​តើ​លោក Benjamin Franklin ​បិតា​​ស្ថាបនិក​​របស់​​អាមេរិក​ ​មាន​​​ប្រវត្តិ​តស៊ូ​​ ​និង​មាន​ភាព​ជោគជ័យ​​អ្វីខ្លះ​?

លោក ប៊ែនចាម៊ីន ហ្វេនគ្លីន (Benjamin Franklin) គឺជា​បិតា​ស្ថាបនិក​ម្នាក់​​ ក្នុង​ចំណោម​បិតា​ស្ថាបនិក​ជាច្រើន​ទៀត​របស់​សហរដ្ឋ​អាមេរិក។ ​​លោក គឺ​ជា​បុគ្គល​​​ដ៏​ល្បីល្បាញ​មួយ​រូប​ក្នុង​ប្រវត្តិសាស្ត្រ​របស់​អាមេរិក​ ​ព្រោះ​បាន​រួម​ចំណែក​ជួយ​សង្គម​អាមេរិក​ជាច្រើន​ រហូត​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភពអង់គ្លេស​ ថ្វីបើ​មិន​បាន​ដឹកនាំ​ប្រទេស​ក៏ដោយ​។ ​​​​ដោយសារតែ​បែបនេះ​ហើយ​បាន​ជា​ គេ​បាន​បញ្ចូល​រូបលោក​ទៅ​ក្នុង​ក្រដាសប្រាក់​ ១០០ ដុល្លារ​របស់​អាមេរិក​។

 

ជីវិត​កុមារភាព និង ការអប់រំ

Benjamin Franklin បាន​កើត​នៅ​ថ្ងៃ​ទី១៧ ខែ មករា​ឆ្នាំ​១៧០៦ នៅ​ក្នុង​គ្រួសារ​​ក្រីក្រ​មួយ​ដែល​មាន​ឪពុក​ជា​អ្នក​​ផលិត​ទៀន និង សាប៊ូ​ ចំណែក​ម្តាយ​ជា​ស្ត្រី​មេផ្ទះ។​ ​​ លោកមាន​បងប្អូន​ចំនួន​១០​នាក់​ ​ហើយ​លោក​គឺជា​កូន​ទី​៨​នៅ​ក្នុង​គ្រួសារ​មួយ​នេះ​។

 

និយាយ​អំពី​ការ​អប់រំ​វិញ​ Benjamin Franklin ​មិនបាន​ចូលរៀន​ក្នុង​សាលា​ផ្លូវការ​យូរ​នោះ​ទេ ពោល​គឺ​បាន​រៀនសូត្រ​ត្រឹម​តែ​២ឆ្នាំ​ប៉ុណ្ណោះ​ ហើយ​នៅអាយុ១០​ឆ្នាំ​ក៏​ឈប់​រៀន​តែម្តង មូលហេតុ​សំខាន់​គឺ​ដោយសារតែ​គ្រួសារ​មាន​ជីវភាព​ខ្សត់ខ្សោយ​ដែល​មិនអាច​ឲ្យ​ចំណាយ​លើ​ការ​សិក្សា​បាន​។​ ថ្វី​បើ​ការ​សិក្សា​នៅ​សាលា​មិនអាច​បន្ត​បាន​មែន ប៉ុន្តែ​ក្នុង​ចិត្ត​ក្មេងប្រុស​ម្នាក់​នេះ​មិនដែល​ចុះចាញ់​ជាមួយ​នឹង​ភាព​អវិជ្ជា​ជា​ដាច់​ខាត់ ដោយ​ខិតខំ​សិក្សា​រៀនសូត្រ​ដោយ​ខ្លួន​ឯង​ទៅតាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​។

 

