ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ណែនាំ​ឲ្យ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ណែនាំ​ឲ្យ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ



ស្ទឹងត្រែង ​៖​ នៅ​ក្នុង​ទិវា​វប្បធម៌​ជាតិ​លើក​ទី​១៨ ​រៀបចំ​ធ្វើ​ឡើង​នៅ​សាលាខេត្ត​ស្ទឹងត្រែង ​នៅ​​ថ្ងៃ​ទី​១៦​មីនា​ ឆ្នាំ​២០១៦, ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ស្នើ​ឲ្យ​មន្ទីរ​វប្បធម៌​ខេត្ត​ស្ទឹងត្រែង​បំផុស​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ​ ថែរក្សា​ និង​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ​ ឲ្យ​នៅ​គង់វង្ស​ និង​ចៀសវាង​កុំ​នាំគ្នា​ចម្លង​យក​វប្បធម៌​បរទេស​ ធ្វើ​ឲ្យ​បាត់បង់​វប្បធម៌​របស់​ខ្លួន​ដែល​ជា​សិល្បៈ​ដូនតា។

លោក​ថៃ​ នរៈ​សត្យា ​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​មាន​ប្រសាសន៍​ថា​ ៖​សម្បត្តិ​វប្បធម៌​យើង រាប់​​បញ្ចូល​ទាំង​វប្បធម៌​រូបិយ និង​អរូបិយ ​មាន​ទាំង​អក្សរសាស្ត្រ មាន​ទាំង​ការ​ដើរហើរ​និយាយ​ស្តី រូបចម្លាក់ ក្បាច់​ផ្កាភ្ញី សម្លៀក​បំពាក់ របាំ ល្ខោន ចម្រៀង​បុរាណ សម័យ ជាដើម​។​ល​។ ​ដែល​យុវជន​យើង​ត្រូវ​បន្ត​រួមគ្នា​អភិរក្ស។

លោក​រដ្ឋលេខាធិការ​ពន្យល់​ថា ​៖ ​មូលដ្ឋាន​ខាង​លើ​នេះ​ សូម្បីតែ​បទ​ចម្រៀង​លោកតា​ស៊ិន​ស៊ី​សាមុត ​ក៏​ជា​ចំណែក​មួយ​នៃ​វប្បធម៌​របស់​យើង​ដែរ ហើយ​បើ​មិនបាន​នាំគ្នា​ថែរក្សា គួរតែ​កុំ​បំភ្លៃ​ឲ្យ​ខុស​ទម្រង់​ដើម ធ្វើ​ឲ្យ​បាត់បង់​មរតក​សាស្ត្រ​ដូនតា​យើង មិន​គួរ​ទៅ​រំលោភ​យក​បទ​គាត់ ទៅ​ច្រៀង​អី​​ផ្ដេសផ្ដាស​ដែរ បើ​យើង​ច្រៀង​ឲ្យ​បាន​ល្អ​ជាង​គាត់​ទៅ​ ក៏​វា​មិន​អី​ដែរ។ ប៉ុន្តែ​យើង​នៅតែ​ថែរក្សា បើសិនជា​យើង​យក​ច្រៀង ក៏​យក​ច្រៀង​ទៅ​ចុះ ព្រោះ​មរតក​ទាំង​អស់ហ្នឹង វា​មាន​មរតក​សាស្ត្រ មរតក​ដែល​មិន​មាន​មរតក​សាស្ត្រ កម្មសិទ្ធិ​វប្បធម៌​ហ្នឹង។ តែ​បើ​យើង​យក​ច្រៀង យើង​យក​ច្រៀង​គួរ​ដាក់​ថាៈ លំនាំ​ដើម​របស់​លោក​ស៊ិន​ស៊ី​សា​ម៉ុ​ត អញ្ចឹង​អ្នក​ទាំង​អស់​គ្នា​គេ​ដឹង​ ហើយ​កុំ​ឲ្យ​យើង​មិន​ដាក់​អី​សោះ យក​ទៅ​ច្រៀង​ហាក់​ដូចជា​បទ​យើង វា​ដូចជា​ការរំលោភ​មួយ​ ហើយ​យើង​មិន​ដឹងគុណ​ទៅដល់​បុព្វបុរស​យើង​ដែរ យើង​ចាត់ទុកថា​បុព្វបុរស​នៃ​ច្រៀង​សម័យ​ទៅ​ចោះ។

លោក​ឡា​ពុ​ទ្ធី​ អនុប្រធាន​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​បាន​ទទួល​ស្គាល់​ថា ​៖ ​បច្ចុប្បន្ន​ពិតជា​មាន​បុគ្គល​មួយ​ចំនួន​ បាន​យក​បទ​ចម្រៀង​របស់​លោក​តា​ ស៊ុន​ស៊ី​សាមុត ទៅ​ច្រៀង​​បំភ្លៃ​ខុស​ទៅ​នឹង​ទម្រង់​ដើម​មែន ​ដើម្បី​ធ្វើ​អាជីវកម្ម​រក​ប្រាក់ និង​ចង់​ធ្វើខ្លួន​ឲ្យ​ល្បី​ ដោយ​មិនបាន​គិត និង​យល់​ពី​តម្លៃ​នៃ​វប្បធម៌​របស់​មរតក​ដូនតា​យើង។

