ក្រុមហ៊ុនចម្ការកៅស៊ូ​សុ​ភក្តិ​នី​កា​ខាតបង់​ជិត​3​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2015

ខេត្ត​ត្បូងឃ្មុំ ៖ តម្លៃ​កៅស៊ូ​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​២-៣​ឆ្នាំ​កន្លង​មកនេះ បាន​ធ្វើ​ឱ្យ​អ្នក​ដាំ​កៅស៊ូ​មួយ​ចំនួន​ត្រូវ​បោះបង់​ចោល​ដំណាំ​នេះ ហើយ​ដាំ​ដំណាំ​ផ្សេង​ជំនួស​វិញ ដែល​ឆាប់​ទទួល​បាន​ផល និង​មាន​តម្លៃ​ខ្ពស់​ជាង​កៅស៊ូ ។ ដោយឡែក ក្រុមហ៊ុន​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​ធំ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​មាន​ផ្ទៃដី​ជិត​១​ម៉ឺន​ហិ​កតា គឺ​មិន​ទទួល​បាន​ប្រាក់​ចំណេញ​ទេ ខណៈ​ពេល​តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​ជាស​កល ។

លោក ម៉ក់ គឹ​ម​ហុង ប្រធាន​សមាគម​អភិវឌ្ឍន៍​កៅស៊ូ​កម្ពុជា និង​ជា​ម្ចាស់​ក្រុមហ៊ុនចម្ការកៅស៊ូ​សុ​ភក្តិ​នី​កា បានឱ្យ​ដឹង​ថា ៖ « តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ម្ចាស់​ចម្ការ​កៅស៊ូ​ដែល​ទើបនឹង​ដាំ​ថ្មី​ៗ ហើយ​ម្ចាស់​កៅស៊ូ​ទាំងនោះ​មិន​ទាន់​ចាប់ផ្ដើម​ចៀរ​ជ័រ​នៅឡើយ​ទេ ខណៈ​ដើម​កៅស៊ូ​ដល់​អាយុ​ដែល​ត្រូវចៀរ​ជ័រ​បើកមុខ​ហើយ ។ ម្ចាស់​កៅស៊ូ​ថ្មី​ៗ​ដែល​ទើប​ដាំ​ក្រោយ​នៅ​មិន​ទាន់​ចៀរ​ជ័រ​បើកមុខ​ទេ ព្រោះ​កាលណា​បើចៀរ​ជ័រ​បើកមុខ គឺ​ត្រូវ​ខាត​ច្រើន ។ ជា​ធម្មតា អ្នក​ដាំ​កៅស៊ូ​១​ឆ្នាំ ឬ​២​ឆ្នាំ​ដំបូង​ត្រូវ​តែ​ខាត តែបើ​តម្លៃ​កៅស៊ូ​ថ្លៃ​នោះ​នឹង​មិនសូវ​ខាត​ប៉ុន្មាន​ទេ ប៉ុន្តែ​ស្ថានភាព​តម្លៃ​កៅស៊ូ​ពេល​នេះ គាត់​មិន​ហ៊ាន​ចៀរ​ទេ គឺ​ទុក​ឱ្យ​តម្លៃ​កៅស៊ូ​ថ្លៃ​បន្តិច ទើប​ចាប់ផ្ដើម​ចៀរ » ។

លោក​បន្ត​ថា ៖ « ក្រុមហ៊ុន​របស់​លោក​ផ្ទាល់​នៅ​ក្នុង​ឆ្នាំ​២០១៥​កន្លង​មក បាន​ខាត​ច្រើន​ណាស់​ទៅ​លើ​ការ​ផលិត​កៅស៊ូ​សម្រាប់​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ពីព្រោះ​តម្លៃ​កៅស៊ូ​នៅ​តែ​បន្ត​ធ្លាក់ ដែល​ខុស​ពី​លើក​មុន​ៗ​ធ្លាក់​តែ​១​ឆ្នាំ ឬ​២​ឆ្នាំ​ប៉ុណ្ណោះ​តម្លៃ​ឡើង​វិញ​ហើយ តែ​ដោយឡែក សម្រាប់​ការ​ធ្លាក់​ពេល​នេះ ហាក់ដូចជា​អូស​បន្លាយពេល​យូរ»។

