មេ​ឈ្មួញ អ៊ុក រ៉ា​ឌី​ន ដឹក​ដី​ចាក់​លុប​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១ នៅ​ស្រុក​ស្អាង យ៉ាង​គឃ្លើន​

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន បាន​ជីករណ្ដៅ​ដី​ជម្រៅ​ជាង​១០​ម៉ែត្រ ហើយ​ដឹក​អាចម៍ដី​យកទៅ​ចាក់​លុប​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​ដោយ​គ្មាន​មន្ត្រី​អាជ្ញាធរ ឬ​មន្ត្រី​មន្ទីរ​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​។ ទាក់ទង​នឹង​បញ្ហា​នេះ​ប្រជាពលរដ្ឋ​សង្ស័យថា អភិបាលស្រុក​ស្អាង ទំនងជា​ទទួលបាន​ផលប្រយោជន៍​ពី​មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ទើប​បណ្ដោយ​ឲ្យ​ឈ្មួញ​រូបនេះ​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​។ ប្រជាពលរដ្ឋ​បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល ពិនិត្យមើល​បញ្ហា​នេះ​ផងដែរ ព្រោះ​កំពុង​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​នឹង​ផលប៉ះពាល់​យ៉ាង​ពេញបន្ទុក​។

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​រកា​ខ្ពស់ បាន​ឲ្យ​ដឹងថា រណ្ដៅ​ដី​គ្មាន​ច្បាប់​របស់​មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន មាន​ជម្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ និង​ទំហំ​ប្រមាណ​៤​ហិកតា ហើយ​អាចម៍ដី​ត្រូវបាន​ដឹកជញ្ជូន​យកទៅ​ចាក់​លុប​ផ្ទៃ​បឹង​ជាច្រើន​ហិកតា ដើម្បី​ធ្វើជា​ឃ្លាំង​របស់​ក្រុមហ៊ុន​។ កន្លងមក​មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ធ្លាប់​ជីករណ្ដៅ​ដី​មាន​ជម្រៅ​ជ្រៅៗ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ ហើយ​ប្រើប្រាស់​រថយន្ត​ដឹក​ដី​ធំៗ​ធ្វើ​ឲ្យ​ខូច​ផ្លូវ​និង​ដី​ហុយ​រំខាន​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។ ក៏ប៉ុន្តែ​អភិបាលស្រុក​ស្អាង ក៏ដូចជា​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកណ្ដាល មិន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ​ទោះបី​ប្រជាពលរដ្ឋ​តវ៉ា​ជា​បន្តបន្ទាប់​យ៉ាងណាក៏ដោយ​។

​មន្ត្រីរាជការ​ក្នុងស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹងថា ទំនងជា​មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន មាន​ខ្នងបង្អែក​រឹងមាំ​ទើប​អាច​ជីករណ្ដៅ​ដី​ទំហំ​ប្រមាណ​៤​ហិកតា និង​មាន​ជម្រៅ​ជាង​១០​ម៉ែត្រ ហើយ​ដឹក​អាចម៍ដី​ទៅ​ចាក់​លុប​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ សកម្មភាព​របស់​មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ក្នុងការ​ចាក់ដី​លុប​បឹង​អតីត​ឡូត៍​នេសាទ​លេខ​១​នៅ​ភូមិ​ទួល​ក្រសាំង ឃុំ​រកា​ខ្ពស់ ស្រុក​ស្អាង ខេត្តកណ្ដាល កំពុង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាត់បង់​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​ទៀតផង​។ ដូច្នេះ​លោក ម៉ៅ ភិ​រុណ អភិបាលខេត្ត​កណ្ដាល គួរ​ចាត់វិធានការ​ទប់ស្កាត់​ជាបន្ទាន់ ព្រោះ​រណ្ដៅ​ដី​រប​ស់មេ​ឈ្មួញ​ឈ្មោះ អ៊ុក រ៉ា​ឌី​ន ត្រូវបាន​គេ​ដឹងថា​គ្មាន​ច្បាប់​អនុញ្ញាត​នោះទេ ហើយ​ការចាក់ដី​លុប​បឹង​សាធារណៈ​របស់​រដ្ឋ គឺជា​អំពើ​ខុសច្បាប់​ទាំងស្រុង​និង​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ទៀតផង​៕

????????????????????????????????????

sew-1-68 sew-89