លោក​បាន​អះអាង​ថាៈ កន្លងមក​មន្ទីរ​ធ្លាប់​បាន​ធ្វើ​ការ​ផ្សព្វផ្សាយ​ច្បាប់ ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​វប្បធម៌​ជា​ញឹកញាប់​ដែរ ហើយ​ទិវា​វប្បធម៌​ជាតិ​ក្រោម​ប្រធានបទ (​យុវជន​.​វប្បធម៌​ជាតិ​)​ឆ្នាំ​២០១៦​នេះ លោក​នឹង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត។ យើងខ្ញុំ​នឹង​ប្រឹងប្រែង​ធ្វើការ​ផ្សព្វផ្សាយ តាម​លទ្ធភាព​ដែល​ពួក​យើង​ខ្ញុំ​មាន។ យើង​អភិរក្ស ទន្ទឹម​នឹង​ការ​អភិវឌ្ឍ​ បើ​មិន​អញ្ចឹង​ទេ​ទៅមុខ​បាត់ ​ភ្លេច​ក្រោយ​ហើយ អញ្ចឹង​យើង​ត្រូវតែ​ចងចាំ​ពី​ដូនតា​យើង​មក មានតម្លៃ​មិន​អាច​កាត់ថ្លៃ​បានទេ។ អញ្ចឹងទេ​យើងខ្ញុំ​​​គិត​ថា នឹង​ព្យាយាម​ធ្វើការ​ផ្សព្វផ្សាយ​តាម​លទ្ធភាព​ ដែល​មន្ទីរ​អាច​ធ្វើ​បាន។

លោកស្រី​គង់ ​ស៊ីផា​ អភិបាលរង​ខេត្ត​បាន​គាំទ្រ​ចំពោះ​សកម្មភាព​នេះ​ ពីព្រោះ​យើង​អាច​លើកស្ទួយ​តម្លៃ​សម្បត្តិ​វប្បធម៌​ដូនតា​បាន ​ជាពិសេស​កេរដំណែល​បទ​ចម្រៀង​លោកតា​ស៊ិន​ស៊ី​សាមុត ដែល​មាន​ដើមកំណើត​នៅ​ខេត្ត​ស្ទឹងត្រែង ​ហើយ​ត្រូវ​បាន​ក្រសួង​វប្បធម៌​ចាត់​ទុក​បទ​ចម្រៀង​របស់​គាត់ ជា​ចំណែក​មួយ​នៃ​វប្បធម៌​ និង​បាន​ដាក់​ងារ​ជា​អធិរាជ​សំឡេង​មាស​ថែមទៀត នៅក្នុង​សម័យ​បច្ចុប្បន្ន​នេះ។

លោកស្រី​អភិបាលរង​ស្នើ​ឲ្យ​មន្ទីរ​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​សហការ​គ្នា ​ជាមួយ​មន្ទីរអប់រំ​យុវជន ​និង​កីឡា​រួម​នឹង​ស្ថាប័ន​ពាក់ព័ន្ធ ​បន្ត​ការ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​វប្បធម៌​ ​ឲ្យ​បាន​ទូលាយ​ដល់​ស្រទាប់​យុវជន​ ដើម្បី​លើកកម្ពស់​សីលធម៌​សង្គម និង​តម្លៃ​វប្បធម៌​ខ្មែរ​យើង​ឲ្យ​មាន​កិត្តិនាម​កាន់តែ​ល្បីល្បាញ​ថែមទៀត។

សូម​បញ្ជាក់​ថាៈ​ នៅ​ខេត្តស្ទឹងត្រែង​ក្រៅ​ពី​បទ​ចម្រៀង​លោកតា​ស៊ិន​ស៊ី​សាមុត​នៅមាន​តួ​ប្រាសាទ​សិលា​ចារិក​ជា​មរតក​ដូនតា ដែល​នៅ​សេសសល់​ចំនួន​៩​កន្លែង បង្ហាញ​ពី​សម្បត្តិ​វប្បធម៌​ដែល​ទាមទារ​ឲ្យ មានការ​ថែរក្សា​ និង​អភិរក្ស​ឲ្យ​បាន​នៅ​គង់វង្ស៕
​ ​
ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ណែនាំ​ឲ្យ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ណែនាំ​ឲ្យ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ

ក្រសួង​វប្បធម៌ ​និង​វិចិត្រ​សិល្បៈ​ណែនាំ​ឲ្យ​អភិរក្ស​សម្បត្តិ​វប្បធម៌​ខ្មែរ