧០៨​នាក់៕