ដោយសារតែ​ជីវភាព​លំបាក​បែបនេះ​ Benjamin​ត្រូវ​ជួយ​ការងារ​ឪពុក​ទាំង​ខ្លួន​នៅ​ក្មេង​នៅ​ឡើយ​ ប៉ុន្តែ​រាល់ពេល​ទំនេរ​ពី​ការងារ​ ​ក្មេងប្រុស​ដ៏​គួរ​ឲ្យ​អាណិត​នេះ​តែង​កាន់​សៀវភៅ​អាន​ស្ទើរ​គ្រប់​មុខវិជ្ជា​ ទោះបីជា​ពេលខ្លះ​នៅ​ក្រោម​កម្ដៅ​ថ្ងៃ​ក៏​ដោយ​។ លុះដល់​អាយុ​១២​ឆ្នាំ​ Benjamin​ បាន​ចាប់ផ្តើម​ធ្វើការ​នៅ​ក្នុង​ហាង​បោះពុម្ព​មួយ​កន្លែង​ដែល​ជា​កម្មសិទ្ធិ​របស់​បងប្រុស​បង្កើត​។ ​​​

 

​​ឈាន​ជើង​ចូលក្នុង​វិស័យ​បោះពុម្ពផ្សាយ​ កាសែត​​​

​នៅពេល​ធ្វើការ​នៅ​រោងពុម្ព​​របស់​បងប្រុស​នោះ Benjamin ​​ហាក់ដូចជា​មិនទាន់​ពេញចិត្ត​នៅ​ឡើយ ត្បិតអី​គាត់​គឺជា​មនុស្ស​ដែល​ចូលចិត្ត​អាន និង វិភាគ​លើ​រឿងរ៉ាវ​ជាច្រើន​។ ​លោក​ក៏​ចង់​សរសេរ​អត្ថបទ​​ដល់​កាសែត​​របស់​បងប្រុស​ខ្លួន​ដែរ​ ដើម្បី​ផ្តល់​ចំណេះដឹង​ដល់​​មនុស្ស​ក្នុង​សង្គម​ ប៉ុន្តែ​បងប្រុស​របស់​ខ្លួន​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​បែបនេះ​ឡើយ​។ ​​​

 

រហូតដល់​អាយុ​១៧​ឆ្នាំ ​កំលោះ​ម្នាក់​នេះ​ក៏​បាន​សម្រេច​ចិត្ត​ធ្វើដំណើរ​ទៅ​កាន់​ទីក្រុង ​Philadelphia​ ដើម្បី​ស្វែងយល់​បន្ថែម​ទៀត​អំពី​ការងារ​បោះពុម្ព​ផ្សាយ និង ដើម្បី​មាន​ឱកាស​បង្កើត​ការ​សែត​ផ្ទាល់​ខ្លួន​​​​។ នៅ​ទីនោះ​បាន​ត្រឹម​ ពីរបី​ខែ​ប៉ុណ្ណោះ Benjamin​ ក៏​ធ្វើដំណើរ​ទៅកាន់​​ប្រទេស​អង់គ្លេស​ដើម្បី​ ស្វែង​យល់​អំពី​ជំនាញ​បោះពុម្ព​កាសែត​ បន្ទាប់មក​ក៏​ត្រឡប់​មកកាន់​​ទីក្រុង Philadelphia​ ដោយ​បន្ត​អាជីព​ជា​អ្នក​បោះពុម្ពផ្សាយ​ដដែល​ ហើយ​កាល​នោះ​មាន​អាយុ​២០​ឆ្នាំ​។ ​​មួយ​រយៈ​ក្រោយ​មក​ លោក Benjamin ​​ក្លាយជា​អ្នក​បោះពុម្ពផ្សាយ​ការ​សែត​ Philadelphia Gazette។

 

លោក​បាន​ចេញផ្សាយ​អត្ថបទ​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង ហើយ​កេរ្តិ៍ឈ្មោះ​របស់​លោក​ក៏​កាន់តែ​ល្បីល្បាញ​ឡើង​ជាលំដាប់។ ការងារ​​នេះ​ហើយ​បាន​ធ្វើ​ឲ្យ​លោក​​ទទួល​បាន​ចំណូល​យ៉ាងច្រើន​ ។

