ហ៊ាន​ទទួល​ប្រាក់​៥០​ម៉ឺន​ដុល្លារ ​​ទីបំផុត​​ត្រូវ​ជាប់​ទោស

ខេត្តកណ្ដាល ​៖​ ស្ត្រី​ម្នាក់​​ត្រូវ​​នគរ​បាល​ស្រុក​ស្អាង​​ឃាត់ខ្លួន​ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ​មីនា​ ២០១៦ ស្ថិត​នៅ​ភូមិ​​កោះ​​ខែល ឃុំ​​កោះ​​ខែល ស្រុក​​ស្អាង ខេត្តកណ្ដាល ពី​បទ​​ឆបោក និង​ចរាចរ​ប្រាក់​ដុល្លារ​​ក្លែង​​ក្លាយ​ (លុយ​សែនខ្មោច)​ ចំនួន​៥០​ម៉ឺន​​ដុល្លារ ​​​ខ​ណៈ​​​ដែល​​ប្រគល់​លុយ​​ក្លែងក្លាយ​នេះ ទៅ​ឱ្យ​បុរស​ម្នាក់​​ទៀត​ថា​ ជា​លុយ​រកស៊ី​ជួញ​វត្ថុ​បុរាណ​ចំណេញ ដែល​គេ​ផ្ញើ​មក​ឱ្យ​ ។​

​ស្ត្រី​សង្ស័យ​ឈ្មោះ​ស៊ុន ​ណា​រី អាយុ​​៣៨​ឆ្នាំ ​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ មាន​​ទីលំនៅ​​ក្នុង​ភូមិ​​ត្រពាំង​រាំង ឃុំ​ស្នោ ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ ​។

ក្រោយ​ពី​ឃាត់ខ្លួនស្ត្រីសង្ស័យ រួមទាំង​វត្ថុ​តាង​​​ឡាំង​ដែក​ស័ង្ក​​សី ក្នុង​នោះ​មាន​​លុយ​ដុល្លារ​ក្លែងក្លាយ ​(​លុយ​សែន​) ​ចំនួន​៥០​ម៉ឺន​​ដុល្លារ​មាន​ទម្ងន់​២,៨​គីឡូក្រាម​ ។​ ចំណែក​​ជន​រង​គ្រោះ​ឈ្មោះ​ទូច ផា​ន់ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ​ ជា​​ជាង​ជួសជុល​ទូរទស្សន៍ ​មាន​ទីលំនៅ​ភូមិ​ព្រែក​ខ្នាច ឃុំ​លើក​ដែក ស្រុក​កោះធំ ខេត្តកណ្ដាល ។

ប្រភពបន្ថែម​​ឱ្យ​ដឹង​ទៀត​​ថា កាល​ពី​វេលា​ម៉ោង​០៨ ​និង​៥៥​នា​ទ​ព្រឹក​ ឈ្មោះ​ទូច ផា​ន់ (ជន​រង​គ្រោះ) បាន​​មក​​ប្ដឹ​ងនគរបាល​​ប៉ុស្តិ៍​​កោះ​ខែល​ ឱ្យ​​ជួយ​ត្រួតពិនិត្យ​ប្រាក់​ដុល្លារ​ដែល​ឈ្មោះ​ស៊ុន ណា​រី (​ស្ត្រីសង្ស័យ) ​យក​មក​​ប្រគល់ឱ្យ​​ខ្លួន​ចំនួន​៥០ម៉ឺន​ដុល្លារ ​ដែល​ជា​លុយ​រកស៊ី​ចំណេញ​ តើ​ជា​លុយ​ពិត ​ឬ​ក្លែងក្លាយ ​។

​លុះដល់​ពេល​ឈ្មោះ​ស៊ុន ណា​រី មក​ដល់ បាន​​ប្រគល់​ហិប​លុយ​ខាងលើ​ រួច​នគរ​បាល​រួម​ជាមួយ​និង​សា​មីខ្លួន ​(​ស៊ុន ណា​រី​) ​និង​ជន​រង​គ្រោះ​បាន​ត្រួត​ពិន​ត្យ​ឃើញ​ថា ​សុទ្ធតែ​លុយ​ក្លែងក្លាយ​​ទាំងអស់ (ជា​លុយ​សែន​) មាន​ក្រដាស​១០០ និង​ក្រដាស​៥០ សារុប​​៥០​ម៉ឺន​ដុល្លារ ក៏​បានសុំ​​គោលការណ៍​​ធ្វើក​ការ​ឃាត់ខ្លួន​ជនសង្ស័យ​តែ​ម្ដង​។

