សុំ​ជំនួយ ព្រោះតែ​កូនស្រី​ត្រូវ​ចាប់ខ្លួន​នៅ​ម៉ា​ឡេ​ស៊ី

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ជា​ឪពុក​ម្តាយ​ពល​ការិនី​ចំនួន​៣​នាក់​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ មីនា ២០១៦ នាំ​គ្នា​មក​កាន់​មន្ទីរ​កិច្ចការ​នារី និង​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សុំ​ការ​អន្តរាគមន៍ ពាក់ព័ន្ធ​រឿង​កូន​គាត់​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ហើយ​ត្រូវ​ប៉ូលិស​ចាប់ខ្លួន ដោយ​សុំ​ជួយ​រំដោះ​កូន​គាត់​មក​កាន់​កម្ពុជា​វិញ ។

ស្ត្រី​ជា​ម្តាយ ១-​ឈ្មោះ​ហេង ទូច អាយុ​៥០​ឆ្នាំ ២-​ឈ្មោះ​ស ខឿន អាយុ​៥៥​ឆ្នាំ និង​៣-​ឈ្មោះ​ម៉ៅ ណា​ន អាយុ​៤២​ឆ្នាំ ទាំង​៣​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​តា​ម៉ុ​ល​ក្រោម ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី ដោយ​ពួក​គាត់​បានឱ្យ​ដឹង​ថា កូនស្រី ១-​ឈ្មោះ​សូត្រ សុខ​នៅ អាយុ​១៩​ឆ្នាំ ២-​ឈ្មោះ​ហួត សា​រ៉ែ​ន អាយុ​១៩​ឆ្នាំ និង​៣-​ឈ្មោះ​ផា ស៊ី​នី អាយុ​២១ ឆ្នាំ ត្រូវ​បាន​ក្រុមហ៊ុន​មួយ​ឈ្មោះ «​អេ​ភី​ធី​អេស​អ៊ី ស៊ី​ខេ​ម​បូ​ឌា រី
សត​ថ៍ ខូ​អិ​ល​ធី​ឌី (​ចំការ​ដូង​រាជធានី​ភ្នំពេញ​) » ឱ្យទៅ​រៀនសូត្រ​មុន​ចាកចេញ​នៅ​ចុងឆ្នាំ​២០១៤ និង​បាន​ឡើង​យន្តហោះ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នៅ​ខែឧសភា ឆ្នាំ​២០១៥ ។

ចាប់តាំងពី​ចាកចេញ​ជិត​១​ឆ្នាំ កូនស្រី​ពួក​គាត់​មិន​ដែល​ផ្ញើ​លុយកាក់​មក​ទេ  ។ កូន​ពួក​គាត់​ធ្លាប់​ទូរ​សព្ទ័​មក​ប្រាប់​ថា គេ​បានឱ្យ​ធ្វើការ​ជា​ក្រុម (​ឃ្លី​ន​សឺ​វី​ស​) សម្អាត​តាម​ផ្ទះ​គ្រប់​ទីកន្លែង តាំងពី​ម៉ោង​៥​ព្រឹក រហូត​ដល់​ម៉ោង​១១​ថ្ងៃ ទើប​សម្រាក​ហូប​បាយ ម៉ោង​១​រសៀល ចូល​ធ្វើការ​វិញ ដល់​ម៉ោង​៥​ល្ងាច​ចេញ​ហូប​បាយ​មួយ​សារ​ទៀត ហើយ​ត្រូវ​ចូល​វិញ​ម៉ោង​៧​យប់ រហូត​ដល់​ម៉ោង​១០​យប់ ទើប​ត្រឡប់​មក​ផ្ទះ​បាន​ដោយ​ក្រុមហ៊ុន​ប្រាប់​ថា បាន​ប្រាក់ខែ​៥៥០​ដុល្លារ តែ​មិន​ដែល​ឃើញ​បើក​ឡើយ ។

ឪពុក​ម្តាយ​ពលករ​បាន​បន្ត​ថា ស្រាប់តែ​នៅ​ថ្ងៃ​ទី​១៦ មក​រា ២០១៦ កូន​ៗ​ពួក​គាត់​បាន​ទូរស័ព្ទ​មក​ប្រាប់​ថា ពួក​នាង​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ហើយ សូម​ឱ្យ​ជួយ​ពួក​នាង​ផង ហើយ​តាំងពី​ពេល​នោះ​មក ទូរ​សព្ទ័​ទំនាក់ទំនង​លែង​បាន​តែ​ម្តង ។

ពួក​គាត់​បាន​លើកដៃ​សំពះ សុំ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ ពិសេស​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​ហ៊ុន សែន ជា​ប្រមុខ មេត្តា​ជួយ​សង្គ្រោះ​កូន​ៗ​ពួក​គាត់ ឱ្យ​បាន​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ផង ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ លោក​កេ​ត យ៉ុ​ង នាយការិយាល័យ ប្រឆាំង​ការ​ជួញ​ដុ​រ​មនុស្ស និង​ការពារ​អា​នីតិជន​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​ខាងលើ មាន​បញ្ហា​ត្រូវ​ឡើង​តុលាការ ទើប​ខាង​សមត្ថកិច្ច​ឃាត់​ពលករ​ខាងលើ ទុក​ធ្វើ​សាក្សី​ពេល​សវនាការ​នៅ​ប្រ​ទេ​ម៉ា​ឡេ​ស៊ី ប៉ុន្តែ​ទោះ​យ៉ាងនេះ​ក្តី ខាង​នាយកដ្ឋាន​មិន​ជឿ​នោះ​ទេ ព្រោះ​បើ​ត្រឹម​ឃាត់​ទុក​ធ្វើ​សាក្សី ហេតុ​អី​សាច់ញាតិ​ខាង​ស្រុក​ខែ្ម​រ ទាក់ទង​មិន​បាន ហើយ​រឿង​នេះ ខាង​នាយកដ្ឋាន​កំពុង​ទាក់ទង​ខាង​ស្ថានទូត​ឱ្យ​ជួយ​ក្នុង​រឿង​នេះ​ដែរ ៕