លោកស្រី Clinton ឈ្នះ​៤​រដ្ឋ ខណៈ​​លោក Trump ឈ្នះ​៣​រដ្ឋ​​​ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday 2

ក្នុង​ការ​​បោះឆ្នោត​បឋម​ដ៏​សំខាន់មួយ​កាល​ពី​​ថ្ងៃអង្គារ ឬ“Super Tuesday 2” លោកស្រី Hillary Clinton របស់​គណបក្ស​ប្រជាធិបតេយ្យ និងលោក Donald Trump របស់​គណបក្សសាធារណរដ្ឋទទួល​បាន​ជ័យ​ជម្នះ​ស្នូល​ក្នុង​ការ​ប្រណាំងប្រជែង​សម្រាប់ជា​បេក្ខជន​ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកនៅ​ក្នុង​បក្ស​រៀង​ខ្លួន​។

លោកស្រី Clinton ឈ្នះ​៤​រដ្ឋ ខណៈ​​លោក Trump ឈ្នះ​៣​រដ្ឋ​​​ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday 2

បេក្ខជននាំមុខ​គណបក្ស​សាធារណរដ្ឋ​ លោក Donald Trump និង​បេក្ខជន​នាំ​មុខ​របស់​គណបក្ស​ប្រជាធិបតេយ្យ លោកស្រី Hillary Clinton (រូប​ពី​ Channel News Asia)

បណ្ដាញផ្សាយ​ព័ត៌មាន BBC បាន​ផ្សាយ​ថា​លោក Trump បាន​យក​ឈ្នះ​នៅ​ក្នុង​រដ្ឋ​ចំនួន​៣​រួម​មាន​រដ្ឋ ​Florida រដ្ឋ​​ Illinoi និង​រដ្ឋ​ North California។ សម្រាប់រដ្ឋ Ohio ​ជ័យជម្នះ​បាន​ទៅ​លើ​បេក្ខជន​របស់​គណបក្ស​សាធារណរដ្ឋ​ម្នាក់​ទៀតគឺ​លោក John Kasich​។

ចំណែក​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​វិញ​ លោកស្រី Hillary Clinton ទទួល​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​រដ្ឋ​ចំនួន​៤គឺ​រដ្ឋ​ Florida រដ្ឋ​​ Ohio រដ្ឋ​ Illinoi និង​រដ្ឋ​ North California។​ ឯ​លទ្ធផល​នៅ​ក្នុង​រដ្ឋ​ Missouri នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេទាំង​គណបក្ស​សាធារណរដ្ឋ និង​គណបក្ស​ប្រជាធិបតេយ្យ ដោយ​សំឡេង​គាំ​ទ្រ​មាន​ការ​ប្រកៀកប្រកិត​គ្នា​ខ្លាំង​។

ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ ​ ឬ​”​Super Tuesday 2” គឺ​ជា​ការ​បោះឆ្នោត​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ការ​រក​សំឡេង​គាំ​ទ្រ​ក្នុង​បក្សសម្រាប់​បេក្ខភាព​ប្រធានាធិបតី​​ដោយ​ពលរដ្ឋ​នៅ​រដ្ឋ​ចំនួន​៥​ទៅបោះ​ឆ្នោត​ក្នុង​ថ្ងៃ​តែ​មួយ​។

លោកស្រី Clinton ឈ្នះ​៤​រដ្ឋ ខណៈ​​លោក Trump ឈ្នះ​៣​រដ្ឋ​​​ក្នុង​ថ្ងៃ​បោះឆ្នោត Super Tuesday 2(រូបភាពពី BBC)

គួរ​បញ្ជាក់​ថាក្នុង​ការ​​បោះឆ្នោត​បឋមដ៏​សំខាន់​ជាង​ Super Tuesday កាល​ពី​ថ្ងៃ​ទី​១ ខែ​មីនា លោក Trump និង​លោក​ស្រី​ Clinton ក៏​បាន​ទទួល​ការ​គាំ​ទ្រ​ច្រើន​ជាង​គេ​ផងដែរ​ដោយ​ក្នុង​ចំណោម​រដ្ឋ​ចំនួន​១១ពួក​គេឈ្នះ​ក្នុង​រដ្ឋ​ចំនួន​៧​ដូច​គ្នា​។

ដើម្បី​ទទួល​បាន​​បេក្ខភាព​​ប្រធានាធិបតីក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវ​ការ​ប្រតិភូ​ចំនួន​២៣៨៣​ ចំណែក​ក្នុង​គណបក្ស​សាធារណរដ្ឋ​ត្រូវ​ការ​ចំនួន​១២៣៧​ប្រតិភូ​។

មក​ដល់​ពេល​នេះ លោកស្រី Clinton ជា​បេក្ខជន​នាំ​មុខគេ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ដោយ​ទទួល​បាន​១៥៦១​ប្រតិភូ នៅ​ខ្វះ​៨២២​ប្រតិភូ តាម​ពី​ក្រោយ​ដោយ​លោក Bernie Sanders ដែល​បច្ចុប្បន្ន​មាន​៨០០​ប្រតិភូ នៅ​ខ្វះ​១៥៨៣​។ ចំណែក​ក្នុង​គណបក្ស​សាធារណរដ្ឋ​សេដ្ឋី​អចលនទ្រព្យ​លោក Trump នាំ​មុខ​គេ​ដោយ​ទទួល​បាន​៦២១​ប្រតិភូ នៅ​ខ្វះ​៦១៦​​ តាម​ពី​ក្រោយ​ដោយ​លោក​ Cruz ដែល​ទទួល​បាន​៣៩៦​ប្រតិភូ នៅ​ខ្វះ​៨៤១​។

អាមេរិកនឹងបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅថ្ងៃទី៨ ខែវិច្ឆិកា ដែលជាការជ្រើសរើសតំណែងប្រធានាធិបតីលើក​ទី៤៥ជំនួសលោក ប៉ារ៉ាក់ អូបាម៉ា ដែលនឹង​ចូលនិវត្តន៍៕

ប្រភពៈ VOD