តុលាការ​កំពូល​ ផ្ដន្ទាទោស​ជា​ស្ថាពរ​លើ​ក្រុម​ចលនា​ប្រដាប់​អាវុធ​ខុសច្បាប់​ប្រឆាំង​រាជរដ្ឋាភិបាល

តុលាការ​កំពូល​ ផ្ដន្ទាទោស​ជា​ស្ថាពរ​លើ​ក្រុម​ចលនា​ប្រដាប់​អាវុធ​ខុសច្បាប់​ប្រឆាំង​រាជរដ្ឋាភិបាល



ភ្នំពេញ ៖ ចៅក្រម​តុលាការ​កំពូល​លោកស្រី គិ​ម ស​ត្ថា​វី នៅ​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ សម្រេច​តម្កល់​សាលដីកា​សាលាឧទ្ធរណ៍​ទុក​ជា​បានការ​ដដែល ពោល​គឺ​ផ្ដន្ទាទោស​ស្ថាពរ​លើ​ក្រុម​ចលនា​សុវណ្ណ​ភូមិ​ដែល​បង្កើត​កម្លាំង​ប្រដាប់​អាវុធ​ខុសច្បាប់​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល​ស្របច្បាប់​ នៃ​ព្រះរា​ជា​ណាចក្រ​កម្ពុជា ចន្លោះ​ពី​១៥​ឆ្នាំទៅ​១៧​ឆ្នាំ។ ការ​សម្រេច​នេះ គឺ​បិទ​ផ្លូវ​តវ៉ា។

ក្នុង​សំណុំរឿង​នេះ​មាន​ជនជាប់ចោទ​៦​នាក់ ទី​១​-ឈ្មោះ ពោត ផរ ហៅ​កុ​ត អាយុ​៤៦​ឆ្នាំ។ ទី​២- ឈ្មោះ យ៉ុម ហេវ អាយុ​៤១​ឆ្នាំ។ ទី​៣-ឈ្មោះ ផ្ល​ត រី ហៅ ម៉ៃ រ៉​ប អាយុ​៤៩​ឆ្នាំ។ ទី​៤-ឈ្មោះ លីវ សុខ​សុវណ្ណ អាយុ​៤៩​ឆ្នាំ។ ទី​៥-ឈ្មោះ ជុំ វិជ័យ ហៅ​គ្រូ​ជ័យ អាយុ​៤២​ឆ្នាំ និង​ទី​៦-​ឈ្មោះ ជា សារ៉ាន់ អាយុ​៤៩​ឆ្នាំ។

ពួកគេ​ទាំង​៦​នាក់ ធ្លាប់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចន្លោះ​ពី​១៥​ឆ្នាំ ទៅ​១៧​ឆ្នាំ ពី​បទ​បង្កើត​ដោយ​ខុសច្បាប់​នូវ​កម្លាំង​ប្រដាប់​អាវុធ​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ឆ្នាំ​២០០៦ រហូតដល់​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១១ តាម​មាត្រា​៤៦៣ ​នៃ​ក្រមព្រហ្មទណ្ឌ។ ប៉ុន្តែ​ការសម្រេច​នេះ ក្រុម​ជនជាប់ចោទ​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល។​

ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​បញ្ជាក់​ថា ក្នុង​អំឡុង​ឆ្នាំ​២០០៦ ឈ្មោះ ជា សារ៉ាន់ មាន​តួនាទី​ជា​សន្តិសុខ នៅ​គណបក្ស សម រង្ស៊ី បាន​ជ្រើសរើស​កងកម្លាំង​ប្រដាប់​អាវុធ​ដោយ​ខុសច្បាប់​ក្រោម​ឈ្មោះ​ចលនា​សុវណ្ណ​ភូមិ និង​បាន​កៀរគរ​បក្ខពួក​ចូលរួម​ក្នុង​គោលបំណង​ផ្ដួល​រលំ​រាជរដ្ឋាភិបាល ដោយ​មាន​មេដឹកនាំ​នៅ​បរទេស​រហស្សនាម «​សេនា​ដៃ​ធំ​» និង​បាន​ជ្រើសរើស​ប្រទេស​តៃវ៉ាន់ ជា​កន្លែង​ផ្តល់​ជំនួយ។

ប្រភព​ព័ត៌មាន​បន្ត​ថា ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ក្នុង​ខណ្ឌ​ទួលគោក នៅ​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ ២០១១ ខណៈ​កំពុង​ជួប​ប្រជុំ​អំពី​ផែន​ការ​ធ្វើ​សកម្មភាព​សម្រាប់​ចលនា​ប្រដាប់​អាវុធ​នេះ ដើម្បី​ផ្ដួល​រលំ​រាជរដ្ឋាភិបាល​ស្រប ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៕