អង្គ​ជំនុំជម្រះ​សាលាដំបូង​សួរ​ដេញដោល​អ្នក​ជំនាញ​ស្ដីពី​ការ​សម្លាប់​មនុស្ស​នៅ​កំពង់ចាម

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា បន្ត​សវនាការ​សួរ​ដេញដោល​ អ្នក​ជំនាញ​ស្ដីពី​ការ​សម្លាប់​មនុស្ស​នៅ​ខេត្ត​កំពង់ចាម។

អ្នក​ជំនាញ​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម លោក អាឡិចសែនឌើរ ហ៊ីនតុន (Alexander Hinton) គឺ​ជា​សាស្ត្រាចារ្យ​នរវិទ្យា និង​ជា​នាយក​ផ្នែក​សិក្សា​អំពី​ការ​ប្រល័យ​ពូជសាសន៍ និង​សិទ្ធិមនុស្ស នៃ​សកលវិទ្យាល័យ រ៉ាត់ហ្គើរ (Rutgers University) សហរដ្ឋអាមេរិក។

សាស្ត្រាចារ្យ អាឡិចសែនឌើរ ថ្លែង​ថា ឧក្រិដ្ឋកម្ម​កាប់​សម្លាប់​នៅ​ក្នុង​របប​ខ្មែរក្រហម ទាំង​ប្រជាជន​ចាស់ និង​ប្រជាជន​ថ្មី​រង​គ្រោះ​ដូច​គ្នា។ ប៉ុន្តែ ប្រជាជន​ថ្មី​រងគ្រោះ​ខ្លាំង​ជាង៖ «ប្រជាជន​ថ្មី​គេ​សម្លាប់​ច្រើន​ជាង ដោយសារ​តែ​គាត់​មិន​មាន​មនសិការ​បដិវត្តន៍​ខ្ពស់ ហើយ​គាត់​នៅ​ក្នុង​បរិយាកាស​មូលធន​និយម គាត់​រស់នៅ​ក្នុង​ជីវភាព​ឯកជន ដូច្នេះ​គាត់​មាន​ការ​ប៉ះពាល់​ច្រើន។ គ្រូបង្រៀន​ម្នាក់​ត្រូវ​បាន​កម្មាភិបាល​ម្នាក់​ការពារ ហើយ​ត្រូវ​យាយ យុត និង​យាយ រ៉ុម យក​ទៅ​សម្លាប់​ចោល។ ខ្ញុំ​អាច​និយាយ​បាន​ថា អ្នក​ដែល​ពាក់ព័ន្ធ​នឹង​របប​ចាស់​ត្រូវ​បាន​គេ​កំណត់​គោលដៅ»

សាស្ត្រាចារ្យ អាឡិចសែនឌើរ មាន​ប្រសាសន៍​ទៀត​ថា ជនជាតិ​វៀតណាម ត្រូវ​បាន​គេ​សម្លាប់​ដោយសារ​រើស​អើង​ពូជសាសន៍ ហើយ​ជនជាតិ​ចាម ត្រូវ​បាន​គេ​កំណត់​គោលដៅ និង​សម្លាប់​ដោយសារ​តែ​ជនជាតិ​ចាម ជា​ប្រភេទ​សាសនា​និយម ដែល​មិន​ស្រប​នឹង​សញ្ញាណ​នៃ​បដិវត្តន៍​បរិសុទ្ធ​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា។ ទាក់ទង​នឹង​ការ​សម្លាប់​នេះ​ដែរ លោក​បាន​ស្វែង​យល់​អំពី​សកម្មភាព​ប្រជាជន​មូលដ្ឋាន ហើយ​រក​ឃើញ​ថា អ្នក​នៅ​តាម​មូលដ្ឋាន​ធ្វើ​លើស​បញ្ជា។

អង្គ​ជំនុំជម្រះ​សាលាដំបូង​នឹង​បន្ត​ស្ដាប់​ការ​សួរ​ដេញដោល​សាស្ត្រាចារ្យ អាឡិចសែនឌើរ ទៀត​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។