កូរ៉េខាងត្បូង​​អស់​ការអត់ធ្មត់​​លើ​ការ​គំរាម​របស់​កូរ៉េខាងជើងហើយ​ព្រមាន​​សងសឹក​

កូរ៉េខាងត្បូង​ធុញទ្រាន់​យ៉ាងខ្លាំង លើ​ពាក្យ​សម្តី​គំរាមកំហែង​របស់​កូរ៉េខាងជើង ហើយ​បាន​ប្រកាស​អស់​ការអត់ធ្មត់ លើ​ពាក្យ​សម្តី ដែល​ទីក្រុង​សេ​អ៊ូ​ល​ចាត់ទុកថា ជា​ការ​រក​រឿង​បង្ករ​ហេតុ​។ ឆ្លើយ​តប​​ការ​អត់​ទ្រាំ​លែង​បាន​លើ​ពាក្យ​សម្តីរបស់​មេដឹកនាំ​វ័យក្មេង​កូរ៉េខាងជើង អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងត្បូង​លោក​Cho June-hyuk បាន​ព្រលយ​សារ​ព្រមាន​ត្រឡប់​ទៅ​វិញ ថា​នឹង​សងសឹក​លើ​កូរ៉េខាងជើង​។​​

កូរ៉េខាងត្បូង​​អស់​ការអត់ធ្មត់​​លើ​ការ​គំរាម​របស់​កូរ៉េខាងជើងហើយ​ព្រមាន​​សងសឹក​

ការ​ថ្លែង​របស់លោក​Cho June-hyuk​បាន​ធ្វើឡើង​ភ្លាមៗ ក្រោយ​កូរ៉េខាងជើង​បោះពាក្យ​ព្រមាន​ជា​បន្តបន្ទាប់ និង​ចុងក្រោយ​លោក​គីម​ជុង អ៊ុន​បាន​គំរាម​ប្រើប្រាស់​អាវុធ​នុយក្លេអ៊ែរ​វាយប្រហារ គំរាម​​ធ្វើតេស្ត​ក្បាល​គ្រាប់​នុយក្លេអ៊ែ​រ និង​ធ្វើតេស្ដ​មី​ស៊ី​ល​ផ្លោង​ផ្ទុក​ក្បាល​នុយក្លេអ៊ែ​រ ក្នុង​ពេល​ដ៏​ខ្លី​ខាងមុខ​។ បើ​តាម​លោក​Cho June-hyuk​អះអាងថា កូរ៉េខាងត្បូង និង​សហគមន៍​អន្តរជាតិ មិន​បណ្តោយ​ឲ្យ​លោក​គីម ជុង​អ៊ុន​ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង ប្រើប្រាស់​ពាក្យ​សម្តី​ក្នុងន័យ រករឿង​បង្ករ​ហេតុ​ស្រេច​ចិត្ត​នោះ​ទេ​។ លោក​Cho June-hyuk​បន្ថែមថា កូរ៉េខាងជើង​អាច​ក្លាយជា​អ្នក​បំផ្លាញ​ខ្លួនឯង ប្រសិន​មិនប​ញ្ឈប់​ទង្វើរ​បែប​នេះ​។​

​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​បាន​កើនឡើង បន្ទាប់​ពី​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ នៅ​ដើមឆ្នាំ​២០១៦​នេះ បាន​បន្ថែម​ទណ្ឌកម្ម ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​កូរ៉េខាងជើង ដោយសារ​ប្រទេស​នេះ​មិន​បោះបង់​មហិច្ឆតា​នុយក្លែអ៊ែ​រ ដែល​អន្តរជាតិ​ហាមឃាត់​។ ផ្ទុយទៅវិញ ក្រៅ​តែ​ពី​មិន​បោះបង់​មហិច្ឆតា​នុយ​ក្លែង​អ៊ែរ កូរ៉េខាងជើង​បែរ​ប្រព្រឹត្ត​ទង្វើរ​ផ្គើន​ថែមទៀត​។ បើក​ទំព័រ​ឆ្នាំ​២០១៦​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស​នុយក្លែអ៊ែរ​ផ្អើល​អន្តរជាតិ​។ ​បើ​គិត​មក​ទល់​ពេល​នេះ កូរ៉េ​ខាងជើង​បាន​ធ្វើ​តេស្ត​នុយក្លេអ៊ែ​រ​៤​លើក​ហើយ ក្នុងនោះ លើក​ទី​១ នៅឆ្នាំ​២០០៦ លើក​ទី​២ ឆ្នាំ​២០០៩ លើក​ទី​៣ ឆ្នាំ​២០១៣ និង​លើក​ទី​៤ នៅ​ខែ​មករា​ឆ្នាំ​២០១៦​នេះ​៕(​ដោយ​៖​អ៊ុន សុខ​ឡា​)

ប្រភពៈ វាយោ