បើ​តាម​ជន​រង​គ្រោះ​ប្រាប់​នគរបាល​ថា ស្ត្រីសង្ស័យ​ឈ្មោះ​ស៊ុន ណា​រី​ នេះ​ កន្លង​មក​ ធ្លាប់​បោក​លុយ​ជន​រង​គ្រោះ​​សរុប​ចំនួន​១០.៥០០​ដុល្លារ​​រួច​មក​ហើយ ​ជា​ថ្នូរ​នឹង​​ការ​ជួយ​​សោហ៊ុយដាក់​ហ៊ុន រក​ស៊ី​វត្ថុ​បុរាណ​សំរិត ​។ ​លុះដល់​ថ្ងៃ​ទី​១៥ ​មីនា ​ទើប​ស្ត្រី​ស​ង្ស័យ ​ណាត់​​យក​លុយ​ចំណេញ​ មកឱ្យ​​ជន​រង​គ្រោះ​ ដោយ​ដាក់​ឡាំង​ចាក់សោ​​នៅ​ចំណុចភូមិ​កោះ​ខែល​ ឃុំ​កោះ​ខែល​ ។ ​ហើយឱ្យ​ជន​រង​គ្រោះ​​ចេញថ្លៃ​យក​​លុយ​មក​​ឱ្យ​​ចំនួន​៤.០០០​ដុល្លារ​វិញ ។ ក្រោយ​ពេល​ប្រគល់​លុយ​ហើយ​ ​​ជន​រង​គ្រោះមានការ​​ស​ង្ស័យ​​ ក៏ប្ដឹង​ប៉ូ​លិ​ស​ប៉ុស្តិ៍​​កោះ​ខែល​ឱ្យ​ជួយ​ពិនិត្យ​លុយ ​ទើប​ដឹង​ថា ​ជា​លុយ​ក្លែងក្លាយ​ទាំងអស់​ ។

តាម​​ចម្លើយស្ត្រី​សង្ស័យ​ឈ្មោះ​ស៑ុ​ន ណា​រី បាន​សារភាព​ថា ខ្លួន​បាន​ចាញ់បោក​គេដែរ ​មិន​បានដឹង​ថា ​នៅ​ក្នុង​ឡាំង​នោះ​ សុទ្ធតែ​លុយ​ក្លែង​ក្លាយ​សោះ​ ។ ខ្លួន​យក​មកនេះ ​តាមតែ​គេ​ប្រាប់​ប៉ុណ្ណោះ​ ​គឺ​នៅ​ថ្ងៃ​ទី​១៤ មីនា​ ២០១៦ ម៉ោង​៩​ព្រឹក មាន​​ឈ្មោះ​ផល ​ភេទ​ប្រុស​​ មាន​​អាយុ​​​ប្រហែល​៤០​ឆ្នាំ ជា​​អ្នក​ស្គាល់គ្នា បាន​ទូរ​ស័​ព្ទ​មក​ខ្លួន​ទៅ​យក​លុយ ប្រគល់ឱ្យ​​ជន​រង​គ្រោះ​ចំនួន​៥០ម៉ឺន​​ដុល្លារ ដោយ​ណាត់ជួប​គ្នា នៅ​​ក្រុង​តា​ខ្មៅ​ ។​

លុះដល់​ថ្ងៃ​ទី​១៥ មីនា​ ២០១៦​ម៉ោង​៨​ព្រឹក​ ខ្លួន​​​បាន​ទទួល​ឡាំង​ដាក់​ក្នុង​ស្បោង​.ស​ពី​មនុស្ស​ប្រុស​ម្នាក់​ទៀត​ នៅ​មុខ​ធនាគារមួយ​នៅ​ក្រុង​តា​ខ្មៅ​ ហើយ​បាន​ប្រាប់​ខ្លួន​ថា​ ពេល​យក​ទៅ​ប្រគល់​ឱ្យ​ហើយ ​ត្រូវ​យក​លុយ​ពី​គាត់​ចំនួន​៤០០០ដុល្លារ​មក​​ផង ​បង​ផល​ផ្ដាំ​ចឹ​ង ​រួច​ក៏​​ជួល​រថយន្ត​​ជិះ​យក​លុយ​មក​កន្លែង​ណាត់​តែ​ម្ដង ​ជាមួយ​ជន​រង​គ្រោះ​តែ​ម្ដង​ ។​ ហើយ​កន្លង​មក ​ខ្លួន​ធ្លាប់​ទទួល​លុយ​​ពី​ជន​រង​គ្រោះ​សរុប​​ចំនួន​១០.៥០០​ដុល្លារ​ យក​ទៅ​ឱ្យ​ឈ្មោះ​ផល​ និង​ឈ្មោះ​សា​រឿ​ន ​ថា ​ជា​លុយ​ដាក់​ហ៊ុន​រកស៊ី​វត្ថុ​បុរាណ​ ។