ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ដកហូត​បាន​ម៉ា​ទឹកកក​០៦​កញ្ចប់​

ឃាត់ខ្លួន​អ្នក​ជួញដូរ​គ្រឿងញៀន​ម្នាក់ និង​ដកហូត​បាន​ម៉ា​ទឹកកក​០៦​កញ្ចប់​



ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន​ កាលពី​វេលា​ម៉ោង​០៩​និង​១០​នាទី​ ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ត្រង់ចំណុច​បន្ទប់​ទឹក​ផ្សារ​សូរិយា​ម៉ល​ ផ្លូវ​លេខ​១៧២​ ក្នុង​សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។

មន្ត្រី​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹង​ថា ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ​ប៊ី សុខា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ​ត្រូវ​បាន​ឃាត់ខ្លួន​ពី​បទ​ជួញដូរ​ ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០៦​កញ្ចប់។ មន្ត្រី​នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា ​មុន​ពេល​ឃាត់​ខ្លួន​ជនសង្ស័យ​រូប​នោះ ​គឺ​កម្លាំង​នគរបាល​បាន​ចេញ​ល្បាត​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​ ដើម្បី​ពួនស្ទាក់​ទប់ស្កាត់​រាល់​បទល្មើស​ផ្សេងៗ ​ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​អភិបាល​ខណ្ឌ​ដូនពេញ​ លោក​ គួច ចំរើន ជាពិសេស​ទៀត​លោក ​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​ដែល​បែងចែក​ឲ្យ​កម្លាំង​នគរបាល​តាម​បណ្ដា​ប៉ុស្តិ៍​ទាំង​អស់​ ត្រូវ​ទ្រោល​សភាពការណ៍​ចេញ​ពួនស្ទាក់​គ្រប់​រូបភាព ​ដើម្បី​បង្ការ ​ទប់ស្កាត់​ រាល់​បទល្មើស​ឲ្យ​ទាន់​សភាពការណ៍ ​ដូច្នេះ​ហើយ​កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ទទួល​ព័ត៌មាន​សម្ងាត់​ថា​មាន​ជនសង្ស័យ​ម្នាក់​កំពុង​ជួញដូរ​នៅ​ចំណុច​កើតហេតុ​នោះ ​ក៏​កម្លាំង​ឃើញ​ជាក់ស្ដែង​ក៏​ឃាត់​ជន​សង្ស័យ​រូប​នោះ​ ព្រមទាំង​ដកហូត​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិ​វិធី​ នៃ​ច្បាប់​៕​