មណ្ឌល​សុខភាព​រុន​តា​ឯក សម្ពោធ​ដាក់​ឲ្យ​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​​

មណ្ឌល​សុខភាព​រុន​តា​ឯក សម្ពោធ​ដាក់​ឲ្យ​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​​



សៀមរាប ​៖ ប្រជា​សហគមន៍​មូលដ្ឋាន​ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​ បាន​ចាត់​ទុក​ថា ការ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មណ្ឌល​សុខភាព​រុន​តា​ឯក គឺជា​ប្រវត្តិសាស្ត្រ​នៃ​មូលដ្ឋាន​របស់​ខ្លួន ដែល​ត្រូវ​បាន​កាត់បន្ថយ​ថែមទៀត អត្រា​មរណៈ​នៃ​មាតា​-​ទារក និង​កុមារ។​

មណ្ឌល​សុខភាព​រុន​តា​ឯក ដែល​ស្ថិត​ក្នុង​ដែន​រដ្ឋបាល​ជនបទ​នៃ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ហើយក៏​ជា​មូលដ្ឋាន ស្ថិត​ក្នុង​តំបន់​ឧទ្យាន​អង្គរ គ្រប់គ្រង​ដែន​អភិរក្ស​បេតិកភណ្ឌ​វប្បធម៌​ ដោយ​អាជ្ញា​ធរ​ជាតិ​អប្សរា​ផង​នោះ បាន​បើក​សម្ពោធ​ជា​ផ្លូវការ ដាក់​ឲ្យ​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​នា​ព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៦ ក្រោម​វត្តមាន​របស់​ឯកឧត្តម អេង ហួត រដ្ឋលេខា​ធិ​ការ​ក្រសួងសុខាភិបាល និង​មាន​វត្តមាន​ផង​ដែរ លោក សង់ រី​ហា អភិបាលរង​ខេត្ត និង លោក ម៉ី ម៉ាឌី ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​អប្សរា។

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​រាយការណ៍​ឲ្យ​ដឹង​ថា បើ​តាម​គោ​ល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា និង​ជា​ផែនការ​គ្របដណ្ដប់​របស់​ក្រសួងសុខាភិបាល គឺ​បណ្ដា​ឃុំ-​សង្កាត់​ទាំងអស់​ទូទាំង​ខេត្ត ត្រូវ​បាន​មណ្ឌល​សុខភាព​ចំនួន​១​យ៉ាងតិច ដោយ​ផ្អែកលើ​កំណើន​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា មណ្ឌល​សុខភាព​រុន​តា​ឯក ដែល​ជា​អំណោយ​មនុស្សធម៌​របស់​ លោក សាលា អង់​រី​កូ សប្បុរសជន​ស្វី​ស គឺជា​សមិទ្ធផល​ប្អូន​ពៅ​ទី​៦ របស់​ស្រុក​បន្ទាយស្រី គឺ​មានន័យថា ជាមួយនឹង​ការ​បើក​សម្ពោធ​មណ្ឌល​សុខភាព​មួយ​នេះ ស្រុក​បន្ទាយស្រី មាន​មណ្ឌល​សុ​ខ​ភាព ១០០% លើ​បណ្ដា​ឃុំ​ទាំង​៦​របស់​ខ្លួន និង​ជា​មណ្ឌល​សុខភាព​ទី​៩១ លើ​១០០​ឃុំ​-​សង្កាត់​ទូទាំ​ង​ខេត្តសៀមរាប។

លោក សាលា អង់​រី​កូ ដែល​ជា​ម្ចាស់​អំណោយ​បាន​បង្ហាញ​ឲ្យ​ដឹង​ដែរ​ថា មណ្ឌល​សុខភាព​មួយ​នេះ ត្រូវ​បាន​ចំណាយ​ថវិកា​សាងសង់​អស់​ចំនួន ៦៤៧០០​ដុល្លារ​សហរដ្ឋអាមេរិក ក្នុង​នោះ​រួមមាន​អាគារ​ពេទ្យ​ស្មើនឹង​១១​បន្ទប់ បំពាក់​ដោយ​សម្ភារៈ​បរិក្ខារ​ពេទ្យ និង​អាគារ​ស្នាក់នៅ​ប្រចាំការ​របស់​គ្រូពេទ្យ​ស្មើនឹង​២​បន្ទប់ ។ លោក​បាន​បន្ត​ថា សម្រាប់​ការចូលរួម​ជួយ​ជំរុញ​ការ​រីកចម្រើន​វិស័យ​សុខាភិបាល​ជនបទ ក្រោម​ការ​ជួយ​គាំទ្រ​ដោយ​ជនរួមជាតិ​ស្វី​ស មណ្ឌល​សុខភាព​រុន​តា​ឯក គឺជា​មណ្ឌល​សុខ​ភា​ព​ទី​១៤ ដែល​លោក​បាន​នាំមក​នូវ​ការ​កសាង​ជូន​ប្រជាពលរដ្ឋ​កម្ពុជា នៅ​តាម​បណ្ដា​ទី​ជន​បទ​នានា​ក្នុង​ខេត្តសៀមរាប រួម​ទាំង​អាគារ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​អង្គរជុំ ចំនួន​៨​អាគារ​ផង​ដែរ។

