តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​ស្ត្រី​បឹង​កក់​ទាំង​១៣​នាក់

រាជធានី​ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ២០១៦ នេះ បាន​សម្រេច​ប្រកាស​សាលដីកា​ដោយ​តម្កល់​សាលដីកា​របស់​សាលាឧទ្ធរណ៍​ផ្ត​ន្ទ​ទោស​ស្ត្រី​អ្នកទោស​មក​ពី​បឹង​កក់​ចំនួន​១១​នាក់ និង​ស្ត្រី​៣​នាក់ មក​ពី​សហគមន៍​ថ្ម ភូមិ​ថ្មគោល ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

គួរ​បញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២ មីនា ២០១៦ តុលាការ​កំពូល​បាន​បើក​សវនាការ​សកម្មជន​ដីធ្លី​បឹង​កក់​ដែល​មាន​ជនជាប់ចោទ​អ្នកស្រី ទេព វ​ន្នី និង​ស្ត្រី​ចំនួន​១២​នាក់​ផ្សេង​ទៀត។ ជន​ជាប់​បាន​នាំ​គ្នា​មក​កាន់​តុលាការ​កំពូល​នៅ​តាម​ដីកាកោះ​របស់​ចៅក្រម​តុលាការ​កំពូល ដើម្បី​ជំនុំជម្រះ​បណ្តឹងសាទុក្ខ​របស់​ពួក​ប្រឆាំង​នឹង​ការ​សម្រេច​របស់​សាលាឧទ្ធរណ៍​ដែល​បាន​ផ្ដន្ទាទោស​ពួក​គាត់​ពី​បទ​រារាំង​ចរាចរណ៍​សាធារណៈ និង​ញុះញង់​ប្រឆាំង​នឹង​មន្ត្រី​សាធារណៈ​។

តុលាការ​កំពូល​ប្រកាស​សាលដីកា​តម្កល់​ទោស​ក្រុម​ស្ត្រី​បឹង​កក់​ទាំង​១៣​នាក់

យោង​តាម​ដីកាកោះ​របស់​តុលាការ​កំពូល​បាន​លើក​ឡើង​ថា ស្ត្រីជន​ជាប់​រួម​មាន ១-​ឈ្មោះ​ទេព វ​ន្នី ២-​ឈ្មោះ​ហេង មុំ ៣-​ឈ្មោះ​សួង សម័យ ៤-​ឈ្មោះ​ង៉ែត ឃុន ៥-​ឈ្មោះ​ឆេ​ង លាប ៦-​ឈ្មោះ​ថូ ដា​វី ៧-​ឈ្មោះ​បូ​វ សោភា ៨-​ឈ្មោះ​គង់ ច​ន្ថា ៩-​ឈ្មោះ​ងួ​ន គឹ​ម​ឡា​ង ១០-​ឈ្មោះ​សុង ស្រី​លាភ ១១-​ឈ្មោះ​ចាន់ ណា​វី ១២-​ឈ្មោះ​ផា​ន់ ឈុ​ន​រ៉េ​ត និង​១៣-​ឈ្មោះ​តុល ស្រី​ពៅ ។

តុលាការ​បាន​ចោទប្រកាន់​ស្ត្រី​ទាំង​១៣​នាក់​ពី​បទ​កាន់កាប់​ដោយ​ខុសច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ ដោយ​ស្ថាន​ទម្ងន់ទោស​ប្រព្រឹត្ត​ទៅ​នៅ​ចំណុច​បឹង​កក់​១ ភូមិ​១ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២២ ឧសភា ២០១២ បទ​ព្រហ្មទណ្ឌ​ដែល​ចែង​ឲ្យ​ផ្តន្ទាទោស​តាម​មាត្រា​៣៤ និង​មាត្រា​២៥៥ នៃ​ច្បាប់​ភូមិបាល និង​មាត្រា​៥០៤ នៃ​ច្បាប់ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​។

ចៅក្រម​បាន​បញ្ចប់​សវនាការ​សាកសួរ​ស្ត្រី​បឹង​កក់​ជា​ជនជាប់ចោទ​ទាំង​១៣​នាក់ កាលពី​ថ្ងៃ​ទី​២ មីនា និង​លើក​ពេល​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​ទី​១៦ មីនា ២០១៦ នេះ ។ តែ​ក្រុម​ស្ត្រី​ជាប់ចោទ​បាន​ស្រែក​ឡូឡា បន្ទាប់​ពី​តុលាការ​កំពូល​សម្រេច​តម្កល់​ទោស​ពួក​គាត់​ដដែល​តាម​សាលដីកា​របស់​សាលាឧទ្ធរណ៍ ដោយ​បាន​លើក​ឡើង​ថា តុលាការ​ត្រូវ​កែតម្រូវ​ឡើង​វិញ ព្រោះ​តុលាការ​បាន​ធ្វើ​ពួក​គាត់​ខាត​ពេលវេលា​។

ក្រុម​ស្ត្រី​អ្នកទោស​នៅ​ក្រៅ​ឃុំ​ទាំងនោះ បាន​និយាយ​ថា តុលាការ​គ្មាន​យុត្តិធម៌​ទេ ធ្វើ​ឲ្យ​ពួក​គាត់​ខាត​ពេលវេលា​ទៀត​។ ពួក​គាត់​សូម​ឲ្យ​តុលាការ​កែតម្រូវ​កុំ​គាបសង្កត់​លើ​ប្រជាពលរដ្ឋ​។ ស្ត្រី​ទាំងនោះ​បាន​ស្រែក​រញ៉េរញ៉ៃ​ពេញ​បរិវេណ​តុលាការ ដោយ​លើក​ឡើង​ថា ការ​សម្រេច​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ទទួល​រង​ភាព​អយុត្តិធម៌ និង​បាត់បង់​ដីធ្លី​ផ្ទះសម្បែង​។

ក្រុម​ស្ត្រី​បឹង​កក់ និង​ស្ត្រី​ភូមិ​ថ្មគោល បាន​លើក​ឡើង​ថា ប្រជាពលរដ្ឋ​ដូច​ពួក​គាត់​រង​គ្រោះ​ពី​តុលាការ​បែប​នេះ​។ នៅ​កម្ពុជា បើ​មាន​តុលាការ​បែប​នេះ ប្រជាពលរដ្ឋ​នៅ​តែ​រង​ទុក្ខវេទនា​ដូចនេះ​។ អ្នកស្រី ទេព វ​ន្នី បាន​និយាយ​ថា «​តុលាការ បើ​ចង់​ឲ្យ​ប្រជាជន​គោរព​ត្រូវ​កាត់ទោស​ឲ្យ​មាន​ត្រឹមត្រូវ​»​។