បទល្មើស​ប្លន់​ផ្ទួនៗ​បង្ហាញ​ពី​អសមត្ថភាព​របស់លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន

ករណី​ប្លន់​២​លើក​នៅក្នុង​ទឹកដី​ខណ្ឌចំការមន កាលពី​យប់​ថ្ងៃទី​១៥​និង​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ បានបង្ហាញ​យ៉ាងច្បាស់​ថា លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន ពុំមាន​សមត្ថភាព​រក្សា​សន្តិសុខ​សង្គម​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​នោះទេ​។ ដូច្នេះ​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនគួរ​ទុក​ឲ្យ​លោក យិន សាន កាន់តំណែង​ជា​អធិការនគរបាល​ខណ្ឌ​ចំការមន​តទៅទៀត​ឡើយ​។ ដោយហេតុថា លោក យិន សាន មានរឿង​អាស្រូវ​ជាច្រើន ជាពិសេស​រឿងអាស្រូវ​ពុករលួយ​ដែល​ត្រូវ​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​បន្តបន្ទាប់​។

ករណី​ប្លន់​លើក​ទី​១​កើតឡើង​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន កាល​វេលា​ម៉ោងជាង​១០​យប់ ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ដោយ​ជនសង្ស័យ​៥​ទៅ​៦​នាក់​បាន​ជិះ​ម៉ូតូ​៣​គ្រឿង​ប្រដាប់​ដោយ​ដាវ​សាំ​មូ​រ៉ៃ បានធ្វើ​សកម្មភាព​កាប់​ប្លន់​ជនរងគ្រោះ​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​MSX ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1FB-2016 ទៅ​បាត់​ដោយ​សុវត្ថិភាព​។ ក្រោយពេល​ក្រុមចោរ​ធ្វើ​សកម្មភាព​ប្លន់​រួច គឺ​ជនរងគ្រោះ​បាន​ត្រឹម​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ទំនប់ទឹក​ប៉ុណ្ណោះ ព្រោះ​ចោរ​បានគេច​ខ្លួន​អស់​ទៅហើយ​។ ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទំនប់ទឹក​បានលើកឡើង​ថា ក្នុង​មូលដ្ឋាន​ពួកគាត់​ចោរ​ធ្វើ​សកម្មភាព​ប្លន់​ជា​ញឹកញាប់ ហើយ​មិនដែល​ឃើញ​សមត្ថកិច្ច​ចាត់វិធានការ​បង្ក្រាបបាន​នោះទេ​។

​ករណី​ប្លន់​ទី​២​កើតឡើង​នៅវេលា​ម៉ោង​៤​ទៀបភ្លឺ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៦ នៅ​ចំណុច​ជិត​រង្វង់​មូល​ផ្សារ​ដើមថ្កូវ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយ​ជនល្មើស​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាកវ៉េវ ប្រើប្រាស់​កាំភ្លើងខ្លី​១​ដើម​ធ្វើ​សកម្មភាព​វាយ​ក្បាល​ជនរងគ្រោះ​ឈ្មោះ ហួយ កា​រូ​លីន អាយុ​២១​ឆ្នាំ យក​ម៉ូតូ​ម៉ាក​ZoomerX ពណ៌​ទឹកសមុទ្រ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FN-1678 យកទៅ​បាត់​។ ក្រុមចោរ​បាន​យក​កាបូបស្ពាយ​មួយ​របស់​ជនរងគ្រោះ​ផងដែរ ដោយ​នៅក្នុង​កាបូប​នោះ​មាន​ទូរស័ព្ទ​ម៉ាក​Iphon5S ១​គ្រឿង Iphone6S ១​គ្រឿង ខ្សែជើង​១​ខ្សែ និង​លុយ​៦០​ដុល្លារ​។ អំពើ​ប្លន់​ផ្ទួនៗ​ក្នុង​ខណ្ឌចំការមន​បែបនេះ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​បញ្ហា​អសន្តិសុខ​សង្គម ព្រោះ​ទាំង​អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន មិន​យកចិត្តទុកដាក់​ពង្រឹង​សន្តិសុខ​សង្គម​ដើម្បី​ផ្តល់​ភាពកក់ក្ដៅ​ដល់​ប្រជាពលរដ្ឋ​ឡើយ​៕

small_11963លោក យិន សាន អធិការនគរបាលខណ្ឌចំការមន khada754 425651b80a39827a24f7812ef505225b khada753