​អ្នកជំនួញ​រិះគន់​ចំណត​ភាស៊ី​ចាំ​ទារលុយ​រថយន្ត​ដឹកទំនិញ​ឆ្លង​ពី​ខេត្តបាត់ដំបង​ទៅ​ខេត្ត​ប៉ៃលិន​

​ការដាក់​ប៉ុស្តិ៍​កុងត្រូល​ភាស៊ី​ចាំ​ទារលុយ​ពី​កសិករ​ធ្វើ​ឡើងជា​យូរ​មកហើយ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន ជាពិសេស​ឱ្យតែ​ដល់​រដូវ​ប្រមូល​ផល​ស្រូវ ពោត និង​ដំឡូង​មី ដោយ​គេ​តម្រូវឱ្យ​បង់ប្រាក់​ចាប់ពី​៣០០០​រៀល រហូតដល់​១​ម៉ឺន​រៀល តាម​រថយន្ត​តូច ឬ​ធំ  ហើយ​បើ​មិន​បង់​ទេ​គេ​មិន​អនុញ្ញាតឱ្យ​ដឹក​កសិក​ផល​ទៅ​លក់ដូរ​បាន​នោះឡើយ នេះ​ជាការ​បញ្ជាក់​របស់​ឈ្មួញ​ដែល​រកស៊ី​ដឹក​កសិផល​ពី​ក្នុង​ខេត្តបាត់ដំបង និង​ខេត្ត​ប៉ៃលិន យកទៅលក់​នៅ​ព្រំដែន​សៀម​។​

​ពាក់ព័ន្ធ​បញ្ហា​នេះ លោក អ៊ិន សា​វរិ​ទ្ធ អភិបាលស្រុក​សំឡូត បាន​ថ្លែង​ការពារ​ខ្លួន​ថា ខាង​លោក​អត់​បានដឹង​រឿង​យកលុយ​ទេ ហើយក៏​មិនបាន​បញ្ជា​ឱ្យ​នរណាម្នាក់​ដាក់​ប៉ុស្តិ៍​កុងត្រូល យក​ភាស៊ី​ចំណតរថយន្ត​ពី​ប្រជាពលរដ្ឋ​ដឹក​កសិក​ផល​ទាំង​នោះដែរ​។  បើទោះជា​មានការ​ឆ្លើយ​យករួចខ្លួន​យ៉ាងណាក៏ដោយ ក៏​អ្នកយាម​កន្លែង​យកលុយ​ពី​រថយន្ត​បាន​អះអាងថា អភិបាលស្រុក​សំឡូត គឺ​លោក អ៊ិន សា​វរិ​ទ្ធ ជា​អ្នកបញ្ជា​ឱ្យ​យក​ភាស៊ី​ថ្លៃ​ដឹក​កសិផល​ខាងលើ ។​

​បើតាម​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​លើកឡើងថា កុងត្រូលជជុះ ដែល​ដាក់​ចាំ​ទារលុយ ស្ថិតនៅ​ក្នុងភូមិ​កំពង់ទូក ឃុំ​មានជ័យ ស្រុក​សំឡូត ខេត្តបាត់ដំបង នៅជាប់​នឹង​ព្រំប្រទល់ ភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវបាន​គេ​ដាក់​ប្រចាំការ​ដោយ​គ្មាន​ខ្លាចញញើត​ឡើយ បើ​ទោះ​វា​ជា​អំពើ​ល្មើសច្បាប់​ក៏ដោយ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា មន្ត្រី​ជំនាញ​មិនបាន​ការពារ​ផលប្រយោជន៍​ប្រជាពលរដ្ឋ​នោះទេ តែ​បែរជាយក​អំណាច​មក​គាបសង្កត់​ប្រជាពលរដ្ឋ​ទៅវិញ​។​

​អ្នករកស៊ី​ដឹក​កសិផល​ទៅកាន់​ទីផ្សារ និង​យកទៅលក់​ឲ្យ​ឈ្មួញ​សៀម​នៅតាម​ព្រំដែន​បាន​សំណូមពរ​ឱ្យ​អាជ្ញាធរខេត្ត​ទាំងពីរ​ចុះ​ត្រួតពិនិត្យ​ចំពោះ​កុងត្រូលជជុះ​នៅក្នុង​ស្រុក​សំឡូត និង​កន្លែង​ផ្សេងៗ​ផង ។ ប្រភព​ដដែល​បាន​រិះគន់ថា បើ​លោក អ៊ិន សា​វរិ​ទ្ធ អភិបាលស្រុក​សំឡូត ពិតជា​ស្អាតស្អំ​មិន​ពាក់ព័ន្ធ​នឹង​ការ​គាប​យកលុយ​ពី​ប្រជាពលរដ្ឋ រូបគាត់​គួរតែ​ដោះស្រាយ​បញ្ហា​ង​ខាងលើ ឬ​រុញ​បញ្ហា​ទៅ​ថ្នាក់លើ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​ឆាប់​៕

Pic25 Pic25 - Copy