សម្រេច​ដាក់គុក​ទណ្ឌិត​៦​នាក់ ចាប់ពី​១៥ ទៅ​១៧​ឆ្នាំ

រាជធានី​ភ្នំពេញ​ ៖​ ចៅក្រម​តុលាការ​កំពូល​ លោកស្រី​ គឹ​ម ​ស​ត្ថា​វី ​ប្រធាន​ក្រុមប្រឹក្សា កាលពី​ព្រឹក​ថ្ងៃ​ទី​១៦​ មីនា​ ​២០១៦​ បាន​សម្រេច​ប្រកាស​​សា​ល​ដីកា​សំណុំរឿង «បង្កើត​ដោយ​ខុសច្បាប់​នូវ​កម្លាំងប្រដាប់អាវុធ» ដែល​ប្រព្រឹត្ត​កាលពី​អំឡុង​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​​២០១១ នៅ​រាជធានី​ភ្នំពេញ​ ដែល​មាន​ជនជាប់ចោទ​៦​នាក់​ ត្រូវ​ដាក់​ពន្ធនាគារ​ពី​១៥​ឆ្នាំ ​ដល់​១៧​ឆ្នាំ​ ។

​ការ​សម្រេច​​​ប្រកាសសាលក្រម​នេះ គឺ​ចំ​​ពោះ​មុខ​ទណ្ឌិត​ទាំង​៦​នាក់​ ដោយ​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ ទុកជា​បានការ​ដដែល​បាន​​កាត់ទោស​ជនជាប់ចោទ​ពី​១៥​ឆ្នាំ ​ដល់​១៧​ឆ្នាំ​ ដោយ​​សំណុំរឿង​នេះ​ ត្រូវ​បាន​តុលាការ​កំពូល​ បើក​សវនាការ​កាលពី​ព្រឹក​ថ្ងៃ​ទី​៩​​មីនា​ ឆ្នាំ​២០១៦ កន្លងមក ​។

ជនជាប់ចោទ​ទី១-​ឈ្មោះជា​ សា​រ៉ា​ន់ ​ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ ប្រធាន​ក្រុម​ចលនា​​សុវណ្ណ​ភូមិ​ បាន​និយាយ​ថា ​ខ្លួន​បាន​​ទទួល​ការ​ពឹង​ពាក់​​ពី​ឈ្មោះ​ថា​ត់​ ថែ​ ​បាន​ឱ្យ​​ខ្លួន​បង្កើត​កម្លាំង​​៣០០ ​ដើម្បី​ស៊ើបអង្កេត​ទៅ​លើ​​ឈ្មោះ​អូ​សា​ម៉ា​ ប៊ី​ឡា​ឌែ​ន ។​ តែ​គាត់​រកតែ​៦​នាក់​​ទេ​ហើយ​​ឈ្មោះ​ថា​ត់ ថែ បាន​សន្យា​ថា​ នឹងឱ្យ​​​ប្រាក់​ចំនួន​​២០​លាន​ដុល្លារ និង​តែង​តាំងខ្លួន​ជា​ឧត្តម​សេនីយ៍ត្រី​​ផង​​ដែរ ​។

ជនជាប់ចោទ​ទី២​​-ឈ្មោះជង់ វិជ័យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ​បាន​និយាយ​ថា ​ឈ្មោះ​ជា សា​រ៉ា​ន់ ​បានឱ្យ​​ខ្លួន​ដើរ​​រើស​មនុស្ស​អ្វី​ទៀត​​ខ្លួន​មិនដឹង​ទេ​ ។

​ជនជាប់ចោទ​ទី៣-​ឈ្មោះ​​លី សុខ​សុវណ្ណ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ បាន​និយាយ​ថា ​គាត់​ជា​អ្នក​ឌុ​ប​ឈ្មោះ​ជា​ សា​រ៉ា​ន់ ​ទៅ​ណា​ មក​ណា​ហើយ​​អ្វី​ទៀត​គាត់​មិនដឹង​ទេ តែ​​ឈ្មោះ​ថា​ត់​ ថែ​ បាន​សន្យា​នឹង​តែងតាំង​គាត់​ជា​មេ​កងពលតូច​ ។

ជនជាប់ចោទ​ទី៤-ឈ្មោះផ្ល​ត រី​ ភេទ​ប្រុស​ អាយុ​៦៧​ឆ្នាំ​ បាន​និយាយ​ថា ​គាត់​មាន​តួនាទី​ផ្នែក​ស៊ើបអង្កេត​ ក្រែង​មាន​ក្រុម​ណា​​ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល តែ​​បែរជា​គេ​ចាប់​​គាត់​​ដាក់គុក​ទៅ​វិញ​ ។​

ជនជាប់ចោទ​ទី៥-ឈ្មោះ​​ពូត ផរ​ បាន​និយាយ​ថា​ គាត់​ស្គាល់ឈ្មោះ​យ៉ឹ​ម ហា​វ ​ដែល​នៅ​ជិត​ភូមិ​គ្នា ​ចំណែក​អ្នក​ទាំង​៤​នាក់​ទៀត​ មិន​ស្គាល់​ទេ ​និង​ជនជាប់ចោទទី៦-ឈ្មោះ​យ៉ឹ​ម ហាវ ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ បាន​និយាយ​ថា​ គាត់​មិនដឹង​អ្វី​ទេ ​ក្នុង​រឿង​នេះ​ ។

ក្នុង​ពេល​សវនាការ​លោក​អ៊ុ​ក គី​ម​សិទ្ធិ​ តំណាង​មហាអយ្យការ ​បាន​ធ្វើ​សេចក្តីសន្និដ្ឋាន​​ស្នើ​សុំ​ឱ្យ​​ប្រធាន​ក្រុមប្រឹក្សា ​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍ ​ទុកជា​បានការ​ក្នុង​រឿង​ «​បង្កើត​ដោយ​ខុសច្បាប់​នូវ​កម្លាំងប្រដាប់អាវុធ» ​ក្នុង​គោលបំណង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ ។

ដោយឡែក​ ជនជាប់ចោទ​ទាំង​៦​នាក់​នេះ ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ និងសាលាឧទ្ធរណ៍​ សម្រេច​ដាក់​ពន្ធនាគារ​លើ​ជន​ជាប់​ចោទទី១-​ឈ្មោះ​ជា​ សា​រ៉ា​ន់ រយៈ​ពេល​១៧​ឆ្នាំ​ ​និងជនជាប់ចោទ​៥​​នាក់​ទៀត​ ​ម្នាក់​ៗ​១៥​ឆ្នាំ ​៕