អនិច្ចា​ក្មេងស្រី​អាយុ​១៥​ខែ លង់ទឹក​ស្លាប់ ​ក្នុង​ធុង​ថ្នាំ​ស្ពិចត្រូ​

អនិច្ចា​ក្មេងស្រី​អាយុ​១៥​ខែ លង់ទឹក​ស្លាប់ ​ក្នុង​ធុង​ថ្នាំ​ស្ពិចត្រូ​



បាត់ដំបង ៖ ភាព​ភ័យរន្ធត់​មួយ​បាន​កើតឡើង ដោយសារតែ​បុរស​ម្នាក់​ ដែល​ត្រូវជា​ជីតា​បាន​ប្រទះ​ឃើញ​ចៅស្រី​របស់​ខ្លួន​ ដែល​ទើបតែ​មាន​អាយុ​១៥​ខែ បាន​ដាំ​ក្បាល​ចូល​ទៅ​ក្នុង​ធុង​ថ្នាំ​ស្ពិ​ច​ត្រូ​ ដែល​មាន​ទឹក​ពេញ និង​បះជើង​ឡើងលើ បណ្ដាលឲ្យ​ស្លាប់​ បន្ទាប់ពី​រូប​គាត់​រវល់​ទៅ​ហៅ​អេ​ស្កា​ ឲ្យ​មក​កា​យ​ស្រះ ហើយ​ទុក​ចៅ​ចោល​តែម្នាក់ឯង។​

ហេតុការណ៍​នេះ​គឺ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៦ ​ខែមីនា​ ឆ្នាំ​២០១៦ ត្រង់​ចំណុច​ក្រុម​ទី​១ ភូមិ​ប្រឡាយ ឃុំ​មោង ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ស្ថិត​ក្នុង​ផ្ទះ​របស់​ ឈ្មោះ វុន វង់ ហៅ​ហួច ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​ធ្វើស្រែ ហើយក៏​ត្រូវជា​ជីតា​របស់​ក្មេងស្រី​រងគ្រោះ​ផង​ដែ​រ។​

​តាម​ការ​បញ្ជាក់​ពី​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​ដឹង​ថា ក្មេងស្រី​រងគ្រោះ​មាន​ ឈ្មោះ ហ៊ីង នី​ហ្សា អាយុ​១៥​ខែ ដែល​មាន​ឪពុក​ ឈ្មោះ ហួច ហ៊ីង អាយុ​២២​ឆ្នាំ​ និង​ម្តាយ​ ឈ្មោះ ចូ​ត ទឹ​ត អាយុ​១៩​ឆ្នាំ ដោយ​អ្នក​ទាំងពីរ​បាន​ចេញ​ទៅ​ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ព្រមទាំង​បាន​ផ្ញើ​កូនស្រី​ឲ្យ​នៅ​ជាមួយ​នឹង​ជីតា។​

​តាម​ការ​រៀបរាប់​ពី​ជីតា​ចៅស្រី​នោះ​បាន​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​រូប​គាត់​ បាន​នៅ​ជាមួយ​នឹង​ចៅស្រី ប៉ុន្តែ​ដោយសារតែ​ឃើញ​អេស្កា​គេ​មក​កាយ​ស្រះ​នៅក្នុង​ភូមិ ដូច្នេះ​គាត់​ក៏បាន​ឆ្លៀត​ទៅ​ប្រាប់​អ្នកបើកបរ ​ដើម្បី​ឲ្យ​មក​កាយ​ស្រះ​ឲ្យ​គាត់​ដែរ ដោយ​បាន​ទុក​ចៅស្រី​ចោល​មួយ​ភ្លែត​តែប៉ុណ្ណោះ លុះ​ត្រឡប់មកវិញ​ក៏​ស្រាប់តែ​បាត់​ចៅស្រី ទើប​គាត់​ដើររក​ក៏បាន​ប្រទះឃើញ​ជើង​ចៅស្រី​បះជើង​ឡើ​ង​លើ​ចេញពី​ធុង​ស្ពិ​ច​ត្រូ​ ដែល​គាត់​បាន​ដាក់​ទឹក​ជិត​ពេញ ពេល​លើក​ឡើង​មក​គឺ​ចៅស្រី​របស់​គាត់​បា​ន​ស្លាប់​បាត់​ទៅ​ហើយ ​ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ស្លុត​ក្រៃលែង ​នេះ​គឺជា​កំហុស​របស់​គាត់​ ដែល​បាន​ទុក​ចៅស្រី​ឲ្យ​នៅ​ម្នាក់ឯង​បែបនេះ ដែល​ទំនងជា​ចៅ​របស់​គាត់​ស្រេកទឹក​ហើយ​បាន​ឱន​ចុះ​ផឹកទឹក​ក្នុង​ធុង​ទើបត្រូវ​លង់ទឹក​បែបនេះ។​

​នៅពេល​នោះ​ដែរ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាន​ឲ្យ​កម្លាំង​នាំ​យក​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន​១០​ម៉ឺន​រៀល រួម​ទាំង​អង្ករ​៥០​គីឡូក្រាម​ទៅ​ប្រគល់​ឲ្យ​ជីតា​របស់​ក្មេងស្រី​រងគ្រោះ​ ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ៕

អនិច្ចា​ក្មេងស្រី​អាយុ​១៥​ខែ លង់ទឹក​ស្លាប់ ​ក្នុង​ធុង​ថ្នាំ​ស្ពិចត្រូ​