វិនិយោគិន​ឥណ្ឌា​ គ្រោង​បោះ​ទុន​១​ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​

វិនិយោគិន​ឥណ្ឌា​ គ្រោង​បោះ​ទុន​១​ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​



ភ្នំពេញ ៖ ក្រុម​អ្នក​វិនិយោគ​ មកពី​ប្រទេស​ឥណ្ឌា​ គ្រោង​នឹង​បោះ​ទុន​ប្រមាណ​១​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​រយៈពេល​៥​ឆ្នាំ​ ដើម្បី​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​កម្ពុជា។ ការ​បោះ​ទុន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​លើ​វិនិយោគ លើ​វិស័យ​នេះ​ ដោយសារតែ​គេ​មើល​ឃើញ​ពី​ភាព​អំណោយ​ផល ​នៃ​ទីផ្សារ​អចលនទ្រព្យ និង​សណ្ឋាគារ នៅ​កម្ពុជា។

លោក Imtiaz (IMMY) Panjwani​ នាយក​គ្រប់គ្រង​ក្រុមហ៊ុន JATIA GROUP បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​រាត្រី​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ថា​ ការ​សម្រេច​ចិត្ត​បោះ​ទុក​វិនិយោគ​នៅ​កម្ពុជា​នេះ ​គឺ​ដោយ​មើល​ឃើញ​ពី​ឱកាស​វិនិយោគ​លើ​ផ្នែក​អចលន​ទ្រព្យ​នៅ​កម្ពុជា​អាច​រក​ផល​ចំណេញ​បាន ហើយ​ម្យ៉ាងទៀត​ក្រុមហ៊ុន​របស់​លោក និង​ដៃគូ​ធំៗ​មួយ​ចំនួន​ទៀត​មាន​បទពិសោធន៍​យូរ​ឆ្នាំ​ និង​ទទួល​បាន​ជោគជ័យ​លើ​ការ​វិនិយោគ​វិស័យ​អចលនទ្រព្យ​នៅ​ប្រទេស​ឥណ្ឌា។

លោក Imtiaz (IMMY) Panjwani​ បន្ត​ថា «​ក្រុមហ៊ុន JATIA GROUP កំពុង​ស្វែងរក​ដៃគូ​នៅ​កម្ពុជា ដើម្បី​អនុវត្ត​នូវ​គម្រោង​ខាង​លើ​នេះ ដោយ​ចាប់​យក​រាជធានី​ភ្នំពេញ មុននឹង​ឈាន​ទៅ​រក​ការ​វិនិយោគ​នៅ​ខេត្ត​មួយ​ចំនួន​ទៀត​ក្នុង​ប្រទេស​កម្ពុជា​។

លោក​អះអាង​ថា យ៉ាងហោចណាស់​ក៏​ត្រូវ​បណ្ដាក់​ទុន​១០០​លាន​ដុល្លារ​អាមេរិក ដើម្បី​វិនិ​យោគ​លើ​ផ្នែក​នេះ​នៅ​ចុង​ឆ្នាំ​២០១៦ ហើយ​គ្រោង​នឹង​បញ្ចប់​គម្រោង​ទាំងស្រុង​នៅ​ឆ្នាំ​២០១៨​ផង​ដែរ​»​។

លោក Vidip Jatia នាយក​គ្រប់គ្រង Supereme Holdings & Hospitality ( India) Limited បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ផ្នែក​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា ​ធ្វើ​ឲ្យ​ក្រុមហ៊ុន​លោក​ជឿជាក់​ថា ​មានឱកាស​ច្រើន​ក្នុង​ការ​ទទួល​បាន​ជោគជ័យ ព្រោះតែ​ទីផ្សារ​នៃ​អចលនទ្រព្យ​នៅ​កម្ពុជា​ស្រដៀង​គ្នា​ទៅ​នឹង​ទីផ្សារ​អចល​ទ្រព្យ​នៅ​ប្រទេស​ឥណ្ឌា ​គឺ​ប្រជាពលរដ្ឋ​កម្ពុជា​ និង​ប្រជាពល​រដ្ឋ​ឥណ្ឌា​សុទ្ធតែ​ចង់បាន​ការ​ចំណាយ​មួយ​ក្នុង​កម្រិត​ទាប ប៉ុន្តែ​ទទួល​បាន​សមិទ្ធផល​ល្អ។

