គួរ​ឱ្យ​សង្វេគ! ​គ្រូបង្រៀនម្នាក់ ​ថប់ដង្ហើម​ស្លាប់​​​ទាំង​កូន​ក្នុង​ផ្ទៃ

​ខេត្ត​ពោធិ៍សាត់​ ៖ អ្នកគ្រូ កែវ វ​ណ្ណា អាយុ៤២​ឆ្នាំ ជានាយិកា​សាលា​បឋម​អូរ​ដេ​កា ស្ថិត​ក្នុងភូមិ​អូរ​ដេ​កា ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាល​វែង ​បាន​ស្លាប់​​​ទាំង​កូន​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ​ទៅ​ហើយ ដោយសារ​តែ​ជំងឺ​ថប់ដង្ហើម ​កាល​ពី​វេលា​ម៉ោង​៥​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមីនា ឆ្នាំ​២០១៦​​ ពេល​ដឹក​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តពោធិ៍សាត់ ​។

លោក ម៉ា សុ​ភី ​ត្រូវ​ជា​ប្តី​ស្ត្រី​រង​គ្រោះ និង​ជា​ប្រធាន​ភូមិ​អូរ​ដេ​កា ​បាន​​​ឲ្យ​ដឹង​ថា នៅ​ព្រឹក​​កើត​ហេតុ​ ប្រពន្ធ​គាត់​​​​កើត​មាន​​ជំងឺ​ថប់​ៗ​ដង្ហើម ​និង​​ណែន​ដើមទ្រូង ​ភ្លាមនោះ​​​គាត់​ក៏​ដឹក​​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ខណៈ​ពេល​បញ្ជូន​មក​នោះក៏​ឡើង​ស្លេះ​ស្ទះ​បំពង់ខ្យល់​ស្លាប់​តាម​ផ្លូវ​តែ​ម្តង ​។

លោក ម៉ា សុ​ភី​ បាន​​​បន្ត​ថា​ ​ប្រពន្ធ​គាត់​​មានកូន​ក្នុង​ផ្ទៃ​ជិត​​គ្រប់​ខែ​​​ហើយ ​​ជា​កូន​ទី​៣ ​​។ ​លោក​មាន​ការ​សោក​ស្តាយ​និង​ស្រែទ្រហោ​​យំ​បោក​ខ្លួនគួរ​ឱ្យ​សង្វេគ​ ​ព្រោះតែ​ក្តី​ស្រឡាញ់​​ អាណិត​ប្រពន្ធ​និង​កូន​ក្នុង​ផ្ទៃ ។

ជាមួយនឹង​ដំណឹង​មរណភាព​របស់​អ្នកគ្រូ កែវ វ​ណ្ណា ដែល​ជា​មន្ត្រីរាជការ​​ក្នុង​ខេត្តពោធិ៍សាត់​នេះ ​លោក ​ម៉ៅ ធនិន អភិបាល​​ខេត្ត​ពោធិ៍សាត់ និង​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ​​ចុះ​ទៅ​ជួប​ក្រុម​គ្រួសារ​សព​ភ្លាម​ៗនៅ​មន្ទីរពេទ្យ និង​ចូលរួម​រំលែក​​ទុក្ខយ៉ាង​ក្រៀម​ក្រំ​ជាមួយ​ក្រុម​គ្រួសារ​សព​ផង​ដែរ ​។

ក្នុង​នាម​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន និង​ក្នុង​នាម​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោក ម៉ៅ ធនិន បាន​ផ្តល់​ថវិកា២​លាន​រៀល​ដល់​ក្រុម​គ្រួសារនៃ​​សព ដើម្បី​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

គួរ​ឱ្យ​សង្វេគ! ​គ្រូបង្រៀនម្នាក់ ​ថប់ដង្ហើម​ស្លាប់​​​ទាំង​កូន​ក្នុង​ផ្ទៃ
គួរ​ឱ្យ​សង្វេគ! ​គ្រូបង្រៀនម្នាក់ ​ថប់ដង្ហើម​ស្លាប់​​​ទាំង​កូន​ក្នុង​ផ្ទៃ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត