ចាប់ខ្លួន​ជនសង្ស័យ​០២​នាក់​ ករណី​ស្ទាក់​វាយ​មន្ត្រី​ប៉ូលិស​ដោយសារ​រឿង​គំនុំ​

ចាប់ខ្លួន​ជនសង្ស័យ​០២​នាក់​ ករណី​ស្ទាក់​វាយ​មន្ត្រី​ប៉ូលិស​ដោយសារ​រឿង​គំនុំ​



សៀមរាប ៖ ផ្ដើម​ចេញពី​ភ្លើង​គំនុំ​អស់​ពេល​ជាច្រើន​ឆ្នាំកន្លងមក​ហើយ​ដែល​ប៉ូលិស​ស្រុក​អង្គរជុំ ​បាន​ចាប់​សាច់ញាតិ​របស់​ខ្លួន​ដាក់គុក​ ទើប​ជនសង្ស័យ​ចំនួន​០២​នាក់​បាន​ចាំ​ស្ទាក់​វាយ​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​ដូង​ម្នាក់ ខណៈ​កំពុង​ដើរ​ល្បាត​ក្នុង​មូលដ្ឋាន​ឲ្យ​រង​របួស​ធ្ងន់។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​១៥ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​ចំណុច​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្ត​សៀមរាប។

លោក​វរសេនីយ៍ត្រី ម៉ាន់ សុខា​ត់ អធិការ​នគរបាល​ស្រុក​អង្គរជុំ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៦​មីនា​នេះ​ថា ហេតុការណ៍​នោះ​បាន​កើតឡើង​បន្ទាប់ពី​កម្លាំង​របស់​លោក​ចុះ​ការពារ ​និង​ល្បាត​តាម​ភូមិ​ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ហើយ​ ជាក់ស្ដែង​នៅ​យប់​ថ្ងៃ​ទី​១៥ ខែ​មីនា ​ឆ្នាំ​២០១៦​ លោក ផាត់ ភឿន អាយុ​៥៥​ឆ្នាំ​ ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោក​ដូង​ត្រូវ​បាន​ក្មេង​ទំនើង​១​ក្រុម​ស្ទាក់​វាយ​រួច​គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​នៅ​ចំណុច​ភូមិ​ដូន​អែម ឃុំ​គោក​ដូង ស្រុក​អង្គរជុំ។​

លោក​បន្ត​ថា ពេលនោះ​មន្ត្រី​នគរបាល​រងគ្រោះ​បាន​ធ្វើការ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​កម្លាំង​សមត្ថកិច្ច​រួមការ​ងារ​ក្នុង​ការ​ចុះ​ជួយ​អន្តរាគមន៍ ​ភ្លាមៗ​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ហ៊ុមព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​០២​នាក់​ភ្លាមៗ​ នាំមក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជុំ​តែម្ដង។​ លោក​បន្ថែម​ថា តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​សារភាព​ថា ពួកគេ​ខឹង​នឹង​ជនរង​គ្រោះ​ដែល​បាន​ចាប់​បង​ប្អូន​គេ​កាលពី​ឆ្នាំ​២០១៣​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​(​ស្ទាក់​វាយ​ពលរដ្ឋ​បណ្ដាល​ឲ្យ​ស្លាប់​ចំនួន​២​នាក់​)។

លោក​អធិការ​បាន​បន្ថែម​ទៀត​ថា ជនសង្ស័យ​០២​នាក់​ខាងលើ​មាន ១-ឈ្មោះ ឡាក់ ផាន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។ ២-​ឈ្មោះ អួន ឃាត់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ។ ជនសង្ស័យ​ទាំង​០២​នាក់​រស់​នៅ​ភូមិ​ដូន​អែម ​ឃុំ​គោក​ដូង ​ស្រុក​អង្គរជុំ​ ខេត្ត​សៀមរាប ហើយ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប ដើម្បី​បញ្ជូន​ពួកគេ​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​