 

ការ​បោះពុម្ព​សៀវភៅ​ប្រចាំឆ្នាំ​

​ដោយសារ​ទទួល​ជោគជ័យ​ ក្នុង​កា​បោះពុម្ពផ្សាយ​កាសែត​រួច​មក Benjamin ​​ក៏​បាន​សម្រេច​ចិត្ត​​បោះពុម្ព​សៀវភៅ​ដែល​មាន​ចំណង​ជើង​ថា «Poor Richard’s Almanack»​ក្នុង​ឆ្នាំ ១៧៣៣​។ សៀវភៅ​នេះ​ចេញ​ផ្សាយ​ជា​រៀងរាល់​ឆ្នាំ​ដែល​និយាយ​អំពី​​រឿងរ៉ាវ​ជាច្រើន​នៅ​ក្នុង​សង្គម​​​ជាពិសេស​ក្នុង​សម័យ​អាណានិគម​​អង់គ្លេស​លើ​ទឹកដី​អាមេរិក​។ ​សៀវភៅ​នេះ​ បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ ហើយ​ក៏​ក្លាយ​ជា​សៀវភៅ​ដែល​លក់ដាច់​បំផុត​ផង​ដែរ​ បើ​ធៀប​នឹង​សៀវភៅ​​ចេញ​លក់​នៅ​សម័យ​នោះ។

 

ជោគជ័យ​ក្នុង​ជីវិត តែ​​មិនដែល​ភ្លេច​សង្គម​​

បន្ទាប់​ពី​បាន​ជោគជ័យ​បន្តបន្ទាប់​ លើ​ផ្នែក​​កាសែត និង លក់​សៀវភៅ​ហើយ​នោះ Benjamin​ ក៏​មិន​ភ្លេច​អំពី​ការ​ជួយ​ដល់​សង្គម​នោះ​ដែរ​។ ​ក្នុង​នោះ​លោក​បាន​បង្កើត​គម្រោង​ជាច្រើន​ ដូចជា ​សាង​ផ្លូវថ្នល់​ ​និង សំអាត​បរិស្ថាន​នៅ​ក្នុង​ទីក្រុង​​ Philadelphia​​ជាដើម​​។ ​​​បន្ទាប់​មក​ទៀត​លោក​បាន​បង្កើត​អង្គការ​មួយ​ឈ្មោះ​ Library Company  ដើម្បី​ប្រមូល​ឯកសារ​សំខាន់ៗ​ និង សៀវភៅ​ល្បីៗ​ដើម្បី​ឲ្យ​​​ប្រជាជន​មានលទ្ធភាព​ទទួល​យក​ចំណេះ​ដឹង​តាម​រយៈ​ការ​អាន​ និង ស្រាវជ្រាវ​​។

 

​នៅ​សម័យ​នោះ​ទឹកដី​អាមេរិក​ពុំសូវ​មាន​សៀវភៅ​ល្អ​ច្រើន​នោះ​ទេ ដូច្នេះ​ហើយ​ក្រុមការងារ​របស់​លោក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រមូល​ទិញ​សៀវភៅ​ល្អៗ និង ល្បីៗ​នៅ​អង់គ្លេស​ដើម្បី​រក្សា​ទុក​ក្នុង​បណ្ណាល័យ​។​​​​ នៅ​ឆ្នាំ​១៧៤២ ​លោក​ Benjamin Franklin ​ក៏​បាន​បង្កើត​អង្គការ​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា ​«​​ទស្សនវិជ្ជា​សង្គម​​​អាមេរិក​» (American Philosophical Society)។ ​អង្គការ​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​​ក្នុង​ទិសដៅ​លើក​កម្ពស់​វិស័យ​អប់រំ​នៅ​ក្នុង​ទីក្រុង Philadelphia​។

