បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ យក​ខេត្ត​ចំនួន​៣​អនុវត្ត​របប​ថែទាំ​សុខភាព​មុនគេ​

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ យក​ខេត្ត​ចំនួន​៣​អនុវត្ត​របប​ថែទាំ​សុខភាព​មុនគេ​



ភ្នំពេញ ​៖​ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ហៅ​កាត់​ថា ប​.​ស​.​ស បាន​ជ្រើសរើស​យក​ខេត្ត​ចំនួន​៣​សម្រាប់​អនុវត្ត​របប​ថែទាំ​សុខភាព​ដល់​បងប្អូន​កម្មករ​មុនគេ​ដែល​នឹង​គ្រោង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​ឧសភា​ខាងមុខនេះ​ទៅលើ​កម្មករ​ចំនួន​១០​ម៉ឺន​នាក់ ​កំពុង​បម្រើការ​ក្នុង​រោងចក្រ​សហគ្រាស​ចំនួន​៦៦​។

លោក ស៊ុំ សោភ័ណ នាយករង​ នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​ថ្លែង​ថា​ ជា​ជំហាន​ដំបូង ​ប​.​ស​.​ស នឹង​អនុវត្ត​ដំណើរការ​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​ជូន​កម្មករ​១០​ម៉ឺន​នាក់​នៅ​តាម​រាជធានី/​ខេត្ត​ចំនួន​៣​គឺ​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល និង​ខេត្ត​កំពង់ស្ពឺ ​មុនគេ​ដោយសារ​កម្មករ​ជាង​១០​ម៉ឺន​នាក់​នេះ​បាន​ចុះ​បញ្ជិកា​ជាមួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។ ទោះជា​យ៉ាងណា លោក​មិនទាន់​ឲ្យ​ដឹង​ពី​វិភាគទាន​ដែល​កម្មករ និង​និយោជក ត្រូវ​បង់​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រសួង​កំពុងធ្វើការ​សិក្សា​លើ​បញ្ហា​នេះ​។​

លោក​បន្ថែម​ថា «​របប​សន្តិសុខ​ធានារ៉ាប់រង​នេះ​បាន​ជួយ​កាត់បន្ថយ​ការ​ចំណាយ​ផ្សេងៗ ទាក់​ទង​នឹង​ការ​ចំណាយ​លើ​ការថែទាំ​សុខភាព គឺ​អាច​ធានា​បាន​នូវ​ការ​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ជាច្រើន ដែល​ពាក់ព័ន្ធ​នឹង​សេវា​សុខភាព ហេតុនេះ​វា​ផ្ដល់​អត្ថប្រយោជន៍​ច្រើន​មែនទែន​»។

លោក ស៊ុំ សោភ័ណ ក៏​បញ្ជាក់​ថា ជំងឺ​រាប់​រយ​មុខ​របស់​កម្មករ​នឹង​ត្រូវ​ធានា​ថា ទទួល​បាន​សេវា​ព្យាបាល​តាមរយៈ​របប​សន្តិ​សុខ​ផ្នែក​ថែទាំ​សុខភាព​មួយ​នេះ លើកលែងតែ​ជំងឺ​ខ្លះ​ដូចជា មហារីក ការ​កែ​សម្ផស្ស ការ​បន្ត​ពូជ​ដោយ​សិប្ប​និមិត្ត និង​ការ​បំបាត់​សារធាតុ​គ្រឿងញៀន​ជាដើម។

សេចក្ដីប្រកាស​ស្ដីពី​ការកំណត់​ដំណាក់កាល និង​កាលបរិច្ឆេទ​ នៃ​ការអនុវត្ត​របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព ដែល​ចេញ​ដោយ​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក អ៊ិត សំហេង កាល​ពី​ពេល​ថ្មីៗ​នេះ​បានសម្រេច​ថា របប​សន្តិសុខ​សង្គម​ផ្នែក​ថែទាំ​សុខភាព​អនុវត្ត​សម្រាប់​តែ​ជន​ទាំងឡាយ​ដែល​ស្ថិត​នៅ​ក្រោម​បទប្បញ្ញត្តិ​ នៃ​ច្បាប់​ស្ដីពី​ការងារ​ប៉ុណ្ណោះ ទើប​អាច​ប្រើប្រាស់​សេវា​ថែទាំ​សុខ​ភាព និង​ថែទាំ​វេជ្ជសាស្ត្រ ដែល​ផ្ដល់​ដោយ​មូលដ្ឋាន​សុខាភិបាល ដែល​មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។

លោក​ អ៊ិត​ សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មានប្រសាសន៍ថា​របប​ថែទាំ​សុខភាព​នេះ​មានការ​អនុវត្ត​ខ្ពស់​ជាង​របប​ហានិភ័យ​ការងារ​ដែល​កំពុង​អនុវត្ត​បច្ចុប្បន្ន​ដោយ​សារ​តែ​ការថែទាំ​សុខភាព​មិនមែន​ត្រឹមតែ​គិតតែ​គ្រោះថ្នាក់​ការងារ​នោះ​ទេ​ ពោល​គឺ​ត្រូវ​គិតដល់​បញ្ហា​ឈឺ​ថ្កាត់​របស់​បងប្អូន​កម្មករ​ផង​ដែរ​។​ ដូចនេះ ​វិភាគទាន​អាច​ច្រើនជាង​មុន ​ហើយ​កាតព្វកិច្ច​ក៏​មិនមែន​តែ​ខាង​និយោជក​ទេ ​កម្មករ​ក៏​ត្រូវ​បង់​ដែរ​ គឺ​មាន​បដិភាគ​ទាំងសងខាង​ទាំង​កម្មករ​ និង​និយោជក។

លោក​រដ្ឋមន្ត្រី​បាន​បន្ត​ថា​ ក្រៅពី​ដាក់​ឲ្យ​ដំណើរការ​របប​ថែទាំ​សុខភាព ​ហើយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ក៏​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​របប​សោធន​និវត្តន៍ នៅ​ឆ្នាំ​២០១៧ ខាង​មុខ ដើម្បី​ការពារ​ផល​ប្រយោជន៍ និង​ការ​ផ្ដល់​ប្រាក់​បំណាច់​ផ្សេងៗ ដល់​បងប្អូន​កម្មករ ពេល​ត្រូវ​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍៕

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ យក​ខេត្ត​ចំនួន​៣​អនុវត្ត​របប​ថែទាំ​សុខភាព​មុនគេ​

បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ យក​ខេត្ត​ចំនួន​៣​អនុវត្ត​របប​ថែទាំ​សុខភាព​មុនគេ​