បុរស​ម្នាក់​យំ​យ៉ាង​កម្សត់​ មក​ប្ដឹង​សមត្ថកិច្ច​ បន្ទាប់​ពី​បាត់​ប្រពន្ធ​១​យប់​១​ថ្ងៃ

បុរស​ម្នាក់​យំ​យ៉ាង​កម្សត់​ មក​ប្ដឹង​សមត្ថកិច្ច​ បន្ទាប់​ពី​បាត់​ប្រពន្ធ​១​យប់​១​ថ្ងៃ



ភ្នំពេញ​ ៖​ បុរស​ម្នាក់​បាន​យំសោក​សង្រេង​យ៉ាង​កម្សត់​របៀប​អស់​សង្ឃឹម​ ហើយ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទួល​សង្កែ​ដើម្បី​ឲ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍​ បន្ទាប់ពី​បាត់​ប្រពន្ធ​មួយថ្ងៃ​មួយ​យប់​ពុំ​ឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ដោយ​ខ្លួន​ដើរ​រក​គ្រប់​ច្រកល្ហក​ពុំ​ឃើញ។

ហេតុការណ៍​មក​ប្ដឹង​សមត្ថកិច្ច​នោះ ​នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១៦​ ខែ​មីនា ​ឆ្នាំ​២០១៦ ​នៅ​ប៉ុស្តិ៍​ទួល​សង្កែ។

បុរស​កម្សត់​មាន​ឈ្មោះ​អ៊ុំ វីរៈ អាយុ​៣៦​ឆ្នាំ​ មាន​មុខរបរ​ជា​អ្នក​បើក​ឡាន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចំណែក​ឯ​ប្រពន្ធ​បាត់​ខ្លួន​នោះ ​មាន​ឈ្មោះ ភី ចន្ទ្រា អាយុ​២៨​ឆ្នាំ​ មាន​កូនស្រី​មួយ​ ហើយ​មាន​ផ្ទៃពោះ​២​ខែ​កន្លះ​ មុខរបរ​កម្មការិនី​រោង​កាត់ដេរ​យីហោ​រ៉ូ​ស៊ី​ង។ អ្នក​ទាំង​២​នាក់​ស្នាក់នៅ​ផ្ទះ​ជួល​ភូមិ​ទួល​សង្កែ​ក្រុម​ទី​១១ សង្កាត់​ទួល​សង្កែ​ ខណ្ឌ​ឫស្សីកែវ។

បុរស​ជា​ប្ដី​បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រូប​គាត់​ និង​ប្រពន្ធ​បាន​ជួប​គ្នា​កាលពី​ធ្វើការ​រោងចក្រ​ ហើយ​បាន​ទំនាក់ទំនង​ស្រឡាញ់​គ្នា​ចិត្ត​ និង​ចិត្ត​​​​​បាន​៤​ឆ្នាំ​ ទើប​រូប​គាត់​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​ចូល​ដណ្ដឹង​ និង​រៀបការ​តាម​ប្រពៃណី​ចាប់​ដៃ​គ្នា​រកស៊ី​បាន​១២​ឆ្នាំ​ហើយ។ ចំណងដៃ​នៃ​ចំណង​ស្នេហ៍​រវាង​រូបគេ​ទាំង​២​គឺ​បង្កើត​បាន​កូនស្រី​ម្នាក់​អាយុ​១១​ឆ្នាំ​ និង​មានគភ៌​ក្នុង​ផ្ទៃ​២​ខែ​កន្លះ​ផង​ដែរ។

តាម​សម្ដី​បុរស​ជា​ប្ដី​បាន​បន្ត​ថា រូប​គាត់​ និង​ប្រពន្ធ​មិន​ដែល​ឈ្លោះ​ប្រកែក​គ្នា​ធំដុំ​នោះ​ទេ ​បើ​ឈ្លោះ​គ្នា​តែ​បន្តិចបន្តួច​នោះ​មិន​ដែល​ប្រកាន់​ខឹង​ នឹង​គ្នា​បាន​យូរ​នោះ​ឡើយ ​ហើយ​នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​មីនា ​ឆ្នាំ​២០១៦ ​ប្រពន្ធ​របស់​គាត់​បាន​ចេញ​ទៅ​ធ្វើ​ការ​ដូច​សព្វដង ​ហើយ​រូប​គាត់​ក៏បាន​ចេញទៅ​ធ្វើការ​ដែរ។ លុះ​រូប​គាត់​ចេញ​ទៅដល់​កន្លែង​ធ្វើការ​នៅ​វេលា​ម៉ោង​៧​និង​៥០​នាទី​ថ្ងៃ​ដដែល​ស្រាប់​មាន​លេខ​ទូរស័ព្ទ​ប្អូន​បង្កើត​របស់​ខ្លួន​តេ​មក​ប្រាប់​ខ្លួន​ថា​ ប្រពន្ធ​របស់​បង​មិន​ឃើញ​ចូល​ធ្វើ​ការ​នោះ​ទេ។ នៅ​ពេល​នោះ ​ខ្លួន​ក៏បាន​ប្រញាប់ប្រញាល់​ត្រឡប់​មក​ផ្ទះ​ជួល​វិញ​ដើម្បី​រកប្រពន្ធ។ បន្ទាប់ពី​ដើរ​រក​គ្រប់​ទីកន្លែង​រយៈពេល​មួយថ្ងៃ​មួយ​យប់ ​តែ​នៅតែ​មិនបាន​ដំណឹង ​ទើប​គាត់​បាន​មក​ដាក់ពាក្យ​បណ្ដឹង​ទាំង​យំសោក​សង្រេង​ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​រកប្រពន្ធ​គាត់​ផង។

បើ​តាម​ការ​រៀបរាប់​របស់​បុរស​ខាងលើ​ថា ​នាង​គឺ​ទើបតែ​ដេញ​តុងទីន​បាន​ប្រាក់​មួយ​ចំនួន ហើយក៏​បាត់​ខ្លួន​តែ​ម្ដង​ បើ​ទោះ​ខ្លួន​ខំ​តេ​រក​យ៉ាង​ណា​ក៏​តេ​មិន​ចូល​ដែរ។ បើសិនជា​ប្រពន្ធ​របស់​គាត់​បាន​ឮ​ដំណឹង​នេះ​សូម​អូន​ត្រឡប់មកវិញ​បង​មិន​ប្រកាន់​ខឹង​នឹង​អូន​ឡើយ សូម​អូន​អាណិត​ដល់​កូន​យើង​ណា​អូន៕

បុរស​ម្នាក់​យំ​យ៉ាង​កម្សត់​ មក​ប្ដឹង​សមត្ថកិច្ច​ បន្ទាប់​ពី​បាត់​ប្រពន្ធ​១​យប់​១​ថ្ងៃ