ចាប់មេបន​ម្នាក់ និង​នារី​បម្រើ​ផ្លូវភេទ​៦​នាក់

ខេត្តពោធិ៍សាត់ ៖ នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ រួម​ជាមួយ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​បាន​ចុះ​ឃាត់ខ្លួន​មេបន​ម្នាក់ និង​ជួយ​សង្គ្រោះ​នារី​៦​នាក់ ពាក់ព័ន្ធ​នឹង​ការ​បើក​អាជីវកម្ម​បម្រើ​ផ្លូវភេទ កាលពី​វេលា​ម៉ោង​០៧ និង​៣០​នាទី​យប់ រហូត​ដល់​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៥ មីនា ២០១៦ ស្ថិត​ក្នុងភូមិ​បន្ទាយ​ដី​លើ សង្កាត់​បន្ទាយ​ដី ក្រុង​​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​នាយកដ្ឋាន បាន​ឃាត់ខ្លួន​មេបន​ម្នាក់​ឈ្មោះ​គឹ​ម ដា​នី ហៅ​ប៉ ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ រស់​ភូមិ​បន្ទាយ​ដី​សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ព្រមទាំង​បាន​ប្រមូល​នារី​ដែល​ស្នាក់​នៅ​រកស៊ី​ផ្លូវភេទ ក្រោម​ការ​កេងប្រវ័ញ្ច​ចំនួន​៦​នាក់ ខ្លះ​មាន​អាយុ​ពី​១៩​ឆ្នាំ ទៅ​២២​ឆ្នាំ ខ្លះ​ទៀត​មាន​អាយុ​២៨​ឆ្នាំ ។

ជាក់ស្តែង កម្លាំង​ចម្រុះ​បាន​រក​ឃើញ​វត្ថុ​តាង​មួយ​ចំនួន​ធំ​ក្នុង​និង​ក្រៅ​បន្ទប់​នីមួយ​ៗ មាន​ដូច​ជា​ស្រោមអនាម័យ​ដែល​ប្រើ​រួច និង​មិន​ទាន់​ប្រើ​រួច​សឹងតែ​គ្រប់​បន្ទប់ ប័ណ្ណ​សម្រាប់​កត់ចំណាំ​តម្លៃ​ភ្ញៀវ​ចេញ​-​ចូល​ទូរស័ព្ទ SAMSUNG ពណ៌​ខ្មៅ របស់​មេបន​ដែល​ជា​ជន​សង្ស័យ ។

លោក​ឧត្តមសេនីយ៍ត្រី លី ឡាយ អនុប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​បាន​ប្រាប់​កោះសន្តិភាព​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ គឺ​ធ្វើ​ឡើង​២ ទៅ​៣​ដង​រួច​មក​ហើយ ប៉ុន្តែ​ពួក​គេ​គ្មាន​ការ​រាងចាល​ទេ ពោល​គឺ​ការ​ឃុំខ្លួន​មាន​រយៈពេល​ខ្លី​ពេក​។