ក្រ​សួង​យុត្តិធម៌កោះប្រជុំមន្រ្តី​តុលាការ​ពីការឃុំខ្លួន​អ្នកមាន​ទំនាស់​ដីធ្លី​ បន្ទាប់ពីនាយករដ្ឋមន្រ្តីណែនាំ

ដ្ឋមន្ត្រីក្រ​សួង​យុត្តិធម៌បាន​កោះ​ហៅ​ប្រ​ធាន​សាលាដំបូងនិង​ព្រះរាជអាជ្ញានៃ​អយ្យការអមសាលាដំបូង​រាជធានី ​ខេត្តទាំងអស់​ចូល​រួម​ប្រ​ជុំពីគោលការណ៍ឃុំខ្លួន​បណ្តោះ​អាសន្នក្នុងសំណុំ​រឿង​ទំនាស់​ដីធ្លី តាម​ការ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី។

ក្នុង​លិខិតអញ្ជើញ​មួយ​ចុះ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០១៦ រដ្ឋមន្ត្រី​ក្រ​សួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា បាន​អញ្ជើញ​មន្ត្រី​តុលាការទាំងនោះឲ្យ​ចូល​រួម​ប្រ​ជុំ​នៅ​ថ្ងៃទី១៨ ខែ​មីនា ឆ្នាំ​២០១៦ នៅ​ទី​ស្តីការ​ក្រ​សួង។ ក្នុង​លិខិត​អញ្ជើញដដែល លោក​រដ្ឋមន្ត្រីណែនាំ​ឲ្យ​មនន្ត្រីតុលាការដែលត្រូវ​ចូល​រួមកិច្ចប្រ​ជុំ​ធ្វើការ​ប្រមូល និង​រាយការណ៍ដល់អង្គប្រជុំពីទិន្នន័យស្តីពីការ​ឃុំ​ខ្លួន​បណ្តោះ​អាសន្នក្នុង​សំណុំ​រឿង​ទំនាស់​ដីធ្លី។

ក្រ​សួង​យុត្តិធម៌កោះប្រជុំមន្រ្តី​តុលាការ​ពីការឃុំខ្លួន​អ្នកមាន​ទំនាស់​ដីធ្លី​ បន្ទាប់ពីនាយករដ្ឋមន្រ្តីណែនាំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា

គួររំឭកថាការ​កោះហៅ​នេះ​ធ្វើឡើង​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃចន្ទ បាន​សរសេរលើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក ដោយ​សម្តែងការខកចិត្តចំពោះ​តុលាការខេត្ត​កំពង់​ស្ពឺ​ដែលបាន​ឃុំ​ខ្លួន​តំណាង​ប្រ​ជាពល​រដ្ឋមាន​ទំនាស់​ដីធ្លីជាស្រ្តី​ពីរនាក់។ លោក​បាន​បញ្ជូន​កូន​ប្រុស​របស់​លោកពីរនាក់ គឺ​លោក​ហ៊ុន ម៉ានិត និង​លោក ហ៊ុន ម៉ានី ដែល​ជា​តំណាង​រាស្រ្ត​មណ្ឌលកំពង់ស្ពឺផងនោះ ទៅ​ធានា​អ្នកទាំងពីរ​នោះ​ឲ្យបាននៅក្រៅឃុំបណ្តោះអាសន្ន។ លោក​បាន​បញ្ជា​ឲ្យ​ក្រសួងយុត្តិធម៌ត្រួតពិនិត្យ​លើ​ករណីនេះ។​

ពលរដ្ឋ​ទាំងពីរនាក់​នោះ​​​ត្រូវបានឲ្យនៅក្រៅឃុំភ្លាមៗ បន្ទាប់ពីការអន្តរាគមន៍​របស់នាយករដ្ឋមន្រ្តី។​ អ្នក​ទាំងពីរត្រូវ​រងការ​​​ចោទប្រ​កាន់​ថាបានរំលោភ​លើ​សេចក្ដី​សម្រេច​របស់​តុលាការ​ដែលហាម​ឃាត់​មិនឲ្យ​ពួកគាត់ទៅ​ពាក់ព័ន្ធនឹង​ដី​ទំនាស់ ដែល​ភាគី​ម្ខាង​ទៀត​បាន​ប្ដឹង​ពួកកាត់​ទៅ​តុលាការ​កាល​ពី​ឆ្នាំ​២០១៥៕

ប្រភពៈ VOD