ឆក់​កាបូបស្ពាយ​ជនបរទេស ​រត់​រួច​ម្នាក់​ ជាប់អន្ទាក់​ប៉ូលិស​ម្នាក់​

ឆក់​កាបូបស្ពាយ​ជនបរទេស ​រត់​រួច​ម្នាក់​ ជាប់អន្ទាក់​ប៉ូលិស​ម្នាក់​



ភ្នំពេញ ៖ ជនសង្ស័យ​ក្នុងចំណោម​គ្នា​២​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចតុមុខ​ឃាត់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ពួកគេ​បាន​តាម​ឆក់​កាបូបស្ពាយ​របស់​ស្ត្រី​ជនជាតិ​អាល្លឺម៉ង់​កាលពី​វេលា​ម៉ោង​១៥​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែ​មីនា ​ឆ្នាំ​២០១៦ នៅ​ចំណុច​ខាងត្បូង​សួន​ទ្រី​ម​លែន​ឌ៍​ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ​ ខណ្ឌ​ដូនពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​នេះ​ឈ្មោះ ​ហ៊ាន ភក្តី ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​ស្នាក់​នៅផ្ទះ​លេខ​៧០​ ផ្លូវ​បេតុង​ សង្កាត់​បឹងទំពុន​ ខណ្ឌ​មានជ័យ ត្រូវ​បាន​ដក​ហូត​កាបូបស្ពាយ​របស់​ជនបរទេស​មកវិញ​។​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​ឈ្មោះ ​ប៊ី ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ ​គេច​ខ្លួន​បាត់។ ជនរងគ្រោះ​ឈ្មោះ​ Staue Paulina Elisabeth ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ ជនជាតិ​អាល្លឺម៉ង់ ​មុខរបរ​ទេសចរណ៍ ​ស្នាក់នៅ​កោះ​ពេជ្រ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅមុន​ពេល​កើតហេតុ ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​កង់​បី​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​ម៉ាក​Icon តាម​មក​ឆក់​កាបូប​បានសម្រេច​ រួច​ព្យាយាម​ជិះ​គេចខ្លួន​ លុះ​មក​ដល់​កន្លែង​ហ្គេម​បាញ់​ត្រី​កោះ​ពេជ្រ ​ក៏​ត្រូវ​កម្លាំង​មូលដ្ឋាន​តាម​ឃាត់​បាន​ជនសង្ស័យ​ម្នាក់ ​ព្រមទាំង​ដកហូត​កាបូប​របស់​ជនបរទេស​មកវិញ​។​ ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត​គេចខ្លួន​បាត់។ សមត្ថកិច្ច​បញ្ជាក់​ថា ជនសង្ស័យ​ដែល​ឃាត់​ខ្លួន​នេះ​កំពុងតែ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។​ ចំណែក​បក្ខពួក​ដែល​នៅ​សេសសល់​កំពុង​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត​ទៀត​៕