លោក​បន្ថែម​ថា ៖ « តម្លៃ​ដើម​សម្រាប់​ផលិត​កៅស៊ូ​នាំ​ចេញ​ទៅ​បរទេស​ក្នុង​១​តោន​ត្រូវ​ចំណាយ​ប្រមាណ​ជាង​១.៤៥០​ដុល្លារ​អា​មេ​រិ​ក តែ​ចំពោះ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​វិញ បាន​តែ​ជាង​១.០៨០​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​១​តោន​នៅ​ដើមឆ្នាំ​២០១៦​នេះ ។ តែ​អ្វី​ដែល​យើង​ធ្វើ​នោះ គឺ​ដោយសារ​តែ​នៅ​ឆ្នាំ​២០១០ និង​ឆ្នាំ​២០១១ កន្លង​មក យើង​បាន​ចំណេញ​ច្រើន​រួច​ហើយ ដោយ​កាលនោះ តម្លៃ​កៅស៊ូ​លក់​បាន​ប្រមាណ​ជាង​៥.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​តោន ។ ដូចនេះ យើង​នៅ​តែ​ធ្វើ​បន្ត​ទៀត ដោយសារ​តែ​តម្រូវការ​ទីផ្សារ​កៅស៊ូ​ធម្មជាតិ​នៅ​មាន​ច្រើន​។ កាលពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន​បាន​ខាត​ប្រាក់​ប្រមាណ​២,៩​លាន​ដុល្លារ​អា​មេ​រិ​ក » ។

ម្ចាស់​ចម្ការ​កៅស៊ូ​រូប​នេះ​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​ធ្វើ​តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ថា ៖ « បើ​គិត​ពី​តម្លៃ​ប្រេង​ឆៅ​ដែល​ធ្លាក់​ចុះ​តាំងពី​ជាង​២០០​ដុល្លារ​ក្នុង​១​ធុង មក​ដល់​ក្រោម​៣០​ដុល្លារ​ក្នុង​១​ធុង វា​មានការ​ធ្លាក់​ចុះ​ច្រើន ហើយ​សម្រាប់​កៅស៊ូ​ធ្លាក់​ចុះ​ច្រើន​មែន តែបើ​ធៀប​នឹង​តម្លៃ​ប្រេង​ឆៅ គឺ​មិន​ទាន់​ដល់​ប្រេង​ឆៅ​ទេ។ ជាក់ស្តែង ក្រុមហ៊ុន​ផលិត​សម្បក​យានយន្ត​នៅ​ប្រទេស​ចិន​ដ៏​ធំ​មួយ កាលពី​ប្រេង​ឆៅ​ឡើងថ្លៃ គេ​ប្រើ​កៅស៊ូ​សិប្បនិម្មិត​ធ្វើ​ពី​ប្រេង​ឆៅ​នោះ​៣០% និង​កៅស៊ូ​ធម្មជាតិ​៧០% តែ​នៅ​ពេល​ប្រេង​ឆៅ​ធ្លាក់​ចុះ គេ​ក៏​ប្តូរ​មក​ប្រើ​កៅស៊ូ​សិប្បនិម្មិត​ច្រើន​ជាង​កៅស៊ូ​ធម្មជាតិ និង​បាន​ធ្វើ​តម្លៃ​កៅស៊ូ​ត្រូវ​ធ្លាក់​ចុះ​ដែរ » ។

