ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កើន​ដើមទុន​ និង​កម្ចី​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​រហូត​ដល់​២០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កើន​ដើមទុន​ និង​កម្ចី​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​រហូត​ដល់​២០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ



ភ្នំពេញ ​៖ ​នៅ​ក្នុង​ជំនួប​ជាមួយ​លោក​ទេសរដ្ឋមន្ត្រី​ ស៊ុន ចាន់ថុល ​រដ្ឋមន្ត្រី​ ក្រសួងពាណិជ្ជកម្ម​ នៅ​ទីស្ដីការ​ ក្រសួង ​កាលពី​ថ្ងៃ​ទី​១៤ ​ខែ​មីនា លោក​Samiuela T. Tukuafu នាយក​គ្រប់គ្រង​ថ្មី​នៃ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ថា ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្កើន​ដើមទុន ​និង​ប្រាក់កម្ចី​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​រហូត​ដល់​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំ​ក្រោយ។

នៅ​ក្នុង​ឱកាស​នោះ​ លោក​Tukuafu​បាន​សម្ដែង​នូវ​ការ​កោតសរសើរ​របស់​ខ្លួន​ចំពោះ​កិច្ច​សហប្រតិបត្តិការ​កំពុង​បន្ត​រវាង​ក្រសួងពាណិជ្ជកម្ម​ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​បាន​ទន្ទឹង​រង់ចាំ​ដើម្បី​បំពេញការងារ​បន្ត​ទៀត​ ទាក់ទង​នឹង​ផែនការ​យុទ្ធសាស្ត្រ​រយៈពេល​មធ្យម និង​ការពិភាក្សា​បន្ត​ជាមួយ​ក្រសួង។

លោក​Tukuafu ​បាន​ជម្រាប​ជូន​លោក​ទេសរដ្ឋមន្ត្រី​ថា​ ៖​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​បង្កើន ដើមទុន​ និង​ប្រាក់កម្ចី​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​រហូត​ដល់​២០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​សម្រាប់​ឆ្នាំក្រោយ ហើយ​ថា​ខ្លួន​នឹង​ផ្ដោត​ជា​សំខាន់​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​បញ្ហា​អន្តរ​វិស័យ​ពាក់ព័ន្ធ​នឹង​វិស័យ​ហិរញ្ញវត្ថុ និង​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ដែល​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​អាច​ទទួល​បាន​ការអប់រំ​ថ្នាក់ខ្ពស់ និង​ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ។

លោក​ទេសរដ្ឋមន្ត្រី បាន​សម្ដែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​ និង​ការចូលរួម​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​បាន​ជម្រាប​ជូន​លោកនាយក​ធនាគារ​អំពី​កំណែទម្រង់​នានា ដែល​កំពុង​ដំណើរការ​នៅ​ក្រសួងពាណិជ្ជកម្ម ​ដើម្បី​សម្របសម្រួល​ដល់​វិស័យ​ពាណិជ្ជកម្ម​និង​ការ​វិនិយោគ។

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាន​ស្នើសុំ​ការ​គាំទ្រ​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​សម្រាប់​កម្មវិធី​កសាង​សមត្ថភាព​ដ៏​មាន​សារសំខាន់ ច្បាប់​ស្ដីពី​ការ​ប្រកួតប្រជែង និង​កិច្ច​ការពារ​អ្នកប្រើប្រាស់​ដែល​មិន​ទាន់​បាន​បញ្ចប់ វិស័យ​អាទិភាព​សំខាន់ៗ​ដែល​បាន​កំណត់​រួច​ហើយ និង​ការ​គាំទ្រ​ដល់​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​ការទិញ​ផលិតផល​កម្ពុជា ដែល​ជា​ការ​ជំរុញ​លើកទឹកចិត្ត​ដល់​ការ​កសាង​ម៉ាក​យីហោ​ក្នុងស្រុក និង​ការ​លើក​កម្ពស់​ផលិតកម្ម នៅ​ក្នុង​ប្រទេស៕
ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កើន​ដើមទុន​ និង​កម្ចី​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​របស់​ខ្លួន​រហូត​ដល់​២០០​លាន​ដុល្លារ​សម្រាប់​ឆ្នាំក្រោយ