ចាប់​ពី​ខែ​មេសា រថយន្ត​នឹង​ចាប់ផ្ដើម​ឡើង​ថ្លៃ

រថយន្ត​នឹង​ចាប់ផ្តើម​ឡើង​ថ្លៃ​ចាប់​ពី​ខែ​មេសា​ នេះ​បើ​តាម​ក្រុមហ៊ុន​នាំ​ចូល ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បង្កើន​ពន្ធ​នាំ​ចូល​រថយន្ត​គ្រប់​ប្រភេទ។

 

ចាប់​ពី​ខែ​មេសា រថយន្ត​នឹង​ចាប់ផ្ដើម​ឡើង​ថ្លៃ

 

លោក លី ប៊ុនហៃ នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​តូយ៉ូតា​បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ការ​តម្លើង​ពន្ធ​នាំ​ចូល​រថយន្ត​ដោយ​រដ្ឋាភិបាល ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​តម្លើង​ថ្លៃ​លើ​ការ​លក់​រថយន្ត​តូយ៉ូតា​គ្រប់​ប្រភេទ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មេសា​ខាង​មុខ​នេះ។

 

លោក​ថា ការ​ឡើង​​ថ្លៃ​នេះ​អាច​ផល​ប៉ះពាល់​​តម្រូវការ​ទិញ​ប្រើប្រាស់​​រថយន្ត​របស់​ពលរដ្ឋ​មួយ​ចំនួន ប៉ុន្តែ​អាច​រយៈ​ពេល​ខ្លីដោយសារ​ពលរដ្ឋ​នៅ​តែ​ត្រូវការ​​ប្រើ​​រថយន្ត​ជា​ចាំបាច់​ដើម្បី​សម្រួល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

 

ដូច​គ្នា​នេះ​ដែរ អ្នកនាង ជិន លក្ខិណា ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Premium Auto ដែល​នាំ​ចូល​រថយន្ត BMW ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ​ដែរ​។ យ៉ាង​ណា អ្នក​នាង​ថាវា​ការ​​ប៉ះពាល់​ទីផ្សារ​រួម មិន​ត្រឹម​តែ​ក្រុមហ៊ុន​រថយន្ត BMW នោះ​ទេ។

 

រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ ជាពិសេស​ផ្នែក​រថយន្ត​និង​គ្រឿង​បន្លាស់​។ ការ​ដំឡើង​ពន្ធ​លើ​​​ថយន្ត​និង​គ្រឿង​បន្លាស់​រថយន្ត ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​នឹង​ប៉ះពាល់​ដល់​​ទីផ្សារ​លក់​​រថយន្ត​របស់​ក្រុមហ៊ុន​នាំ​ចូល​​ ដោយ​សារ​មាន​ការ​កើន​ឡើង​តម្លៃ​កាន់​តែ​ខ្ពស់។

 

លោក ឃុន ចាន់ថា នាយកគ្រប់គ្រង​ទូទៅ​​ផ្នែក​លក់​និង​ទីផ្សារ​នៃ​​ក្រុមហ៊ុន Star Auto ដែល​នាំ​យីហោ​រថយន្ត Mercedes​ ថ្លែង​ថា ​វា​ជា​វិធានការ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើន​ចំណូល​បន្ថែម។​ លោក​​បញ្ជាក់​ថា​ នៅ​ពេល​មាន​ការ​តម្លើង​ពន្ធ​ ​នាំ​ឲ្យ​អ្នក​ប្រើប្រាស់​ត្រូវ​​ចំណាយ​កាន់​តែ​ខ្ពស់​​និង​​ប៉ះ​ពាល់​ដល់ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​​​នានា។

 

ទោះ​បី​​បែប​នេះ អ្នក​គ្រប់គ្រង​រូប​នេះ​រំពឹង​​នៅ​តែ​អាច​រក្សា​​កំណើន​ការ​លក់​រថយន្ត Mercedes ដោយសារ​​​រថយន្ត Mercedes គោលដៅ​​ចម្បង​ជា​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់។

 

ចុច​អាន៖  ៣ ចំណុច​យល់​ដឹង​បន្ថែម មុន​សម្រេច​ចិត្ត​ទិញ​រថយន្ត​ប្រើប្រាស់
អត្ថបទ៖ ប៊ុណ្ណារ៉ា