ចាប់​ពី​ខែ​មេសា រថយន្ត​នឹង​ចាប់ផ្ដើម​ឡើង​ថ្លៃ

រថយន្ត​នឹង​ចាប់ផ្តើម​ឡើង​ថ្លៃ​ចាប់​ពី​ខែ​មេសា​ នេះ​បើ​តាម​ក្រុមហ៊ុន​នាំ​ចូល ស្រប​ពេល​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​បង្កើន​ពន្ធ​នាំ​ចូល​រថយន្ត​គ្រប់​ប្រភេទ។

លោក លី ប៊ុនហៃ នាយក​ចាត់ការ​ទូទៅ​របស់​ក្រុមហ៊ុន​តូយ៉ូតា​បាន​ឲ្យ​ដឹង​ថា ដោយសារ​មាន​ការ​តម្លើង​ពន្ធ​នាំ​ចូល​រថយន្ត​ដោយ​រដ្ឋាភិបាល ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​តម្លើង​ថ្លៃ​លើ​ការ​លក់​រថយន្ត​តូយ៉ូតា​គ្រប់​ប្រភេទ​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់​ពី​ខែ​មេសា​ខាង​មុខ​នេះ។

លោក​ថា ការ​តម្លើង​ថ្លៃ​នេះ​អាច​ផល​ប៉ះពាល់​ទីផ្សារ​ប្រើប្រាស់​រថយន្ត​របស់​ពលរដ្ឋ​មួយ​ចំនួន ប៉ុន្តែ​អាច​រយៈ​ពេល​ខ្លីដោយសារ​ពលរដ្ឋ​នៅ​តែ​ត្រូវការ​ទិញ​រថយន្ត​ជា​ចាំបាច់​ដើម្បី​សម្រួល​ការ​រស់នៅ​ប្រចាំ​ថ្ងៃ។

ដូច​គ្នា​នេះ​ដែរ អ្នកនាង ជិន លក្ខិណា ប្រធាន​ផ្នែក​លក់​របស់​ក្រុមហ៊ុន Premium Auto ដែល​នាំ​ចូល​រថយន្ត BMW ក៏​បង្ហាញ​ការ​ព្រួយ​បារម្ភ។ យ៉ាង​ណា អ្នក​នាង​ថា​ការ​ឡើង​ថ្លៃ​នេះ​នឹង​ប៉ះពាល់​ទីផ្សារ​រួម មិន​ត្រឹម​តែ​ក្រុមហ៊ុន​រថយន្ត BMW នោះ​ទេ។

រដ្ឋាភិបាល​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ ជាពិសេស​ផ្នែក​រថយន្ត​និង​គ្រឿង​បន្លាស់​។ ការ​ដំឡើង​ពន្ធ​លើ​រថយន្ត​និង​គ្រឿង​បន្លាស់​រថយន្ត ធ្វើ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ​ថា​នឹង​ប៉ះពាល់​​ទីផ្សារ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​នាំ​ចូល​​ នៅ​ពេល​ពលរដ្ឋ​​ត្រូវ​ចំណាយ​កាន់​តែ​ខ្ពស់​សម្រាប់​ការ​ទិញ​រថយន្ត​ប្រើប្រាស់។

លោក ឃុន ចាន់ថា នាយកគ្រប់គ្រង​ទូទៅ​​ផ្នែក​លក់​និង​ទីផ្សារ​នៃ​​ក្រុមហ៊ុន Star Auto ដែល​នាំ​យីហោ​រថយន្ត Mercedes​ ថ្លែង​ថា ការ​ដំឡើង​ពន្ធ​រថយន្ត ជា​វិធានការ​មួយ​របស់​រដ្ឋាភិបាល​ដើម្បី​បង្កើន​ចំណូល​បន្ថែម។ ការ​ដំឡើង​ថ្លៃ​នេះ​នឹង​ប៉ះ​ពាល់​ដល់គ្រប់​​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​ ហើយ​អតិថិជន​ជា​អ្នក​រងគ្រោះ​ចុងក្រោយ។

ទោះ​បី​មាន​ការ​កើន​ឡើង​តម្លៃ​ អ្នក​គ្រប់គ្រង​រូប​នេះ​រំពឹង​ថា​នឹង​អាច​រក្សា​​កំណើន​ការ​លក់​រថយន្ត Mercedes ដោយសារ​អ្នក​​ប្រើប្រាស់​រថយន្ត Mercedes ជា​អតិថិជន​ដែល​មាន​ចំណូល​ខ្ពស់៕

ប្រភព៖ news.sabay

  • ចាប់​ពី​ខែ​មេសា រថយន្ត​នឹង​ចាប់ផ្ដើម​ឡើង​ថ្លៃ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/03/16  Category:ជីវិតនិងសង្គម
Tags: