យោ​ធិន​​ពិការ​​ជើង​ទាំងប្តី​ទាំងប្រពន្ធ មានពន្លឺ​ជីវិត​ឡើង​វិញ

ខេត្តកំពង់ឆ្នាំង ៖ ទឹកប្រាក់​ចំនួន​៥​លាន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ត្រូវ​បាន​លោក​​គី​ម ប៊ុ​ន​ថា​ន នាយករង​ខុទ្ទកាល័យ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កង​ខេមរភូមិន្ទ អមដំណើរ​ដោយ​អាជ្ញាធរ​ខេត្ត​-​ស្រុក នាំ​យក​ទៅ​ប្រគល់​ជូន​គ្រួសារ​យោធិន​ពិការ​ជើង​ទាំង​ប្តី​ទាំង​ប្រពន្ធ​ដល់​លំនៅ​ឋាន ស្ថិត​​ក្នុងភូមិ​ព្រែក​ឆ្តោរ ឃុំ​កំពង់​អុស ស្រុក​ជល​គី​រី កាលពី​ព្រឹក​ថៃ្ង​ទី​១៥ មីនា ២០១៦ ។

លោកនាយ​ឧត្តមសេនីយ៍ គី​ម ប៊ុ​ន​ថា​ន បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​តែងតែ​គិតគូរ​ពី​សុខ​ទុក្ខ​​របស់​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា​គ្មាន​ទីពឹង កុមារ​កំព្រា ជា​ពិសេស​ជន​ពិការ​ដែល​ជួប​ការ​លំបាក ដោយ​មិន​ប្រកាន់​និន្នាការ
នយោ​​បាយ​ឡើយ ។

លោក​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានឱ្យ​លោក​​ចុះ​ស្រាវជ្រាវ​រក​សៀវភៅ​គោល​របប​ប្រចាំខែ ដែល​យោធិន​ពិការ​ឈ្មោះ​ស៊ីវ សីហា បាន​លក់​ឱ្យ​គេ​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ ដើម្បី​ធ្វើការ​ទូទាត់​សង​អ្នកទិញ​ផ្តាច់ និង​យក​ឯកសារ​មក​ប្រគល់​ជូន​លោក ស៊ីវ សីហា បាន​បើកប្រាក់​របប​បន្ត​របស់​ខ្លួន ចាប់ពី​ខែមីនា ឆ្នាំ​២០១៦ នេះ​តទៅ ។

លោក​ប្រាក់ សោ​ភ័​ណ្ឌ នាយក​ប្រតិបត្តិ​សាខា​កាកបាទក្រហម​ខេត្តកំពង់ឆ្នាំង​ឱ្យ​ដឹង​ថា ថវិកា​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហម ដែល​លោកនាយ​ឧត្តមសេនីយ៍ នាំ​យក​មក​ប្រគល់​ជូន​លោក​ស៊ីវ សីហា មាន​ចំនួន​៥​លាន​រៀល ក្នុង​នោះ ត្រូវ​ទូទាត់​សង​អ្នកទិញ​សៀវភៅ​អស់​ចំនួន​២,៥០០.០០០​រៀល និង​នៅ​សល់​២,៥០០.០០០​រៀល​ទៀត សំរាប់​ជួយ​ដោះ​ស្រាយ​ជីវភាព​ប្រចាំ​ថៃ្ង និង​បង្កើន​មុខ​របប​ក្នុង​ការ​ចិញ្ចឹមជីវិត​បន្ត​ទៀត  ។

បន្ថែម​លើ​នេះ សម្តេច​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​ទិញ​ដី​ប្រគល់​ជូន​គ្រួសារ លោក​ស៊ីវ សីហា រួច​ហើយ​ចំនួន​១​លាន​រៀល  ដែល​​មាន​ទទឹង​ទទឹង​១០,៥​ម៉ែត្រ និង​បណ្តោយ​១៥​ម៉ែត្រ ហើយនឹង​ជួយ​សង់ផ្ទះ​ជូន​គ្រួសារ​យោធិន​ពិការ​រូប​នេះ​បន្ត​ទៀត នា​ពេល​ខាង​មុខ ដែល​មាន​ទទឹង​៥​ម៉ែត្រ និង​បណ្តោយ​៦​ម៉ែត្រ ដើម្បី​ឱ្យ​គ្រួសារ​នេះ​មានផ្ទះ​ស្នាក់​នឹង​គេ ។

ក្រោយ​ទទួល​អំណោយ​ដ៏​ថ្លៃថ្លា​នេះ លោក​ស៊ីវ សីហា និង​ភរិយា សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន ​សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​បាន​ជួយ​ដល់​គ្រួសារ​លោក ដែល​កំពុង​ជួប​ការ​លំបាក និង​សូម​​បួងសួង​ដល់​វត្ថុ​ស័​ក្ត​សិទ្ធិ​ក្នុង​លោក ជួយ​បីបាច់​ថែរក្សា​សម្តេច​ទាំង​ពីរ ព្រមទាំង​បុត្រា បុត្រី និង​ចៅ​ៗ​របស់​សម្តេច សូម​ឱ្យ​ជួប​ប្រទះ​​​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ ដើម្បី​ដឹកនាំ​ប្រទេស​ជាតិ​ឱ្យ​មាន​សុខ​សន្តិភាព និង​កាន់តែ​រីក​ចម្រើន​រុងរឿង​ថ្កុំថ្កើង​ឡើង​ថែម​​ទៀត ។