ថាកុំឱ្យគេឮ

ថាកុំឱ្យគេឮ

រឿង​ភ្លើង​ឆេះ​ព្រៃ ឬ​ព្រៃ​ត្រូវ​គេ​លួច​ដុត បាន​ឆេះ​រាលដាល​ចូល​មក​កម្ទេច​សំបុក​រថយន្ត​អស់​ជិត​៣០​គ្រឿង ក្រោម​ការ​គ្រប់គ្រង​របស់​មេព្រៃ​ខេត្តពោធិ៍សាត់ កំពុង​ស្ថិត​ក្នុង​ការ​ប្រ​មើ​មើល​របស់​ក្រុម​អ្នក​សង្កេតការណ៍​នៅឡើយ​ទេ ។

ប្រភព​ច្បាស់​ការណ៍​មួយ​ប្រាប់​កោះសន្តិភាព​ថា មាន​រថយន្ត​ចម្រុះ​គ្រប់​ម៉ាក កន្លង​មក បាន​រកស៊ី​ដឹកឈើ​ប្រណីត តាម​ដងផ្លូវ​ជាតិ​លេខ​៥ ដែល​មួយ​ចំនួន​អា​ធុន​អន់​រក្សា​ទុក​នៅ​ទីស្នាក់ការ ព្រោះតែ​ជា​រថយន្ត​បម្រើ​ឱ្យ​បទល្មើស​ព្រៃឈើ ។

ពេល​ចាប់​បាន​ម្តង​ៗ អាណា​ថ្មី​ៗ​ធុន​ទំនើប ដូច​ជា​ធុន​ដ្រា​... ឡិច​ស៊ី​ស​... ឡង់​គ្រី​ស្ស័​រ ។​ល​។ ឱ្យ​តែ​អា​ធុន​ទំនើប ក្រោយ​ពេល​ចាប់​បាន​យក​ទៅ​ចែក​គ្នា​ជិះ​អស់ ។ ចំណែក​អាណា​កញ្ចាស់​ចង្កូត​ស្តាំ យក​ទៅ​រក្សា​ទុកជា​វត្ថុ​តាង​ដោយ​មេព្រៃ​ខេត្ត ។

អា​ថ្មី​ស្អាត ចែក​គ្នា​ជិះ តាំងពី​អ្នក​ច្បាប់​ផង​ដែរ ដូច​ចាប់​យក​ពី​ចោរ​ហើយ​ខ្លួនឯង​នាំ​គ្នា​លួច​យក​បន្ត ទោះបី​មាន​គេ​ដឹង​ក៏​ដោយ ក៏​អត់​ខ្វល់​អៀនខ្មាស់​ដែរ ។

ចំណែក​អា​ធុន​អន់ ចាប់​គ្នា​ទុក​ហើយ មាន​ចោរលួច​ដោះ​យក​អស់​តាំងពី​កង់​... គ្រឿងក្នុង​... ស្តុ​ប​ស្តោ​ញ​គ្មាន​សល់​ទេ សឹងតែ​នាំ​គ្នា​កាត់​ពុះ​យក​ដែក​លក់​ឱ្យ​អេ​ត​ចាយ​ទៀត​ផង ដែល​មើលទៅ​ថោកទាប​ពេក រក​លេខ​ដាក់​គ្មាន​ទេ ។ បក្ស​កាន់​អំណាច​ត្រូវ​តែ​ដឹង​នូវ​អំពើ​ថោកទាប​នេះ ។

ទុក​យូរ​ពេក​ទៅ​... ច្បាប់​ដែល​ងាប់​កន្លង​មក​... ទំនង​ត្រូវ​បាន​រស់​ឡើង​វិញ​... ទំនង​ត្រូវ​បាន​ស្រាវជ្រាវ​បញ្ជី​បទល្មើស​ឡើង​វិញ តាម​រយៈ​កំណែទម្រង់ ឬ​ត្រូវ​ជម្រះបញ្ជី​ចាស់​ចោល​... ចៃដន្យ​ភ្លើង​ឆេះ​ព្រៃ​លេប​ត្របាក់​ឱ្យ​វា​ផុត​ពូជ រថយន្ត​បទល្មើស​តែ​ម្តង​ទៅ​...

ទៅ​ណា​វ៉ា​ល្បែង ! អា​ទំនើប​ដែល​ចែក​គ្នា​ជិះ​ស្រួល​មិន​ស្រួល លក់​អស់​ទៀត​... លក់​មួយ​ថែម​មួយ​... លក់​បន្ត​ទៀត​... ពេល​នេះ​វា​ឆេះ​អស់ហើយ​... គឺ​ចប់ !

មិនមែន​មាន​តែ​ខេត្តពោធិ៍សាត់​ទេ ដែល​មេព្រៃ​ចាប់​បាន​រថយន្ត​ទំនើប​ដឹកឈើ ។ នៅ​ខេត្ត​ដទៃ​ទៀត តាម​ផ្លូវជាតិ​លេខ​៦ លេខ​៧ ក៏​ដូច​គ្នា​ដែរ ប្រសិនបើ​យក​ច្បាប់​ទៅ​ស្រាវជ្រាវ​វិញ មិនដឹង​បុគ្គល​ណាខ្លះ​ទេ​... ច្រើន​ណាស់ ដែល​ចាប់ចោរ​បាន យក​រថយន្ត​ចោរ​ទៅ​ជិះ ទៅ​ធ្វើ​របស់​ខ្លួនឯង​... ហេ ! ហេ !