គណបក្ស​ប្រឆាំង​បន្ត​រក្សា​ជំហរ​នយោបាយ​ស្ងៀមស្ងាត់

គណបក្ស​សង្គ្រោះ​ជាតិ​បង្ហាញ​ជំហរ និង​យុទ្ធសាស្ត្រ​នយោបាយ​មួយ​ចំនួន​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ដែល​នាំ​មក​នូវ​ការ​ផ្លាស់ប្ដូរ​មេដឹកនាំ​ថ្មី។

ការ​បង្ហាញ​នូវ​យុទ្ធសាស្ត្រ​នយោបាយ​នេះ ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ គណបក្ស​រយៈពេល​ពីរ​ថ្ងៃ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាល​ពី​ថ្ងៃ​ទី​១៤ និង​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ នេះ។

លទ្ធផល​នៃ​កិច្ចប្រជុំ​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​១៥ មីនា បង្ហាញ​នូវ​ចំណុច​ដែល​បាន​ដាក់​ឲ្យ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​ពិភាក្សា​ចំនួន ៤​ចំណុច ក្នុង​នោះ​គណបក្ស​បាន​សម្រេច​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់ ដោយ​មិន​ឆ្លើយ មិន​ឆ្លង មិន​ឈ្លោះ និង​ឈរ​លើ​គោលការណ៍​អហិង្សា ខ្មែរ​តែ​មួយ មិន​គុំកួន​សងសឹក មិន​យក​ខ្មែរ​ណា​ធ្វើ​ជា​សត្រូវ​ឡើយ។

កិច្ច​ប្រជុំ​ដដែល​នេះ​ក៏​បាន​បង្ហាញ​ជំហរ​ជាក់លាក់​មួយ​ថា រាល់​ចំណុច​ដែល​បាន​ពិភាក្សា និង​អនុម័ត​ទាំង​ឡាយ គឺ​ផ្ដោត​សំខាន់​ទៅ​លើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត ដើម្បី​នាំមក​នូវ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ។

កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នេះ​ដឹកនាំ​ដោយ​ប្រធាន និង​អនុ​ប្រធាន​គណបក្ស គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា។ លោក សម រង្ស៊ី ថ្លែង​នៅ​ពេល​បើក​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៤ មីនា ដោយ​ចាត់​ទុក​កិច្ចប្រជុំ​នៅ​ទីក្រុង​ម៉ានីល​នោះ ថា​ជា​កិច្ច​ប្រជុំ​ដ៏​មាន​តម្លៃ​មួយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។