 

​បោះ​ជំហាន​ចូល​ក្នុង​កិច្ចការនយោបាយ

​​ចាប់តាំងពី​ទសវត្ស​ឆ្នាំ​​១៧៥០មក​ ​លោក​ Benjamin Franklin​​ បាន​ចាប់ផ្តើម​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ផ្នែក​កិច្ចការ​នយោបាយ​។ ​ លោក​ក៏​បាន​ក្លាយ​ជា​មនុស្ស​ដ៏​សំខាន់​ម្នាក់​ដែល​តំណាង​ឲ្យ​​រដ្ឋ​​ Pennsylvania ​ដើម្បី​ប្រឆាំង​នឹង​ការ​ជិះជាន់​របស់​ពួក​អង់គ្លេស​។ ​ជាបន្តបន្ទាប់​​លោក​មិនមែន​តំណាង​ត្រឹម​រដ្ឋ​ Pennsylvania ​នោះ​ទេ ពោល​គឺ​មាន​រដ្ឋ​ជាច្រើន​ទៀត​ ដូចជា​ ​រដ្ឋ​​ Georgia រដ្ឋ New Jersey និង Massachusetts​ជាដើម​។​ ​ក្នុង​កិច្ចការ​នេះ​ ​លោក​បាន​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អង់គ្លេស​​រយៈពេល​ជា​ច្រើន​ឆ្នាំ​។​ លោក​ក៏​ធ្លាប់​ត្រូវ​បាន​គេ​ចាប់​ឃុំឃាំង​​ផង​ដែរ​។ ​

 

​​ជាមួយ​គ្នា​នោះ​ដែរ ​ប្រជាជន​អាមេរិក​កាន់តែ​មាន​ភាព​ក្តៅក្រហាយ​យ៉ាង​ខ្លាំង​ជាមួយ​នឹង​​ពួក​អាណានិគមនិយម​អង់គ្លេស ដោយ​ងើបឡើង​ប្រឆាំង​យ៉ាង​ផុសផុល​។ ​នៅ​ឆ្នាំ ១៧៧៥​ Benjamin Franklin​​​ក៏​បាន​វិលត្រឡប់​មក​កាន់​សហរដ្ឋអាមេរិក​វិញ ហើយ​បាន​ជួយ​ជ្រោមជ្រែង​ជន​បដិវត្ត​ជាច្រើន​​ ដើម្បី​ទាមទារ​ឯករាជ្យ។ នៅ​ឆ្នាំ ១៧៧៦​ សហរដ្ឋអាមេរិក​បាន​ប្រកាស​ឯករាជ្យ​ជា​ផ្លូវការ ​ជាមួយ​គ្នា​នោះ ​លោក​ Benjamin Franklin​ក៏បាន​រួមចំណែក​សរសេរ​ឯកសារ​ជាច្រើន​ទាក់ទង​នឹង​ឯករាជ្យ​ភាព​របស់​អាមេរិក។​

 

បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​​ទទួល​បាន​ឯករាជ្យ​​ និង បាន​បង្កើត​រដ្ឋាភិបាល​ហើយ ​លោក​​ត្រូវ​បាន​គេ​បញ្ជូន​​ទៅ​កាន់​ប្រទេស​បារាំង​ផង​ដែរ​ ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​។​ នៅ​ថ្ងៃ​ទី​១៧ ខែ​​មេសា​ឆ្នាំ ១៧៩០​​​ ​លោក​​បាន​ទទួលមរណភាព​ ក្នុង​វ័យ​៨៤ ឆ្នាំ​។ ក្នុង​នោះ​មាន​មនុស្ស​ប្រមាណ​២ ម៉ឺន​នាក់​បាន​ចូលរួម​ពិធី​បុណ្យ​សព​នេះ​៕

Author: ប្រែ​សម្រួល៖ រស្មីSource: www.ushistory.org, www.famousscientists.org & www.bbc.co.uk