អាជីវកម្ម​បូម​ខ្សាច់​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពលរ​ដ្ឋ​សង្កាត់​វាល​ស្បូវ​

​ប្រជាពលរដ្ឋ​រាប់សិប​គ្រួសារ នៅក្នុង​ភូមិ​ក្ដី​តា​កុយ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង ពី​អាជីវកម្ម​បូម​ខ្សាច់​និង​លាយ​បេតុង​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ ហេតុនេះហើយ​ទើប​ពួកគាត់​ប្ដឹង​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ជួយ​រក​ដំណោះស្រាយ​។ មន្ត្រី​អាជ្ញាធរ​ភូមិ​ក្ដី​តា​កុយ និង​អាជ្ញាធរ​សង្កាត់​វាល​ស្បូវ បាន​លើកឡើងថា ឧកញ៉ា ឈន សា​រ៉ា​ណេ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​មិន​ខ្វល់​ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ឡើយ​។ ដូច្នេះហើយ​ទើប​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​វិធានការ​របស់​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ក្នុងការ​ផ្អាក​អាជីវកម្ម​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ កាលពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦​។

​ប្រភពពី​ប្រជាពលរដ្ឋ​ក្នុងភូមិ​ក្ដី​តា​កុយ បាន​ឲ្យ​ដឹងថា ពួកគាត់​៤១​គ្រួសារ​បាន​រង​ផលប៉ះពាល់​ដោយសារ​ទីតាំង​បូម​ខ្សាច់​និង​លាយ​បេតុង​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ ជា​យូរ​មកហើយ​ដូចជា​ធ្វើ​ឲ្យ​ទឹក​លិច​ផ្ទះសម្បែង​ជាដើម​។ កាលពី​ថ្ងៃទី​១៥ ខែមីនា អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​ចុះទៅ​ប្រកាស​ផ្អាក​បណ្ដោះអាសន្ន​នូវ​អាជីវកម្ម​បូម​ខ្សាច់ និង​លាយ​បេតុង​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រីករាយ​យ៉ាងខ្លាំង​។ ជាងនេះទៅទៀត​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​ក៏បានផ្ដល់​សិទ្ធិ​ឲ្យ​ប្រជាពលរដ្ឋ​រាយការណ៍​គ្រប់ពេលវេលា​ប្រសិនបើ​ឧកញ៉ា ឈន សា​រ៉ា​ណេ បន្តសកម្មភាព​បូម​ខ្សាច់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​តទៅទៀត​។

មន្ត្រី​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ បាន​ឲ្យ​ដឹងថា កន្លងមក​ទីតាំង​បូម​ខ្សាច់​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ ពុំមាន​កន្លែង​បង្ហូរទឹក​ចេញ​នោះទេ​ដោយសារ​មេ​ឈ្មួញ​រូបនេះ​មិនបាន​ធ្វើ​លូ​សម្រាប់​បង្ហូរ​កាកសំណល់​ពី​ទីតាំង​អាជីវកម្ម​របស់ខ្លួន​។ ហេតុនេះហើយ​ទើប​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​៤១​គ្រួសារ រហូតដល់​ប្រជាពលរដ្ឋ​ទ្រាំ​តទៅទៀត​លែង​បាន​ក៏​ដាក់ពាក្យ​បណ្ដឹង​ទៅ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​ទីតាំង​បូម​ខ្សាច់​របស់​ឧកញ៉ា ឈន សា​រ៉ា​ណេ មាន​ចម្ងាយ​ប្រមាណ​៥០​ម៉ែត្រ​ពី​សាលាសង្កាត់​វាល​ស្បូវ ប៉ុន្តែ​កន្លងមក​អាជ្ញាធរ​សង្កាត់​បែរជា​ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ទៅវិញ​។ ជាងនេះទៅទៀត​ឧកញ៉ា ឈន សា​រ៉ា​ណេ ដែលជា​អ្នកមាន​ទ្រព្យសម្បត្តិ​ស្ដុកស្ដម្ភ​គិតតែ​ពី​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​រហូត​ធ្វើ​ឲ្យ​ទឹក​ជន​លិច​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ដោយសារ​តែមាន​ភាពមានបាន​របស់ខ្លួន​ទៀតផង​៕

abc-1-7 abc-4-5 abc-14