ប្រទេស​កម្ពុជា​-​ឡាវ នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ​

ប្រទេស​កម្ពុជា​-​ឡាវ នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ​



ភ្នំពេញ ​៖ ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​មួយ​ជា​លក្ខណៈ​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ ហើយ​កម្មវិធី​នោះ នឹង​រៀបចំឡើង​ក្រោម​អធិបតីភាព​រដ្ឋមន្ត្រី​ការបរទេស​ នៃ​ប្រទេស​ទាំងពីរ។

លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មីនា ឆ្នាំ​២០១៦ ថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦០​ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កម្ពុជា ​នឹង​រៀបចំ​កម្មវិធី​ប្រកួត​បាល់ទាត់​មិត្តភាព​អន្តរជាតិ​មួយ រវាង​ក្រុម​តារា​បាល់ទាត់​កម្ពុជា (Cambodia All-Stars) ជា​មួយ​នឹង​ក្រុម​តារា​បាល់ទាត់​ឡាវ ( Laos All-Stars) ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៨​និង​៣០​នាទី នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្រោម​អធិបតីភាព​ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ឯកឧត្ដម​បណ្ឌិត ថង​លួ​ន ស៊ី​ស៊ូ​លី​ត (Thongloun SISOULITH) ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០១៦ ក៏​មាន​ការប្រកួត​បាល់​ទាត់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ រវាង​ក្រុម​កីឡា​បាល់ទាត់​ថៃ និង​កម្ពុជា​ផងដែរ ហើយ​ការ​ប្រកួត​នោះ ក្រោម​អធិបតីភាព​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​ឧបនាយករដ្ឋមន្ត្រី លោក Tanasak Patimapragorn រដ្ឋមន្ត្រី​ក្រសួងការបរទេស​ នៃ​ព្រះរាជាណាចក្រ​ថៃ​ផង​ដែរ៕