លោក សុខ អាន លើកទឹកចិត្ត​អ្នក​វិនិយោគ​បារាំង​មក​រកស៊ី​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ​ ៖ អាស្រ័យ​ដោយ​កម្ពុជា​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​សន្តិភាព ​និង​សក្កា​នុ​ពល​លើ​ការ​វិនិយោគ​លើ​គ្រប់​វិស័យ​នោះ ​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ថ្លែង​នូវ​ការ​លើកទឹកចិត្ត​ និង​ជម្រុញ​ឲ្យ​អ្នក​វិនិយោគ​បារាំង​មក​បណ្តាក់ទុន​រកស៊ី​នៅ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត ។ ការ​ថ្លែង​បែប​នេះ ​ធ្វើ​ឡើង​ក្នុង​ឱកាស​ដែល​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ជួប​ពិភាក្សា​ការងារ​ជាមួយ លោក Thierry Mariani សមាជិក​សភា និង​ជា​អតីត​រដ្ឋ​លេខាធិការ​ក្រសួង​ដឹក​ជញ្ជូន​បារាំង នា​ព្រឹក​ថ្ងៃ​ទី​១៥ មីនា ២០១៦ នៅ​វិមាន​មិត្តភាព ។

នា​ឱកាស​នោះ​លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន បាន​ថ្លែងអំណរគុណ​ដល់​ការ​ចូលរួម​វិភាគទាន​របស់​ក្រុមហ៊ុន​វិនិយោគ ហ្វាំ​ង​ស៊ី បារាំង ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដែល​ក្រុមហ៊ុន​នេះ បាន​និង​កំពុង​ដំណើរការ​ពង្រីក​ចំណត​សម្រាប់​អ្នកដំណើរ​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ដើម្បី​ឆ្លើយ​តប​ទៅ​តាម​តម្រូវការ​កំណើន​នៃ​អ្នកដំណើរ​ដែល​មានការ​កើន​ឡើងជា​រៀង​រាល់​ឆ្នាំ ។

លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​ថ្លែងអំណរគុណ​ផង​ដែរ ដល់​រដ្ឋាភិបាល​បារាំង​ដែល​បាន​ចូលរួម​វិភាគទាន​ក្នុង​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​ប្រាសាទ​នៅ​កម្ពុជា ពិសេស​ប្រាសាទ​អង្គ​វត្ត តាម​រយៈ​គណៈកម្មការ​សម្របសម្រួល​អន្តរជាតិ ICC ​អង្គរ ដែល​បាន​សហការ​យ៉ាង​ល្អជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា​តាំងពី​ឆ្នាំ​១៩៩៥​ មកនេះ ។