លោក​បន្ត​ថា ក្រុមហ៊ុន​មាន​អ្នក​ជំនាញ​បច្ចេកទេស​ខ្ពស់​ច្បាស់លាស់​ក្នុងការ​សាងសង់​ដែល​ធ្លាប់​ជោគជ័យ​ខ្ពស់​នៅ​ប្រទេស​ឥណ្ឌា​ ដូចនេះ​លោក​ជឿជាក់​ថា នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​កម្ពុជា​ដែរ​ ព្រោះថា​រាជធានី​ភ្នំពេញ​មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ទីក្រុង​ប៊ុ​ម​ប៊ៃ ​ប្រទេស​ឥណ្ឌា​ដែរ​ ពោល​គឺ​ប្រទេស​កម្ពុជា​មិន​ខុស​ពី​ប្រទេស​ឥណ្ឌា ពិសេស​លើ​ទីផ្សារ​អចលនទ្រព្យ​ ដោយ​ផ្តោត​ទៅ​លើ​ការសាងសង់​ដែល​មាន​តម្លៃ​តិច​ តែ​ទទួល​បាន​លទ្ធផល​ខ្ពស់​។

លោក​បន្ថែម​ថា ​ទោះបីជា​នៅ​ប្រទេស​កម្ពុជា​អ្នក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​ហាក់​ដូច​ជា​មាន​កំណើន​ខ្ពស់​ក៏ដោយ​ ក៏​យើង​នៅតែ​សង្ឃឹម​២០០​ភាគរយ​ លើ​ការ​វិនិយោគ​របស់​យើង​ដែរ។​

គួរ​បញ្ជាក់​ថា ក្រុមហ៊ុន​នេះ បាន​ចាប់ផ្តើម​ដំណើរការ​ពី​ឆ្នាំ​១៩៨២ មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​មុខ​ជំនួញ ការគ្រប់គ្រង​អភិវឌ្ឍន៍​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ អភិវឌ្ឍន៍​អចលនទ្រព្យ រួម​ទាំង​ផ្តល់​ជូន​ឥណទាន​ធនាគារ ការ​ធ្វើ​ពាណិជ្ជកម្ម អាហារ ភេសជ្ជៈ​ និង​បណ្ដាក់ទុន​ជាច្រើន​ទៀត​នៅ​ឥណ្ឌា​ផង​ដែរ។

លោក BRETTON G.SCIA RONY​ប្រធានសភា​ពិ​ជ្ជ​កម្ម​អន្តរជាតិ​ដែល​បាន​ចូលរួម​នៅ​ក្នុង​សន្និសីទ​កាសែត​នា​ឱកាស​នោះ​ដែរ​ បាន​មានប្រសាសន៍ថា ​ខ្ញុំ​មាន​សេចក្ដី​រីករាយ​ណាស់​ដែល​បាន​អ្នក​វិនិយោគ​មកពី​ប្រទេស​ឥណ្ឌា​មក​បោះ​ទុន​នៅ​ប្រទេស​កម្ពុជា​ ព្រោះថា​កា​រណា​មាន​អ្នក​វិនិយោគ​មក​រក​ស៊ី​នៅ​កម្ពុជា ​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់តែ​ល្អ​ប្រសើរ ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​កម្ពុជា​កំពុង​បោះ​ជំហាន​មួយ​ឆ្ពោះ​ទៅ​កាន់តែ​ល្អ​ប្រសើរ​ពោល​គឺ​ប្រមាណ​៧​ភាគរយ​ក្នុង​១​ឆ្នាំៗ​»។

ចំពោះ​ការ​វិនិយោគ​លើ​វិស័យ​អចល​ទ្រព្យ​របស់​អ្នកជំនួយ​ឥណ្ឌា​នៅ​កម្ពុជា​លោក​ប្រធាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ថា ការដែល​អ្នក​ជំនួយ​ឥណ្ឌា​មក​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ ដោយសារតែ​ប្រទេស​ឥណ្ឌា​មាន​ស្ថានភាព​ដូចគ្នា​នឹង​ប្រទេស​កម្ពុជា​ដែរ​ ហើយ​លោក​សង្ឃឹមថា​តាម​គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ​៕វិនិយោគិន​ឥណ្ឌា​ គ្រោង​បោះ​ទុន​១​ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​
វិនិយោគិន​ឥណ្ឌា​ គ្រោង​បោះ​ទុន​១​ពាន់​លាន​ដុល្លារ​លើ​វិស័យ​អចលនទ្រព្យ នៅ​កម្ពុជា​