លោក អេង ហួត រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​ថ្លែង​ថា គឺ​ពិតជា​អាច​វាយតម្លៃ​បាន​ថា លោ​ក សាលា អង់​រី​កូ និង​បងប្អូន​ជនរួមជាតិ​ស្វី​ស បាន​បង្ហាញ​នូវ​ចំណងមិត្តភាព និង​ការ​ស្រឡាញ់​រាប់​អាន​ដ៏​ជ្រាលជ្រៅ​ចំពោះ​ប្រជាពលរដ្ឋ និង​រាជរដ្ឋាភិបាល​កម្ពុជា។ ជាមួយ​ឱកាស​នោះ លោក​រដ្ឋ​លេ​ខា​ធិការ​ក្រសួងសុខាភិបាល ចំពោះ​អាជ្ញាធរ​ជាតិ​អប្សរា​ ដែល​បាន​រួម​សហការ ជួយ​សម្របសម្រួល ធ្វើ​ឲ្យ​ការ​កសាង​មណ្ឌល​សុខភាព​មួយ​នេះ ដំណើរការ​បាន​ល្អ​ប្រសើរ និង​បាន​ឈាន​មកដល់​ថ្ងៃ​ដែ​ល​បងប្អូន​ប្រជាពលរដ្ឋ​រង់ចាំ គឺ​ការ​ផ្តល់​សេវា​សុខាភិបាល​សាធារណៈ​នៅ​ជិត​ផ្ទះ​របស់​ពួកគាត់ ដែល​នេះ​គឺ​សមិទ្ធផល​ថ្មី​មួយទៀត ដែល​បាន​កើតឡើង​នៅ​ទី​ជន​បទ ជួយ​កាត់បន្ថយ​បាន​អត្រា​មរណៈ​នៃ​មាតា​និង​ទារក ហើយក៏​ជា​កត្តា​មួយ​ផ្នែក កាត់បន្ថយ​បាន​នូវ​ការ​ព្រួយបារម្ភ​ ដែល​ធ្លាប់​មាន​ពី​មុន​មក ក្នុង​ការ​រត់​រក​សេវា​សុខាភិបាល​សង្គ្រោះ​បន្ទាន់​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា សេវា​សុខាភិបាល​ដែល​នៅ​ឆ្ងាយ​ពី​មូលដ្ឋាន វា​គឺជា​ហានិភ័យ​សម្រាប់​ការ​ស​ង្គ្រោះ​ជីវិត​អ្នក​ជំងឺ​។

ជាថ្មី​ម្តង​ទៀត លោក អេង ហួត បាន​សង្កត់​ធ្ងន់​ថា យោង​តាម​របាយការណ៍​របស់​អាជ្ញាធរ​មូលដ្ឋាន​គឺ​ពិតជា​ត្រូវ​បាន​លើក​សរសើរ​ប្រគេន​ និង​ជូន​ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី រួម​ទាំង​បងប្អូន​ប្រជា​ព​លរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ផង​ដែរ ដែល​បាន​រួមគ្នា រួមចំណែក​បរិច្ចាគ​ដី​ធ្លី ទ្រព្យ​ភាគ​ផ្ទាល់ខ្លួន ដើម្បី​ការ​បង្កើត​ឡើង​នូវ​មណ្ឌល​សុខភាព​ថ្មី​មួយ​នេះ៕

មណ្ឌល​សុខភាព​រុន​តា​ឯក សម្ពោធ​ដាក់​ឲ្យ​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​​

មណ្ឌល​សុខភាព​រុន​តា​ឯក សម្ពោធ​ដាក់​ឲ្យ​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​​

មណ្ឌល​សុខភាព​រុន​តា​ឯក សម្ពោធ​ដាក់​ឲ្យ​បម្រើសេវា​សុខាភិបាល​សាធារណៈ ជូន​ប្រជាពលរដ្ឋ​​