រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ ឲ្យ​មន្ត្រី​ទូត​ចុះ​ជួប​ពលករ​ខ្មែរ​១៥​នាក់​ដែល​សង្ស័យ​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស

រដ្ឋមន្ត្រីការបរទេស​កម្ពុជា​ ឲ្យ​មន្ត្រី​ទូត​ចុះ​ជួប​ពលករ​ខ្មែរ​១៥​នាក់​ដែល​សង្ស័យ​រងគ្រោះ​ដោយ​ការ​ជួញ​ដូរ​មនុស្ស



ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៦ អាជ្ញាធរ​ថៃ​បាន​ឃាត់​ទូក​នេសាទ​ថៃ​ចំនួន​២​គ្រឿង ឃើញ​មាន​ពលករ​ខ្មែរ​១៥​នាក់ ដែល​អាជ្ញាធរ​ថៃ​សង្ស័យ​ជា​ជនរងគ្រោះ​ដោយសារ​ការ​ជួញដូរ​មនុស្ស ក៏​បាន​នាំ​យក​ទៅ​រក្សាទុក​នៅ​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ជនរងគ្រោះ​ដោយ​ការ​ជួញដូរ​មនុស្ស​ខេត្ត Ranong នេះ​បើ​តាម​មន្ត្រី​អ្នកនាំពាក្យ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦​ថា ពលករ​ខ្មែរ​ទាំង​១៥​នាក់​នោះ​រួមមាន​ ១-ឈ្មោះ នឹម ញ៉ា​វ​ អាយុ​២៨​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ស្ពឺ។ ២-ឈ្មោះ នឹម សុ​ឃឿ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ស្ពឺ។ ៣-ឈ្មោះ នឹម សុខា អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ស្ពឺ។ ៤-ឈ្មោះ ថុ​ន ម៉ី អាយុ​៣១​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​ស្វាយរៀង។ ៥-ឈ្មោះ ថុ​ន ភា អាយុ​២៧​ឆ្នាំ មាន​ស្រុក​កំណើត នៅ​ខេត្ត​ស្វាយរៀង។ ៦-ឈ្មោះ ថុ​ន ពុធ អាយុ​២៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​ស្វាយ​រៀង។ ៧-ឈ្មោះ ទូច វ៉ាន់ អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពត។ ៨-ឈ្មោះ ធី រ៉េត អាយុ ៤៤​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ធំ។ ៩-ឈ្មោះ ណែ មាន​ ​ អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ធំ។ ១០-ឈ្មោះ ប៊ុន ធឿន អាយុ​២៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ធំ។ ១១-ឈ្មោះ​ឈឹម ណន អាយុ​៦២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ធំ។ ១២-ឈ្មោះ មូល រឿន អាយុ​២៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ស្ពឺ។ ១៣-ឈ្មោះ សាម វុទ្ធី អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ស្ពឺ។ ១៤-ឈ្មោះ ឃន់ សុ​ឃិន អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពង់ចាម។ និង​១៥-ឈ្មោះ ពូន ភា​ អាយុ​២៦​ឆ្នាំ មាន​ស្រុកកំណើត នៅ​ខេត្ត​កំពត។

តាម​លោក ជុំ សុន្ទរី បញ្ជាក់​ថា បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​នេះ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ណែនាំ​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រ​ថៃ​ឲ្យ​ចុះ​សួរ​សុខ​ទុក្ខ​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​ថៃ​ជំរុញ​ឲ្យ​មានការ​ដោះលែង​ពលករ​ទាំង​១៥​នាក់ បាន​ឆាប់រហ័ស ហើយ​នឹង​ទាមទារ​សំណង​ពី​ក្រុមហ៊ុន​ទូក​នេសាទ​ថៃ ជូន​ដល់​ពលករ​ទាំងអស់។​

លោក ជុំ សុន្ទរី បញ្ជាក់​ទៀត​ថា នៅ​ថ្ងៃ​ទី​០៩ ខែ​មីនា ឆ្នាំ​២០១៦ ស្ថាន​ឯកអគ្គរាជទូត​បាន​ទៅ​សួរ​សុខ​ទុក្ខ​ពលករ​ទាំង​១៥​នាក់ នៅ​មជ្ឈមណ្ឌល​ខេត្ត Ranong និង​បាន​ជួប​អាជ្ញាធរ​មូលដ្ឋាន​របស់​ថៃ ដើម្បី​ដោះស្រាយ​តាម​ការណែនាំ​របស់​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ហើយ​ជា​លទ្ធផល គឺ​អាជ្ញាធរ​មូលដ្ឋាន​ថៃ​ស្នើសុំ​ឲ្យ​ពលករ​ទាំងអស់​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​មួយ​រយៈ​សិន ដើម្បី​ធ្វើ​សាក្សី​ក្នុង​ការ​ចោទប្រកាន់​ក្រុមហ៊ុន​ទូក​នេសាទ​ថៃ ពីបទ​ជួញដូរ​កម្លាំង​ពលកម្ម​មនុស្ស​។ នៅ​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០១៦ តុលាការ​នឹង​កោះហៅ​សាក្សី​ទាំងអស់​ទៅ​ផ្តល់​ចម្លើយ។ តុលាការ​អាច​ពិចារណា​អនុញ្ញាត​ឲ្យ​ពលករ​ចាក​ចេញពី​ថៃ ក្នុង​ករណី​ទទួល​បាន​ចម្លើយ​គ្រប់គ្រាន់​ហើយ។

អ្នកនាំពាក្យ​ឲ្យ​ដឹង​ថា នៅពេលនេះ ក្រុមហ៊ុន​ទូក​នេសាទ បាន​យល់ព្រម​ទូទាត់​ឲ្យ​ពលករ​នូវ​ទឹកប្រាក់​ចំនួន​២៥.០០០​បាត​ ក្នុង​ម្នាក់ៗ ​រួចហើយ ដោយ​ប្រគល់​ឲ្យ​មជ្ឈមណ្ឌល​រក្សាទុក​ជូន​ដល់​ជន​រង​គ្រោះ ហើយ​តាម​ការ​ពិនិត្យ​របស់​ស្ថានទូត ពលករ​ខ្មែរ​ទាំងនេះ​ត្រូវ​បាន​មជ្ឈមណ្ឌល​យក​ចិត្ត​ទុក​ដាក់​មើល​យ៉ាង​ល្អ ដោយមាន​កន្លែង​ស្នាក់នៅ​សមរម្យ ការ​ហូប​ចុក​៣​ពេល​ក្នុង​មួយថ្ងៃ និង​ម្ហូប​៣​មុខ​ក្នុង​១​ពេល​ផង​ដែរ …។​ល..។

តាម​អ្នកនាំពាក្យ​ក្រសួងការបរទេស​អះអាង​ថា ស្ថានទូត ក៏បាន​ទំនាក់ទំនង​ជូន​ព័ត៌មាន​ដល់​គ្រួសារ​ពលករ​ទាំង​១៥​នាក់​រួចហើយ ដើម្បី​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ហើយក៏​បាន​ជួយ​សម្រួល​ឲ្យ​សាច់​ញាតិ​របស់​ពលករ​មួយ​ចំនួន​បាន​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​ដល់​មជ្ឈមណ្ឌល៕