ចំណែក​លោក គឹ​ម ឌី ប្រធាន​ផ្នែក​បច្ចេកទេស​ចៀរ​ជ័រ​នៅ​ចម្ការ​កៅស៊ូ​របស់​ក្រុមហ៊ុន​សុ​ភក្តិ​នី​កា បាន​លើក​ឡើង​ដែរ​ថា ៖ « ថ្វី​ដ្បិតតែ​តម្លៃ​កៅស៊ូ​ធ្លាក់​ថ្លៃ​ក្តី តែ​ក្រុម​កម្មករ​ចៀរ​ជ័រកៅស៊ូ​នៅ​តែ​ទទួល​បាន​កម្រៃ​ដូច​មុន​ៗ​ដដែល​។ នៅ​រដូវ​ជ័រ​មាន​ជ័រ​ច្រើន កម្មករ​អាច​រក​ចំណូល​បាន​ច្រើន យ៉ាង​ហោច​ណាស់ កម្មករ​ម្នាក់​អាច​រក​ចំណូល​បាន​ប្រមាណ​៧០​ម៉ឺន​រៀល​ដែរ ក្នុង​១​ខែ ហើយ​ដើម្បី​សម្រួល​ដល់​កម្មករ​នៅ​ក្នុង​ចម្ការ​កៅស៊ូ ក្រុមហ៊ុន​បាន​ផ្ដល់​ជា​កន្លែង​ស្នាក់​នៅ ឧបត្ថម្ភ​អង្ករ និង​អគ្គិសនី ផង​ដែរ » ។

លោក​បន្ត​ថា ៖ « ការ​ធ្វើ​ជា​កម្មករ​ចៀរ​ជ័រកៅស៊ូ ថា​ស្រួល​ក៏​មិន​ស្រួល ថា​ពិបាក​ក៏​មិន​ពិបាក វា​អាស្រ័យ​លើ​បងប្អូន​កម្មករ​ចេះ​ពី​របៀប​ចៀរ​ជ័រកៅស៊ូ​នេះ​ដែរ​ឬ​អត់ បើ​គ្មាន​ជំនាញ​ក្នុង​ការ​ចៀរ​ជ័រកៅស៊ូ​ទេ វា​នឹង​ពិបាក តែបើ​បងប្អូន​កម្មករ​គាត់​ចេះ​នោះ​ការងារ​នឹង​ស្រួល​សម្រាប់​គាត់ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​បង្ហាញ​ថា នៅ​ក្នុង​ឆ្នាំ​២០១៥ ផ្ទៃដី​ធ្វើ​អាជីវកម្ម​កៅស៊ូ​សរុប​មាន​ចំនួន​១០៩.១២៩,៥៥​ហិ​កតា​, ផ្ទៃដី​ចម្ការ​កៅស៊ូ សរុប​មាន​ចំនួន​៣៥៧.១៣៦,៩៣​ហិ​កតា​, ផលិតផល​អនុវត្ត​បាន​មាន​ចំនួន​២៤៨.០០៧,៣៨​តោន និង​បញ្ចេញ​លក់​បាន​ចំនួន​១២០.៦៩៥,១១​តោន ។ សម្រាប់​តម្លៃ​កៅស៊ូ​ក្នុង​ឆ្នាំ​២០១៥ កន្លង​មក ក្នុង​១​តោន​តម្លៃ​១.០៨១​ដុល្លារ​អា​មេ​រិ​ក ។

តាម​គោលការណ៍​កម្ពុជា​គ្រោង​នឹង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដល់​ទៅ​ជាង​៤០​ម៉ឺន​ហិ​កតា​នៅ​អំឡុង​ឆ្នាំ​២០២០​ខាង​មុខ ។ ចំណែក​ទីផ្សារ​គោលដៅ​សំខាន់​ៗ​ក្នុង​ការ​នាំ​ជ័រកៅស៊ូ​ចេញ​របស់​កម្ពុជា​រួម​មាន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ចិន និង​វៀតណាម ៕