រដ្ឋាភិបាល​​ទុកពេល​៤ខែ​សម្រាប់​ផ្ទេរ​សិទ្ធិ​យានយន្តដែល​រក​ម្ចាស់​ដើមមិនឃើញ

ក្រសួង​សាធារណការ​ប្រកាសទុក​ពេល៤ខែ​ដល់​សាធារណជន​ដែល​មាន​បំណង​ធ្វើ​ជា​ម្ចាស់យានយន្ត​ដែល​​ខ្លួន​បាន​ទិញ​បន្ត ដោយ​ថា​ក្នុង​ករណី​រក​ម្ចាស់​ដើមមិនឃើញក៏​អាចធ្វើការ​ផ្ទេរ​សិទ្ធិ​បាន។

នៅ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី១១​មីនា ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូនបាន​ប្រកាស​ដល់​សាធាណជនដែល​មាន​បំណង​ក្នុង​ការ​ធ្វើ​ជាម្ចាស់​កម្មសិទ្ធិ​ទៅ​លើយានយន្ត​របស់​ខ្លួនដែល​បាន​ទិញ​បន្ត​ហើយ​រក​ម្ចាស់​ដើមមិន​ឃើញ ឲ្យ​មក​ដាក់​ពាក្យ​សុំផ្ទេរ​ម្ចាស់​កម្មសិទ្ធិ​នៅ​អគ្គនាយដ្ឋាន​ដឹក​ជញ្ជូនឬ​មន្ទីរ​សាធារ​ណការខេត្ត​ រាជធានី ដោយត្រូវ​បំពេញ​បែប​បទនិង​សំណុំ​ឯកសារមួយ​ចំនួន​។  ក្រសួង​បន្ត​ថារាល់សំណុំបែបបទ​និង​ឯក​សារទាំង​នោះរួម​មានប័ណ្ណសម្គាល់យានយន្ត ពាក្យសុំផ្ទេរសិទ្ធិយានយន្តដោយ​មាន​​ផ្តិត​មេដៃ អត្តសញ្ញាណ​ប័ណ្ណជាតិខ្មែរច្បាប់​ដើ​មឬ​ចម្លង​ដោយ​មាន​ការ​បញ្ជាក់​ពី​សមត្ថកិច្ច បង្កាន់​ដៃ​ពន្ធប្រថាប់​ត្រា រួម​ទាំង​កិច្ច​សន្យាធានាដែល​ធ្វើ​ឡើងនៅ​ចំពោះ​មុខសមត្ថកិច្ចផ្ទេរកម្មសិទ្ធិ។

ក្រសួង​បាន​បញ្ជាក់​ថា​ចំពោះករណី​យានយន្តត្រូវបាន​ផ្ទេរកម្មសិទ្ធិឆ្លងរាជធានីខេត្ត ត្រូវ​ភ្ជាប់​នូវឯកសារថតចម្លងនៃ​បង្កាន់​ដៃបង់​ពន្ធនិងពាក្យសុំចុះ​បញ្ជី​យានយន្តដែល​មាន​បញ្ជាក់​ភាពត្រឹមត្រូវ​ពី​មន្ទីរ​សាធារណការ​ រាជធានី ខេត្តឬ​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន ដោយ​ផ្ទៀង​ផ្ទាត់​ជាមួយ​ទិន្នន័យចុះ​បញ្ជី​យានយន្ត។

អ្នក​នាំ​ពាក្យ​ក្រសួង​សាធារណការ លោក វ៉ា សុរិយា បាន​ឲ្យ​វីអូ​ឌី​ដឹង​ថាការកំណត់​រយៈពេលនេះគឺ​ចង់​ទុក​ពេល​ឲ្យ​សាធារណជនណាដែល​មាន​បំណង​ធ្វើ​ជា​​កម្មសិទ្ធិ​ទៅ​ដោយ​មិន​ចាំ​បាច់​មានម្ចាស់​យានយន្តផ្ទាល់​​ ដើម្បី​សម្រួល​ដល់​ការគ្រប់​គ្រង​យានយន្តផ្ទាល់ដែលជា​កាតព្វកិច្ច​របស់​ប្រជាពល​រដ្ឋនិង​ការ​បង់​ពន្ធ​ជូន​រដ្ឋ​។ លោក​បន្តថាក្រោយពី៤ខែ​នៃ​ការ​កំណត់នេះ​គឺ​ក្រសួង​លែង​ធ្វើ​ការផ្ទេរសិទ្ធិជូន​សម្រាប់​យាន្ត​ដែល​រក​​ម្ចាស់​ដើមមិនឃើញហើយករណី​នេះ​ត្រូវ​តែ​រក​ម្ចាស់​ដើម​ឲ្យ​ឃើញ​ទើប​ក្រសួង​ធ្វើ​ការ​ផ្ទេរ​ជូន។

លោក​បាន​បញ្ជាក់​ថា​ការ​អនុញ្ញាត​ឲ្យ​មិន​បាច់​ផ្ទេរ​កម្មសិទ្ធិ​ពីមុន​គ្រាន់​តែ​ជា​ការផ្អាក​ក្នុង​ការ​ចាប់​បណ្តោះ​អា​សន្ន​នោះទេ។​ លោក​បន្ថែម​ថា៖ មិនបាច់​(មាន​ការ​ផ្ទេរ​សិទ្ធិ)មិនមែន​ទេ! មិន​បាច់​គ្រាន់​តែ​ជាបណ្តោះ​អាសន្ន គ្រាន់​តែ​ផ្អាក​​មិន​ឲ្យ​ប៉ូលិស​ផាករយៈពេល​ប៉ន្នាន​អញ្ជឹង​ ក្នុង​បីបួនខែ​ទៅមុខទៀត។ ឧទាហណ៍យើង​អនុ​គ្រោះ​ពេល​​៤ខែ ស៊ីសង​ទៅ​លើ​គណៈកម្មការ​សុវត្ថភាពចរាចរណ៍ អញ្ចឹងក្រោយ​៤ខែ​ហ្នឹង​អ្នក​ក៏អាច​ប្រើ​បាន​ដែរ​ឲ្យ​តែ​អ្នក​មាន​កាតគ្រីច្បាស់​លាស់​ចឹង …. តែដល់​ពេល​មួយ​វាមាន​អ្នក​បើក​បរ​ខ្លះ​ខិលខូចយក​ឡាន​ទៅប្រើវា​នាំ​ឲ្យ​គ្រោះ​ថ្នាក់​ដល់ម្ចាស់​ដើម​គេនោះ​ដែល​អត់​ខុស​នោះ​បាទ!”។​

​លោក​ក៏បាន​ស្នើ​ទៅ​កាន់​ម្ចាស់​យាន​យន្ត​ទាំង​អស់​ដែល​ជា​ម្ចាស់​ដើមនៅ​ពេល​ដែល​លក់​រថយន្ត ម៉ូតូឬ​យាន​​យន្ត​ ត្រូវ​ធ្វើ​ការ​កាត់​ឈ្មោះ​ទៅ​ឲ្យ​អ្នក​ទិញ​ឲ្យ​ហើយ​ជៀស​វាង​បញ្ហាដែល​កើត​មាន​នៅថ្ងៃ​មុខ៕

ប្រភពៈ VOD